​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ចំនួន​អ្នក​ស្លាប់​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​រងគ្រោះ​ដោយ​ព្យុះ​ស៊ីក្លូន​ម៉ូ​កា បាន​កើនឡើង​ដល់​យ៉ាងហោចណាស់ ៨១ នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​១៦​ឧសភា នេះ​បើ​​យោង​តាម​មេដឹកនាំ​ក្នុងស្រុក មន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ ខណៈ​អ្នកភូមិ​បាន​ព្យាយាម​ផ្គុំ​បំណែក​ផ្ទះសម្បែង និង​រង់ចាំ​ជំនួយ​និង​ការគាំទ្រ​នានា​។​

​ព្យុះ​ម៉ូ​កា (Mocha) បាន​មក​ដល់​ដីគោក​កាលពី​ថ្ងៃអាទិត្យ​ជាមួយនឹង​ល្បឿន​ខ្យល់​បក់​រហូតដល់ ១៩៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​រំលំ​បង្គោល​ភ្លើង និង​វាយ​កម្ទេច​ទូក​នេសាទ​ឈើ​ឱ្យ​បាក់​ជា​បំណែកៗ​។​

​មេដឹកនាំ​ក្នុង​តំបន់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន AFP នៅ​កន្លែង​កើតហេតុ​ថា យ៉ាងហោច​ណាស់​មនុស្ស ៤៦ នាក់​បាន​ស្លាប់​នៅក្នុង​ភូមិ​ប៊ូ​ម៉ា (Bu Ma)​នៃ​រដ្ឋ​រ៉ាក់​ឃីន និង​ភូមិ​ក្បែរ​ខាង ខួង​ដូ​កេកា (Khaung Doke Kar) ជា​កន្លែង​រស់នៅ​របស់​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​។​

​យោងតាម​ទូរទស្សន៍​រដ្ឋ​មី​យ៉ាន់​ម៉ា MRTV មនុស្ស​ចំនួន ១៣ នាក់​បាន​ស្លាប់​នៅពេល​ដែល​វត្ត​មួយ​បាន​ដួលរលំ​នៅ​ក្នុង​ភូមិ​មួយ​ក្នុង​សង្កាត់​រ៉ា​ថេ​ឌុង (Rathedaung) ភាគ​ខាងជើង​នៃ​ទីក្រុង​ស៊ីត​វេ (Sittwe) របស់​រដ្ឋ​រ៉ាក់​ឃីន ហើយ​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅពេល​ដែល​អគារ​មួយ​បាន​រលំ​នៅ​ក្នុងភូមិ​ជិតខាង​។​

​លោក​កា​ឡូ (Karlo) មេភូមិ​ប៊ូ​ម៉ា (Bu Ma) ក្បែរ​ក្រុង​ស៊ីត​វេ បាន​និយាយថា “​នឹង​មាន​អ្នកស្លាប់​ច្រើន​ថែមទៀត ខណៈ​មនុស្ស​ជាង​១០០​នាក់​កំពុង​បាត់​ខ្លួន​”​។​

​នៅក្បែរនោះ អា ប៊ុល ហ៊ូ សុន (Aa Bul Hu Son)​អាយុ ៦៦ ឆ្នាំ​បាន​អធិស្ឋាន​នៅឯ​ផ្នូរ​កូនស្រី​របស់​គាត់ ដែល​សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​គាត់​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​​ព័ត៌មាន AFP​ថា “​ខ្ញុំ​មិន​មាន​សុខភាព​ល្អ​ទេ មុន​ពេល​ព្យុះ​ស៊ី​ក្លូន ដូច្នេះ​យើង​ត្រូវ​ពន្យារ​ពេល​ក្នុង​ការផ្លាស់​ទីលំនៅ​ទៅ​កន្លែង​ផ្សេង​”​។​

“​ខណៈពេល​ដែល​យើង​កំពុង​គិត​អំពី​ការផ្លាស់​ទីលំនៅ ព្យុះ​ស្រាប់តែ​មក​ភ្លាមៗ ហើយ​នាំ​យើង​ទៅ​។​ខ្ញុំ​ទើប​តែ​រក​ឃើញ​សាកសព​នាង​នៅក្នុង​បឹង​ក្នុងភូមិ ហើយ​បញ្ចុះ​នាង​ភ្លាមៗ​។ ខ្ញុំ​មិន​អាច​រក​ពាក្យ​ណា​មួយ​ដើម្បី​បង្ហាញ​ពី​ការបាត់បង់​របស់ខ្ញុំ​ទេ​”​។​

​ម៉ូ​កា​គឺជា​ព្យុះ​ស៊ីក្លូន​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​បាន​វាយលុក​តំបន់​នេះ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ ដោយ​បក់បោក​កម្ទេច​ភូមិ រំលំ​ដើមឈើ និង​ផ្តាច់​ខ្សែ​ទូរស័ព្ទ​នៅ​ទូ​ទាំង​រដ្ឋ​រ៉ាក់​ឃីន​។​

​ចិន​បាន​និយាយថា ខ្លួន​មាន​ឆន្ទៈ​ក្នុង​ការផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​ទំព័រ Facebook របស់​មី​យ៉ាន់​ម៉ា​៕

​ព្យុះ​ម៉ូ​កា​វាយប្រហារ​រដ្ឋ​រ៉ាក់​ឃីន​នៅ​មី​យ៉ាន់​ម៉ា​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃអាទិត្យ​