សព្វថ្ងៃ​កម្ពុ​ជាមាន​ធនាគារ ៥៤ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៧៧ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ៣០២

1166
ចែករម្លែក
  • 1
    Share

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: ធនាគារជាតិ​នៃ​កម្ពុជា បានប្រកាសថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៨​នេះ គ្រឹះស្ថាន​​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា សរុប​មាន​ចំនួន ៤៣៣​។ ក្នុងនោះ ធនាគារ​មាន ៥៤ រួមមាន ធនាគារពាណិជ្ជ ៣៩ ( សាខា​ធនាគារ​បរទេស ១២ ធនាគារ​ក្នុងស្រុក ១២ និង​បុត្ត​សម្ព័ន្ធ​ធនាគារ ១៥ ) និង​ធនាគារ​ឯកទេស ១៥ ( ធនាគារ​រដ្ឋ​១)​។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ មាន ៣៧៩ រួមមាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៧០ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ៣០២​។​

​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៨ របស់​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញថា ក្នុង​ឆមាស​ទី​១ គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៨ ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​កើនឡើង ១៧,៥​ភាគរយ ( ឆ្នាំ​លើ​ឆ្នាំ​) ដល់ ១៤៩ ទ្រី​លាន​រៀល ដែល​គាំទ្រ​ដោយ​កំណើន​មូលនិធិ​កម្ចី ដើមទុន​របស់​គ្រឹះស្ថាន និង​ប្រាក់​បញ្ញើ​របស់​អតិថិជន​។ ក្នុងនោះ មូលនិធិ​កម្ចី បាន​កើនឡើង ២៩​ភាគរយ ដល់ ១៥,៨ ទ្រី​លាន​រៀល ដើមទុន​មាន​កំណើន ២៣,៣​ភាគរយ ដល់ ១៧,៥ ទ្រី​លាន​រៀល ប្រាក់​បញ្ញើ​អតិថិជន បាន​កើនឡើង ២១,៩​ភាគរយ ដល់ ៨៦,៦ ទ្រី​លាន​រៀល និង​ឥណទាន បាន​កើនឡើង ១៨,៨​ភាគរយ ដល់ ៩០,៨ ទ្រី​លាន​រៀល​។ ទន្ទឹមនេះ ចំនួន​គណនី​ប្រាក់​បញ្ញើ បាន​កើន​ឡើងដល់ ៥,៦ លាន​គណនី ហើយ​គណនី​ឥណទាន មាន​ចំនួន ២,៦ លាន​គណនី​។​

​ធនាគារជាតិ បាន​លើកឡើងថា ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការកើនឡើង​នៃ​តម្រូវការ​របស់​អតិថិជន បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ បាន និង​កំពុង​អភិវឌ្ឍ និង​ពង្រីក​បណ្តាញ​សាខា ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​សេវា​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ប្រតិបត្តិការ ពង្រឹង​ភាពរឹងមាំ​នៃ​ដើមទុន និង​សន្ទនីយ​ភាព ពង្រឹង​អភិបាលកិច្ច ធ្វើ​បច្ចុប្បន្ន​កម្ម​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​បណ្តុះបណ្តាល​សមត្ថភាព​ធ​ន​ធាន​មនុស្ស ជាដើម​។ បណ្តាញ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅតែ​បន្ត​ពង្រីក​នៅតាម​តំបន់​នានា ជាពិសេស​តំបន់​ជនបទ ដេ​ល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​យន្តការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​កម្រិតជីវភាព​ប្រជាជន និង​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​ក្នុងការ​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ​។ បច្ចុប្បន្ន គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​សាខា ចំនួន ២.២៦២ កន្លែង និង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​អេ​ធី​អឹម​( ATM) ចំនួន ១៩១០ ម៉ាស៊ីន​។​

​ជាមួយគ្នា​នោះ អំពី​ស្ថានភាព​វិស័យ​ធនាគារ ក្នុង​រយៈពេល ៦ ខែ​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា លើកឡើងថា គ្រឹះស្ថាន​ធនាគារ បន្ត​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ មាន​កំណើន​ប្រមាណ ១៦,២​ភាគរយ (​ឆ្នាំ​លើ​ឆ្នាំ​) ដល់ ១២៥,២ ទ្រី​លាន​រៀល ( ប្រហែល ៣១ ប៊ី​លាន​ដុល្លារ​អាម៉េរិក ) ហើយ​កំណើន​ឥណទាន បាន​កើនឡើង​ប្រមាណ ១៦,៨​ភាគរយ ដល់ ៧០,៦ ទ្រី​លាន​រៀល​។ ដើមទុន មាន​កំណើន​ប្រមាណ ២២,៧​ភាគរយ ដល់ ១៤,៨ ទ្រី​លាន​រៀល កំណើន​មូលនិធិ​កម្ចី​ប្រមាណ ៣៣ភាគរយ ដល់ ៦,៦ ទ្រី​លាន​រៀល និង​កំណើន​ប្រាក់​បញ្ញើ​ប្រមាណ ២១,៥​ភាគរយ ដល់ ៧៧,៤ ទ្រី​លាន​រៀល​។

