ដោយ៖ ដេប៉ូ / កោះកុង៖ យ៉ាងហោចណាស់ មានម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាន ចំនួន៨ នៅទីរួមខេត្តកោះកុង បានប្តេជ្ញាចិត្ត ក៏ដូចជា បានប្រកាសពីជំហររបស់ខ្លួនថា មិនលក់មុខម្ហូប ពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវ ជាដាច់ខាត ការធ្វើដូច្នេះ ដើម្បីចូលរួមលុបបំបាត់អន្ទាក់ ទប់ស្កាត់ការជួញដូរសត្វព្រៃ ខុសច្បាប់ នៅកម្ពុជា។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់ សូន្យ បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការអន្ទាក់សូន្យ ដែលធ្វើឡើងនៅមន្ទីរបរិស្ថាន ខេត្តកោះកុង នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថាៈ នាកន្លងមកនេះ តាមរយៈយុទ្ធនាការអន្ទាក់សូន្យ យ៉ាងតិចណាស់ មានម្ចាស់អាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ ចំនួន៨៦ ទីតាំងហើយ ដែលបានប្តេជ្ញាមិនលក់សាច់សត្វព្រៃ នៅក្នុងសេវាកម្មម្ហូបអាហារ របស់ខ្លួន ។
ការបង្ហាញជំហរពីម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋាននេះដែរ ធ្វើឡើង បន្ទាប់ពីការ បើកធ្វើយុទ្ធនាការអន្ទាក់សូន្យ នៅដំណាក់កាលទី១ នាកន្លងមក នៅក្នុងខេត្ត គោលដៅ ជាច្រើនដូចជា៖ ខេត្តរតនគិរី ក្រចេះ មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ និងយុទ្ធនាការអន្ទាក់សូន្យ នៅដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ និងនៅទីរួមខេត្តកោះកុង នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នេះជាដើម។
ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា បានសម្តែងនូវការ អបអរសាទរចំពោះ ម្ចាស់ភោជនីយដ្ឋានទាំងអស់ ដែលបានស្ម័គ្រចិត្តប្រកាស មិនលក់មុខម្ហូបធ្វើពី សាច់សត្វព្រៃ ដោយលោក បានគូសបញ្ជាក់ថាៈ «នេះបង្ហាញពីការចូលរួមប្រកប ដោយគុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុត ព្រោះភោជនីយដ្ឋាន ជាកន្លែងចែកចាយ និងបង្កើតការជួញដូរសត្វព្រៃ យ៉ាងសំខាន់ ហើយបើមានការលក់ដូរមុខម្ហូប ធ្វើពី សាច់សត្វព្រៃ វាជាផ្នែកនៃការលើកទឹកចិត្ត ឱ្យមានការដាក់អន្ទាក់និងបរបាញ់ សត្វព្រៃ»។
ក្នុងន័យទប់ស្កាត់ការដាក់អន្ទាក់សត្វព្រៃ និងក៏ដូចជា ចូលរួមអភិរក្សសត្វព្រៃនេះ ផងដែរ លោក នេត្រ ភក្រ្តា បានធ្វើការថ្លែងដោយអំពាវនាវ ដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានដទៃទៀត ត្រូវចូលរួមក្នុងយុទ្ធនាការនេះ សំដៅធ្វើយ៉ាងណា រួមគ្នា ថែរក្សាសត្វព្រៃនៅកម្ពុជា ឱ្យសម្បូរបែប និងគង់វង្សបន្ថែមទៀត។
លោក រដ្ឋលេខាធិការ បានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ ” ដើម្បីទប់ស្កាត់ ការបរបាញ់សត្វព្រៃ ការជួញដូរសត្វព្រៃ សូមបងប្អូនដែលនិយមពិសាសាច់សត្វព្រៃ បោះបង់ទម្លាប់ហូបសាច់សត្វព្រៃ និងកុំជឿថា សត្វព្រៃជាថ្នាំប៉ូវកម្លាំង ឬជាឱសថ តែផ្ទុយមកវិញ វាអាចបង្កហានីភ័យខ្ពស់ ចំពោះសុខភាពរបស់បងប្អូន ព្រោះសាច់ សត្វព្រៃ គ្មានការពិនិត្យត្រឹមត្រូវ និងបង្កប់ដោយមេរោគសាហាវៗ ដែលអាច សម្លាប់ជីវីតយើង និងបង្កជាមេរោគចម្លងផ្សេៗ ជាច្រើនទៀតផង”៕/V/R