ដោយៈម៉េងឆៃ/ភ្នំពេញ៖កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានសម្រេច​បដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្ស​ភ្លើងទៀន ដែលមាន ២៥ (ម្ភៃប្រាំ) មណ្ឌលរាជធានី ខេត្ត។

មូលហេតុនៃការបដិសេធ ត្រូវបានគ.ជ.ប បញ្ជាក់ថា ដោយសារគណបក្សភ្លើងទៀន មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះ​ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយ ឱ្យបានត្រឹមត្រូវ ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ ច្បាប់ស្តីពីការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។

សូមជម្រាបថា គណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប កាលពីថ្ងៃទី៧ ខែឧសភាកន្លង។ ក្រោយទទួលយកពាក្យស្នើសុំនេះ គ.ជ.ប បានចេញលិខិត តម្រូវឱ្យបក្សភ្លើងទៀន កែសម្រួលបញ្ជីបេក្ខជន និងបំពេញបន្ថែមឯកសារមួយ​ចំនួន។ ក្នុងនោះ រួមមាន ការដកឈ្មោះលោករ៉ុងឈុន ចេញពីបញ្ជីបេក្ខជនឈរឈ្មោះ នៅមណ្ឌលខេត្តកណ្តាល ដោយសារតែលោក រ៉ុង ឈុន នៅជាប់រឿងក្តីនៅតុលាការ។ គណបក្សភ្លើងទៀន ត្រូវភ្ជាប់មកជាមួយនឹងសេចក្តីចម្លងពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ ការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងឯកសារ ១ទៀត គឺបង្កាន់ដៃបញ្ជាក់ពីការតម្កល់ប្រាក់ ១៥លានរៀលនៅរតនាគារជាតិ ដែលច្បាប់បោះឆ្នោតបានតម្រូវ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ គណបក្សភ្លើងទៀន បានដាក់ឯកសារបំពេញបន្ថែមទាំងនោះ ជូនគ.ជ.ប។ គ.ជ.ប ក៏បាន​លើកយកមកប្រជុំសម្រេច នាថ្ងៃទី១៥ ខែឧសភា។

បន្ទាប់ពីគ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន គឺនៅយប់ថ្ងៃទី១៥ ខែឧសភា គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ដោយលើក​ឡើងនូវឯកសារបញ្ជាក់ចំនួនបីរបស់ខ្លួន ចេញពីក្រសួងមហាផ្ទៃ ដាក់ភ្ជាប់ទៅកាន់គ.ជ.ប រួមមាន៖ ១.ប្រកាសលេខ ១៩៣ ប្រក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ( ច្បាប់ថតចម្លង )។ ២.លិខិតលេខ ២០២៤ សជណ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃស្តីពីការប្តូរឈ្មោះគណបក្សសមរង្ស៊ី មកគណបក្ស ភ្លើងទៀន ( មានបញ្ជាក់នីត្យានុកូលកម្ម )។ ៣.លិខិតលេខ ០៤៣ ប ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការបញ្ជាក់ថា គណបក្ស ភ្លើងទៀន បានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្តីពី គណបក្សនយោបាយ ( មានបញ្ជាក់នីត្យានុកូលកម្ម )។

គណបក្សភ្លើងទៀន លើកឡើងក្នុងសេចក្តីថ្លែងការណ៍ដដែលថា ឯកសារទាំងបីខាងលើនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីភាពស្របច្បាប់ នៃការចុះបញ្ជីគណបក្សភ្លើងទៀន ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលក្រសួងមហាផ្ទៃ បានទទួលស្គាល់ ស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ។ ក្នុងនោះ ការអនុវត្តការងាររៀបចំការបោះឆ្នោត នាពេលកន្លងមក ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ គឺគ.ជ.ប បានទទួលស្គាល់ការចូលរួមរបស់គណបក្សភ្លើងទៀន រួមទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុក ដែលទើបបំបែក និងបង្កើតថ្មី ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ថ្មីៗ កន្លងមកនេះ។

ចំពោះការសម្រេចបដិសេធរបស់គ.ជ.ប មិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបានគណបក្សភ្លើងទៀន ប្រកាសថា នឹងរៀបចំសំណុំឯកសារដាក់ពាក្យបណ្តឹងតវ៉ា ចំពោះសេចក្តី​សម្រេចរបស់គ.ជ.ប ទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយគណបក្សប្រឆាំងនេះ មានជំនឿយ៉ាងមុតមាំថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងចេញសេចក្តី​សម្រេចយល់ព្រមឱ្យគណបក្សភ្លើងទៀន ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ​ឈ្មោះសម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជាផ្លូវការ។