​របាយការណ៍​ដដែល បង្ហាញថា គ្រឹះស្ថាន​ធនាគារ បាន​ពង្រីក​ការផ្តល់សេវា​ឲ្យ​កាន់តែ​ទូលំទូលាយ និង​មាន​ភាពងាយស្រួល​ជាង​មុន តាមរយៈ​ការពង្រីក​សាខា​រហូតដល់ ៨៦២ សាខា ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ ATM ដល់ ១៥៩៣ ម៉ាស៊ីន ការប្រើប្រាស់​ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាមួយនឹង​កំណើន ៣៦,៦​ភាគរយ ដល់ ៨៨.៥៣៣ ប័ណ្ណ និង​១៦,៤​ភាគរយ ដល់ ១,៩ លាន​ប័ណ្ណ រៀង​គ្នា​។​

​ពាក់ព័ន្ធ​នឹង​ឥណទាន ដែលជា​កម្ចី​ពី​ធនាគារ ត្រូវបាន​ធនាគារជាតិ លើកឡើងថា ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ បាន​ចូលរួមចំណែក​ទៅ​វិស័យ​ផ្សេងៗ​នៃ​សេដ្ឋកិច្ច រួមមាន​៖ ការជួញដូរ​រាយ ១៧,៤​ភាគរយ ,​ការជួញដូរ​ដុំ ១១,៧​ភាគរយ​, កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ៩,៨​ភាគរយ​,​សំណង់ ៩,៩​ភាគរយ​, ការ​ឲ្យ​ខ្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ៩,៤​ភាគរយ​, សេវាកម្ម​មិនមែន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ៧,១​ភាគរយ​, កម្មន្តសាល​កម្ម ៥,៩​ភាគរយ​ការជួញដូរ​អចលនទ្រព្យ ៦,៣​ភាគរយ​, សណ្ឋាគារ និង​ភោជនីយដ្ឋាន ៤,៥​ភាគរយ និង​វិស័យ​ផ្សេងៗ​ទៀត ១៨ភាគរយ​។​

​ចំពោះ​អត្រា​ការប្រាក់​របស់​គ្រឹះស្ថាន​ធនាគារ ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០១៨ ក៏​ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា លើកឡើងថា អត្រា​ការប្រាក់​បញ្ញើ​ជា​រៀល មាន​កាលកំណត់ ១២​ខែ ជា​មធ្យម​បាន​បន្ត​ថយចុះ មក​ត្រឹម ៥,៩៨​ភាគរយ នៅ​ឆមាស​ទី​១​នេះ ពី​កម្រិត ៦,៤៨% នៅ​គ្រា​ដូចគ្នា ឆ្នាំ​២០១៧ ស្រប​ពេលដែល​អត្រា​ការ​ប្រាក់​បញ្ញើ​ជា​ដុល្លារ​អាម៉េរិក បាន​ថមថយ​បន្តិច​ពី ៤,៤២​ភាគរយ មក ៤,៣៧​ភាគរយ​។ ការថយចុះ​នៃ​អត្រា​ការប្រាក់​បញ្ញើ​ជា​ចម្បង​របស់​ធនាគារ ដោយសារ​ឥទ្ធិពល​នៃ​ការថយចុះ​អត្រា​ការប្រាក់​បញ្ញើ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​បន្ថយ​សម្ពាធ​ប្រកួតប្រជែង តាម​អត្រា​ការប្រាក់ ដើម្បី​ទាក់ទាញ​ប្រាក់​បញ្ញើ​។​
​ចំណែក​វិស័យ​មីក្រូហិរញ្ញវត្ថុ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៨ ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា លើកឡើងថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ សរុប​មាន ៧៧ ( គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន មាន ៧ ) និង​គ្រឹះស្ថាន​ឥណទាន​ជនបទ ដែល​ទទួលបាន​វិញ្ញាបនបត្រ​ពី​ធនាគារជាតិ​នៃ​កម្ពុជា មាន ៣០២​។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បានធ្វើ​ប្រតិបត្តិការ​គ្របដណ្តប់​ទូទាំង ២៥ រាជធានី​ខេត្ត ដោយមាន​ការិយាល័យ​ស​រុ​ប​ចំនួន ១៣៧៥ កន្លែង និង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន ៣២.១៧១ នាក់​។​

