ដោយៈមុនីរ័ត្ន/ភ្នំពេញ: គ.ជ.ប បានឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២២ នៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជួបសវនាការជាមួយ​ប្រតិភូ​សភានិយាយភាសាបារាំង ដឹកនាំដោយលោក Christophe André-FRASSA សមាជិកព្រឹទ្ធសភាបារាំង (APF) និងជាប្រធានគណៈ​កម្មការ​នយោបាយនៃសភានិយាយភាសាបារាំង។ បន្ទាប់មក APF បានដើរតួនាទី​ជាអ្នកជួយសម្របសម្រួលការងារជាមួយ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ដើម្បី គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យមើលលទ្ធភាពចូល​ជា​សមាជិកនៃ RECEF។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

គ.ជ.ប បន្តថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣លោក Thanor Thiendella Sidy Fall  ប្រធាន RECEF និងជាអគ្គនាយករៀបចំការ​បោះឆ្នោតនៃប្រទេសសេណេហ្គាល់ និងលោកស្រី Catherine Lagacé អគ្គលេខាធិការ RECEF និងជាអគ្គលេខាធិការរៀបចំការបោះឆ្នោត Quebec បានផ្ញើលិខិតអញ្ជើញរួមគ្នាទៅកាន់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីអញ្ជើញចូលរូមក្នុងសិក្ខាសាលាអន្តរជាតិ​ស្តីពី“បែបបទនៃ​ការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុក​ចិត្ត” និងមហាសន្និបាតប្រចាំឆ្នាំ RECEF នៅទីក្រុងប៉ារីស សាធារណរដ្ឋ​បារាំង។ RECEF ក៏បានអញ្ជើញ គ.ជ.ប ឱ្យចូលរួមជាសមាជិកសកម្មនៃ​បណ្តាញនេះផងដែរ។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចាត់តាំងតំណាង ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន ចូលរួម​ក្នុងព្រឹត្តិការណ៍នេះ។
នៅថ្ងៃចេញដំណើរ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២:៣០នាទីរសៀលលោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប នឹងផ្តល់​ព័ត៌មានលម្អិត ដូចនេះ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមតាមការគួរ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកវីអាយភី)៕សរន / N