ឆ្លើយតបនឹងការលើកឡើងរបស់គណបក្សភ្លើងទៀន រួមទាំងការរិះគន់ពីការបំបិទសំឡេងបក្សប្រឆាំងនេះ ត្រូវបានអ្នកនាំពាក្យគ.ជ.ប ឆ្លើយតបថា គ.ជ.ប អនុវត្ត ដោយផ្អែកទៅលើផ្លូវច្បាប់និងប្រក្រតិទិនកំណត់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា គណបក្សភ្លើងទៀន បានពេល ៥ថ្ងៃ ក្រោយការសម្រេចរបស់គជប រាប់ចាប់ពីថ្ងៃទី១៥ ខែឧសភា ដើម្បីប្តឹងតវ៉ា ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នចុងក្រោយ ក្នុងការដោះស្រាយបណ្តឹងនានា ពាក់ព័ន្ធនឹងការបោះឆ្នោត។

តាមគ.ជ.ប ថាខ្លួនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមច្បាប់ និងប្រក្រតិទិនកំណត់ប៉ុណ្ណោះ។ ប៉ុន្តែគណបក្សភ្លើងទៀនទៅវិញទេ ដែលមិន​ព្រម​ធ្វើអ្វី ទៅតាមការកំណត់របស់គ.ជ.ប ព្រោះស្ថាប័នបោះឆ្នោតនេះ បានទុកពេលឲ្យ ៥ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ពាក្យ ថ្ងៃទី៧ខែឧសភា ដើម្បីឱ្យបំពេញលក្ខខណ្ឌខ្វះខាត។ តែបក្សមួយនេះ ធ្វើមិនបាន។

ក្នុងដំណើរការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបានគ.ជ.ប អនុវត្តចាប់ពីថ្ងៃ២៤មេសា ដល់ថ្ងៃ​ទី៨ឧសភា ឆ្នាំ២០២៣។ ក្នុងរយៈពេល ១៥ថ្ងៃនៃការចុះឈ្មោះនេះ មានគណបក្សផ្សេងទៀត គឺ ១៩គណបក្សទៀត បានអនុវត្ត ហើយក៏បានចុះឈ្មោះគណបក្ស និងបេក្ខជនឈរឈ្មោះ រួចរាល់។ ក្នុងនោះ ក៏មាន ៥គណបក្ស ត្រូវបានគ.ជ.ប ប្រាប់ឱ្យបំពេញបន្ថែម ចំណុចខ្វះខាត រួមទាំងណបក្សភ្លើងទៀន ផងដែរ។

តាមគ.ជ.ប ស្ថាប័នរៀបចំការបោះឆ្នោតជាតិនេះ បានផ្តល់ពេលវេលាប្រាំថ្ងៃហើយ ដល់គណបក្សភ្លើងទៀន តែភ្លើងទៀន មិនបាន​បំពេញ​ទៅតាមលក្ខខណ្ឌ ឬក៏មិនបានបំពេញទៅតាមគោលការណ៍នៃការចុះបញ្ជីគណបក្ស និងដាក់បេក្ខជនឈរឈ្មោះនោះទេ។ ដូច្នេះ គ.ជ.ប មានតួនាទី ក្នុងការបដិសេធ។ ការបដិសេធនេះ ក៏បដិសេធ ទៅតាមច្បាប់ ហើយគ.ជ.ប ក៏មានការប្រជុំល្អិតល្អន់ ក្នុងការសម្រេច​លើរឿង​មួយនេះផងដែរ។

ដូច្នេះសរុបមក គណបក្សភ្លើងទៀន មានឱកាស ៥ថ្ងៃទៀត ដើម្បីរៀបចំឯកសារ ដាក់ពាក្យប្តឹងតវ៉ានឹងការសម្រេចរបស់គ.ជ.ប ដោយប្តឹង​ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។ ការសម្រេចយ៉ាងណានោះ អាស្រ័យលើស្ថាប័នធម្មនុញ្ញ ថាតើបក្សភ្លើងទៀន អាចចូលរួមប្រកួតប្រជែងការ​បោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បាន ឬទេ?

