ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមអាកាសនិងការបាញ់កាំភ្លើងធំដាក់គ្នាបានផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងរដ្ឋធានីនៃប្រទេសស៊ូដង់នៅព្រឹកថ្ងៃអង្គារនេះ ខណៈកងទ័ពព្យាយាមការពារមូលដ្ឋានសំខាន់ៗពីកងជីវពល ដែលខ្លួនបានប្រយុទ្ធជាមួយអស់ជាងមួយខែ។
សាក្សីបាននិយាយថា ការវាយប្រហារតាមអាកាស ការផ្ទុះគ្រាប់ផ្លោង និងការប៉ះទង្គិចគ្នាអាចស្តាប់ឮនៅភាគខាងត្បូងនៃទីក្រុងកាទុំហើយមានការបាញ់ផ្លោងជ្រំឥតឈប់ឈរឆ្លងកាត់ទន្លេនីលនៅក្នុងផ្នែកខ្លះនៃទីក្រុងពីរក្បែរខាងគ្នា គឺ បារី (Bahri)និងអោមឌួម៉ាន (Omdurman)។
ការប្រយុទ្ធគ្នារវាងកងទ័ពនិងកងកម្លាំងគាំទ្ររហ័ស (RSF) បានបង្កឱ្យមានភាពចលាចលនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសស៊ូដង់ផងដែរ ជាពិសេសនៅតំបន់ដាហ្វួភាគខាងលិចប៉ុន្តែចំណុចផ្ទុះធំគឺកណ្តាលរដ្ឋធានីកាទុំ។
ការប្រយុទ្ធបានបង្កឱ្យមានវិបត្តិមនុស្សធម៌ ដែលគំរាមបង្កអស្ថិរភាពក្នុងតំបន់ ដោយមនុស្សជាង ៧០០.០០០ នាក់បានជម្លៀសខ្លួនក្នុងប្រទេសស៊ូដង់ និងបង្ខំឱ្យមនុស្សប្រហែល ២០០.០០០ នាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង។
អ្នកស្រុកឈ្មោះ អៃម៉ាន់ ហាស់សាន់ (Ayman Hassan) អាយុ ៣២ ឆ្នាំបាននិយាយថា “ស្ថានភាពគឺមិនអាចទ្រាំទ្រទៀតបានទេ។ យើងបានចាកចេញពីផ្ទះរបស់យើងទៅផ្ទះអ្នកជិតខាងនៅទីក្រុងកាទុំដើម្បីរត់គេចពីសង្គ្រាម ប៉ុន្តែគ្រាប់ផ្លោងដេញតាមពួកយើងគ្រប់ទីកន្លែងដែលយើងទៅ។ យើងមិនដឹងថាពលរដ្ឋបានប្រព្រឹត្តខុសអ្វីទេទើបមានសង្គ្រាមនៅកណ្តាលផ្ទះបែបនេះ”៕
ការវាយប្រហារតាមអាកាសនិងការបាញ់កាំភ្លើងធំដាក់គ្នាបានផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងរដ្ឋធានីនៃប្រទេសស៊ូដង់នៅព្រឹកថ្ងៃអង្គារនេះ