ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការពារជាតិជប៉ុននិងចិនបានសម្ពោធខ្សែទូរស័ព្ទទំនាក់ទំនងដែលគេទន្ទឹងរង់ចាំជាយូរកាលពីថ្ងៃអង្គារទី១៦ឧសភាជាជំហានមួយក្នុងការកសាងទំនុកចិត្តនិងធ្វើឱ្យទំនាក់ទំនងកាន់តែប្រសើរឡើង នៅពេលដែលជប៉ុននិងប្រទេសជិតខាងផ្សេងទៀតមានការព្រួយបារម្ភអំពីសកម្មភាពយោធាខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ក្រសួងការពារជាតិជប៉ុនបាននិយាយថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada)និងសមភាគីចិនរបស់គាត់គឺលោក លី សាងហ្វ៊ូ (Li Shangfu) បានពិភាក្សាគ្នាប្រហែល ២០ នាទីតាមខ្សែទូរស័ព្ទថ្មីនេះជាលើកដំបូង ចាប់តាំងពីវាត្រូវបានបង្កើតឡើងនៅថ្ងៃទី ៣១ ខែមីនា។
រដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ការចាប់ផ្តើមប្រតិបត្តិការនៃការប្រើប្រាស់បណ្តាញទូរស័ព្ទទាន់ហេតុការណ៍ និងបានបញ្ជាក់ពីសារៈសំខាន់នៃ “យន្តការទំនាក់ទំនងដែនសមុទ្រ និងផ្លូវអាកាស” ដែលរាប់បញ្ចូលទាំងខ្សែទូរស័ព្ទទាន់ហេតុការណ៍ ក្នុងការកសាងទំនុកចិត្តរវាងភាគីទាំងពីរ ខណៈបញ្ចៀសការបង្កហេតុ។
រដ្ឋាភិបាលក្រុងតូក្យូនិងប៉េកាំងកំពុងជាប់ពាក់ព័ន្ធក្នុងជម្លោះជុំវិញកោះតូចៗដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត ដែលគេស្គាល់ថា សិនកាគុ (Senkaku)ក្នុងប្រទេសជប៉ុន និងទាវយូ (Diaoyu) ក្នុងប្រទេសចិន។
ចិនតែងតែបញ្ជូននាវានិងយន្តហោះឆ្មាំសមុទ្រចូលទៅក្នុងដែនទឹកនិងដែនអាកាសជុំវិញកោះនេះ ដើម្បីយាយីនាវាជប៉ុន និងបង្ខំឱ្យយោធាជប៉ុនចេញយន្តហោះប្រដេញជាការឆ្លើយតប។
កងនាវារបស់ទ័ពជើងទឹកចិនក៏តែងតែក្រវែលៗជុំវិញឆ្នេរសមុទ្រជប៉ុនដែរ ជួនកាលនៅក្នុងសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងតូក្យូខឹងសម្បាជាខ្លាំង។
ជប៉ុនមានការព្រួយបារម្ភខ្លាំងអំពីភាពតានតឹងជុំវិញកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ដែលរដ្ឋាភិបាលក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន ហើយបានគំរាមវាយដណ្តើមដោយកម្លាំង ប្រសិនបើចាំបាច់។
ដោយកត់សម្គាល់ពីជម្លោះជុំវិញកោះនេះនិងជម្លោះផ្សេងទៀតរវាងជប៉ុននិងចិន លោកហាម៉ាដាបាននិយាយថា ការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់រវាងពួកគេគឺចាំបាច់ ជាពិសេសនៅពេលដែលទំនាក់ទំនងរបស់ពួកគេមិនល្អ។
រដ្ឋមន្ត្រីទាំងពីរក៏បានធានាដែរថា ខ្សែទូរស័ព្ទទាន់ហេតុការណ៍នេះដំណើរការបានត្រឹមត្រូវ ហើយបានយល់ព្រមបន្តទំនាក់ទំនងរវាងអាជ្ញាធរការពារជាតិរៀងៗខ្លួន។
គំនិតសម្រាប់ការបង្កើតខ្សែទូរស័ព្ទបន្ទាន់នេះត្រូវបានព្រមព្រៀងគ្នាដំបូងក្នុងឆ្នាំ ២០១៨ រវាងនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ និង លី កេឈាំង ជាមធ្យោបាយមួយដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយចៃដន្យរវាងយោធារបស់ពួកគេ៕