​ធនាគារជាតិ ក៏បាន​ប្រកាសថា វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​កេណ្ឌ​ប្រមូលប្រាក់​បញ្ញើ​សរុប​ប្រមាណ ៩,១ ទ្រី​លាន​រៀល កើនឡើង ២៤,៧​ភាគរយ (​ឆ្នាំ​លើ​ឆ្នាំ​) ដោយមាន​អ្នក​ដាក់​ប្រាក់​បញ្ញើ​សរុប ១,៩៩ លាន​នាក់ និង​បានផ្តល់​ឥណទាន​សរុប​ប្រមាណ ១៩,៦ ទ្រី​លាន​រៀល កើនឡើង ៣៤,២​ភាគរយ ទៅកាន់​អតិថិជន​សរុប ១,៨ លាន​នាក់ ក្នុងនោះ អតិថិជន​ជា​ស្ត្រី​សរុប​មាន ១,៤​លាន​នាក់ ( ៧២​ភាគរយ នៃ​អតិថិជន​ខ្ចីប្រាក់​សរុប​)​។ ឥណទាន ត្រូវបាន​ផ្តល់​ទៅ​ក្រុមគ្រួសារ ៣៥,៥​ភាគរយ វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ២៣,៨​ភាគរយ វិស័យ​ពាណិជ្ជកម្ម ១៨,២​ភាគរយ សេវាកម្ម ១០,៣​ភាគរយ ដឹកជញ្ជូន ៤,៧​ភាគរយ សំណង់ ៤,៣​ភាគរយ កម្មន្តសាល​កម្ម ០,៧​ភាគរយ និង​វិស័យ​ផ្សេងៗ ២,៥​ភាគរយ​។​

​ពាក់ព័ន្ធ​នឹង​អត្រា​ការប្រាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​ត្រូវបាន​ធនាគារជាតិ លើកឡើងថា អត្រា​ការប្រាក់​បញ្ញើ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ ជា​មធ្យម បាន​ថយចុះ​ពី ៦,៤​ភាគរយ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៧ មក​ត្រឹម ៥,៦៤​ភាគរយ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៨ ចំពោះ​ប្រាក់រៀល និង​ពី ៥,០៧​ភាគរយ មក ៤,៨៥​ភាគរយ ចំពោះ​ប្រាក់​ដុល្លារ​អាម៉េរិក​។ ការថយចុះ​នេះ បណ្តាលមកពី​៖ ១-​ការដាក់​ពិ​ដាន​អត្រា​ការប្រាក់​ឥណទាន​ត្រឹម ១៨​ភាគរយ ដែល​បានរួម​ចំណែក​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បន្ទាប​អត្រា​ការប្រាក់​បញ្ញើ ដើម្បី​ផាត់ទាត់​ការថយចុះ​ចំណូល​ការប្រាក់​ពី​ការផ្តល់​ឥណទាន​, ២-​ប្រភព​មូលនិធិ​ក្នុងស្រុក​តាមរយៈ LPCO និង​កម្ចី​អន្តរ​ធនាគារ ក្នុង​អត្រា​ការប្រាក់​ទាប​ជាង​មុន និង​៣-​ប្រ​ភ​ទុន​ពី​បរទេស បាន​កើនឡើង​ដោយសារ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា មាន​ក្រេ​ឌី​ត​រ៉េត​ទីង កាន់តែ​ល្អប្រសើរ​។​

​ធនាគារជាតិ ក៏បាន​ប្រកាសថា ការដាក់​ពិ​ដាន​អត្រា​ការប្រាក់​ឥណទាន មិន​ឲ្យ​លើសពី ១៨​ភាគរយ ក្នុង​មួយ​ឆ្នាំ សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ គួបផ្សំ​នឹង​ភាព​ប្រកួតប្រជែង​ខ្ពស់​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ បានធ្វើ​ឲ្យ​អត្រា​ការប្រាក់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ពី ៣០,៩២​​​ភាគរយ នៅ​ឆមាស​ទី​១ ឆ្នាំមុន មក​ត្រឹម ១៧,៨៥​ភាគរយ ចំពោះ​ឥណទាន​ជា​រៀល និង​ពី ២៣,៦៧​ភាគរយ មក ១៧,១៥​ភាគរយ​ចំពោះ​ឥណទាន​ជា​ដុល្លារ​អាម៉េរិក​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម