ដោយៈសុក្ខារិន / ពោធិសាត់: នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១១ អាណត្តិទី៣ ឆ្នាំទី៤ របស់ខ្លួន ក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
បន្ទាប់ពីបានស្តាប់សមាជិកក្រុមប្រឹក្សាខេត្តលើកឡើងនូវចំណុចខ្វះខាតមួយចំនួន រួចមក លោក ខូយ រីដា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរ មូលដ្ឋាន យកចិត្តទុកដាក់ជំរុញលើការងារកសិកម្ម ពិសេសការងារចិញ្ចឹមសត្វ មាន់ ទា ជ្រូក គោ ក្របី និងការដាំបន្លែគ្រប់ប្រភេទ ដើម្បីជួយគាំទ្រ និងលើកទឹកចិត្តដល់ ប្រជាកសិករ នៅតាមជនបទ ដែលខិតខំដាំ។ ជួយសម្របសម្រួល និងជួយឧបត្ថម្ភ ដល់ការងារផ្សេងៗ របស់មន្ទីរកិច្ចការនារី នៅតាមបណ្ដាក្រុងស្រុក ដើម្បីឲ្យដំណើរការទៅ បានរលូន ។
បញ្ហាអនាម័យបរិស្ថាន លោកសូមឲ្យមន្ទីរបរិស្ថានខេត្ត ដើរតួឲ្យបានខ្លាំង ធ្វើយ៉ាងណាឲ្យនៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ តាមផ្លូវសាធារណៈ និងទីប្រជុំជន ក្រុងស្រុកគ្មានសម្រាម។
លោក ខូយ រីដា បានមានប្រសាសន៍ទៀតថាៈ មួយរយៈនេះ ក្រុមក្មេងទំនើង ករណីគ្រឿងញៀន ករណីចោរលួច ឆក់ បានចាប់ផ្ដើមកម្រើកឡើងវិញហើយ ដូច្នេះ ត្រូវពង្រឹងកម្លាំង ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានរឹងមាំ ដើម្បីសុវត្ថិភាព របស់ប្រជាពលរដ្ឋ ហើយរាល់ការឃុបឃិត គ្នាបើកបារ៉ាស់ឲ្យរថយន្ដធុនធំដឹកថ្ម ដឹកខ្សាច់ ដឹកដី និងដឹកសម្ភារៈធ្ងន់ៗផ្សេងទៀត ធ្វើចរាចរណ៍បណ្ដាលឲ្យខូចផ្លូវកៅស៊ូ ពិសេសនៅស្រុកតាលោសែនជ័យ ត្រូវបញ្ឈប់ជាបន្ទាន់។
ជាមួយគ្នានេះ ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ការកាប់រានដីព្រៃរបស់ រដ្ឋ បទល្មើសនេសាទ ការប្រើឧបករណ៍អូសលៀស ទ្រង់ទ្រាយធំ នៅក្នុងបឹងទន្លេ សាប ជាដើម។
ថ្លែងនៅក្នុងពិធីបិទអង្គប្រជុំ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមផែនការរបស់ថ្នាក់លើប្រគល់ជូន។ ទន្ទឹមនឹងនេះ កងកម្លាំងមានសមត្ថកិច្ច បានខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ បានយ៉ាងល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងដំណើរបេសកកម្មរបស់លោក ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធសមិទ្ធផលនានាក្នុងវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់កាលពីថ្ងៃទី១៣ ខែឧសភា កន្លងមកនេះ ជាដើម ៕ V / N