ប៉ុន្តែយ៉ាងណាក៏ដោយ បើសិនជាការបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មិនមានគណបក្សភ្លើងទៀន ចូលរួមទេ ក៏ការ​បោះឆ្នោតសកលនេះ មានគណបក្សនយោបាយដល់ទៅ ១៩គណបក្ស ត្រូវបានគ.ជ.ប អនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងដែរ។

ក្នុងនោះ អំឡុងពេលបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ គឺមិនមានវត្តមានរបស់បក្សប្រឆាំង ឬក៏គណបក្សភ្លើងទៀន ចូលរួមដែរ។ តែមានគណបក្សនយោបាយដល់ទៅ ២០គណបក្ស បានចុះឈ្មោះ ដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ លទ្ធផលបោះឆ្នោត កាលណោះ គឺគណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈទាំងអស់នៅរដ្ឋសភា គឺទាំង ១២៥អាសនៈ។ ក្នុងពេល ៥ឆ្នាំមកនេះ ប្រជាធិបតេយ្យ និងដំណើរការប្រទេសជាតិយើងក៏បានដើរមកដល់ពេលនេះ ដោយមិនមានបញ្ហាអ្វីនោះទេ។

ផ្ទុយទៅវិញក្នុងរយៈពេលនេះសមិទ្ធផលធំៗជាច្រើនត្រូវបានបង្កើតឡើង ។ ក្នុងនោះ ៖ ការរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព
នយោបាយ សេដ្ឋកិច្ច សង្គម។ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសាងនូវសមិទ្ធផលដ៏ធំមួយគឺការ
ជម្នះទប់ស្កាត់បានដោយជោគជ័យលើការគ្រប់គ្រងជំងឺដ៏កាចសាហាវគឺ ជំងឺកូវីដ១៩តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង។ដោយសារ​នយោបាយឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាលើសមរភូមិទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នេះហើយ ដែលជាឱកាស
ផ្តល់ឱ្យសេដ្ឋកិច្ច សង្គម កម្ពុជារស់រវ៉ើកឡើងវិញយ៉ាងកំហុក ជាក់ស្ដែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ។សមិទ្ធផល
ជាប្រវត្តិសាស្រ្តមួយទៀត ចាប់ពីថ្ងៃទី៥ខែឧសភាកន្លងទៅនេះកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឬ
ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉សាហ្គេម បន្ទាប់ពីបានរង់ចាំចំនួន៦៤ឆ្នាំមកហើយ។តាមរយៈព្រឹត្តិការណ៍នេះបានលើកកម្ពស់កិត្យានុ
ភាពព្រះរាជាណាចក្រកម្ពុជាទៅលើពិភពលោក និងក្នុងតំបន់។ “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ” បានសាងនូវភាពភ្ញាក់ផ្អើលដ៏ធំ
មួយដែលពុំធ្លាប់មានក្នុងប្រវត្តិស៊ីហ្គេម គឺទី១.ការអនុញ្ញាតឱ្យប្រជាជនកម្ពុជានិងបរទេសអាចចូលទស្សនាការប្រកួតកីឡានានាក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមដោយពុំចាំបាច់ទិញសំបុត្រ ,ទី២.អនុញ្ញាតឱ្យមានការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍ស៊ីហ្គេមទាំងក្នុងស្រុកនិងបរទេសដោយពុំតម្រូវឱ្យបង់ប្រាក់និងទី៣.រដ្ឋាភិបាលទទួលបន្ទុកចំណាយទាំងស្រុងលើការហូបចុក ស្នាក់នៅ ធ្វើដំណើរលើប្រតិភូកីឡាករ កីឡាការិនីបរទេសទាំងអស់ដែលមកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ទន្ទឹមនេះចំណុចសំខាន់បំផុតមួយទៀតនោះគឺការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានទៀងទាត់តាមពេលវេលា។នេះហើយគឺ
ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយពិតប្រាកដ។

ដូច្នេះមើលទៅក្នុងការបោះឆ្នោតនាខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ប្រហែលជាមិនខុសពីលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៨ ប៉ុន្មាននោះទេ។ នោះគឺគណបក្សប្រជាជនកម្ពុជានឹងបន្តទទួលបាននូវការគាំទ្រថែមទៀតពីម្ចាស់ឆ្នោត៕សរន