ដោយៈ .ខុន / ភ្នំពេញៈ រដ្ឋបាលជលផល ចាប់ផ្តើមអនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចិរភាព និងបរិយាប័ន(CVAR/ Cap Fish Aquacultue) នៅខេត្តព្រៃវែង តាមរយៈការផ្តល់តង់ប្លាស្ទិក ចំណីសម្រាប់ ការចិញ្ចឹមកង្កែប ដល់ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ  ដោយក្នុងមួយគ្រួសារ ទទួលបានតង់ ចំនួន២  ចំណីចំនួន ៤៩គីឡូក្រាម និងកូនកង្កែបផងដែរ។

លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ថាៈ កាលពីថ្ងៃទី១៦ ខែឧសភា មន្ត្រីរដ្ឋបាល ជលផលព្រៃវែង បានចូលរួមសហការចែកតង់ប្លាស្ទិក និងចំណីសម្រាប់ចិញ្ចឹមកង្កែប នៃកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចិរភាពនិងបរិយាប័ន (CVAR/ Cap Fish Aquacultue) ដែលជាគម្រោងរបស់នាយកដ្ឋាន អភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល នៅស្រុកស៊ីធរកណ្តាល ចំនួន ១៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានតង់ប្លាស្ទិកចំនួនពីរ (មួយទំហំ ៣ម៉ែត្រ គុណនឹង ,៥ម៉ែត្រ) និងចំណីចំនួន ៤៩ គីឡូក្រាម។

នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បាននិយាយឱ្យដឹងទៀតថាៈ កម្មវិធីខាងលើ បានផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ១០០គ្រួសារ នៅក្នុងខេត្តព្រៃវែង  ដោយកាលពី ថ្ងៃទី១៦ ខែ ឧសភា បានផ្តល់ជូនរួច ចំពោះប្រជាពលរដ្ឋចំនួន ១៥គ្រួសារ ដោយ បានទាំងជួយប្រាប់ពីរបៀបតម្លើងតង់ សម្រាប់ចិញ្ចឹមកង្កែបផងដែរ។ អ្នកមិនទាន់ បានទទួល នឹងត្រូវទទួលនៅថ្ងៃបន្ទាប់ទៀត។

លោក អូន ស៊ីណាត បាននិយាយឱ្យដឹងផងដែរថាៈ ក្រៅពីតង់ ចំណី ក៏នៅមានកូន កង្កែប ត្រូវផ្តល់ជូនផងដែរ។ តែដោយសារទើបមានភ្លៀងធ្លាក់ ការភ្ញាស់កូនកង្កែប ទើបបានប្រមាណជា ១ម៉ឺនកូនប៉ុណ្ណោះ។ ការចិញ្ចឹមកង្កែប តាមតង់នៅក្នុងខេត្តព្រៃវែង មានចំនួនប្រមាណជា ៦០០ គ្រួសារ ដោយកាលពីក្នុងឆ្នាំ២០២២ ប្រមូលបានផលសរុបប្រមាណជា ១០០ តោន៕/V-PC