ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថា ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំលើកដំបូង បានបិទបញ្ចប់ជាផ្លូវការហើយ នៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយ ពិធីជួបជុំបិទព្រឹត្តិការណ៍ស៊ីហ្គេម នឹងប្រារព្ធឡើងយ៉ាងអធិកអធ័ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដូចពិធីបើកព្រឹត្តិការណ៍កីឡា ប្រចាំតំបន់អាស៊ាន ដែលមាន ១១ប្រទេសចូលរួមផងដែរ។
ទោះជាការរៀបចំស៊ីហ្គេម លើកដំបូង ហើយកម្ពុជា ត្រូវរង់ចាំដល់ ៦៤ឆ្នាំក៏ដោយ តែកម្ពុជាទទួលបានការកោតសរសើរថា រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវស្មារតីកីឡាអូឡាំពិក។ បើទោះបីជាជួបការលំបាកពីវិបត្តិជំងឺកូវីដ១៩ និងប្រដេញនឹងពេលវាក៏ដោយ តែស្មារតីសាងមោទកភាពជាតិ បានជំរុញឱ្យកម្ពុជា ប្រឹងប្រែងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយទីបំផុត កម្ពុជាក៏អាចធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតស៊ីហ្គេម តាមការគ្រោងទុក ហើយបិទបញ្ចប់ដោយជោគជ័យ គួរជាទីមោទក។
តាមការកត់សម្គាល់ ការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា ពេលនេះ បាននាំមកនូវភាពលេចធ្លោជាច្រើន រួមមាន ការសុំព្រះអគ្គិជ័យកីឡា (ភ្លើងគប់កីឡា) ការដង្ហែព្រះអគ្គិជ័យកីឡា ការបើកព្រឹត្តិការណ៍ស៊ីហ្គេម (កម្រិតអូរឡាំពិក) ជាពិសេសការមិនយកថ្លៃសំបុត្រចូលទស្សនា មិនយកថ្លៃផ្សាយផ្ទាល់ និងមិនយកលុយពីគណៈប្រតិភូកីឡា លើការធ្វើដំណើរ ការស្នាក់នៅ និងម្ហូបអាហារជាដើម។
តាមក្រសួងទេសចរណ៍ ក្នុងកំឡុងពេលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួលបានអ្នកទេសចរអន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ១៦.០០០នាក់។
ការប្រកួតស៊ីហ្គេម នៅកម្ពុជា ពេលនេះ ក៏ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ ទាំងចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារ ដូច្នេះហើយ បានជាព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ទទួលបានការ ចាប់អារម្មណ៍ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យព្រឹត្តិការណ៍នេះ កាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជា កាន់តែច្រើនទៅកាន់ឆាកអន្តរជាតិ ក្នុងនាមកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ។
និយាយពីសមត្ថភាពអត្តពលិកកម្ពុជាយើងវិញ ក៏បានប្រឹងប្រែងក្នុងនាមជាម្ចាស់ផ្ទះ ដោយបានដណ្តើមមេដាយជូនជាតិ បានរហូតដល់ ២៨២គ្រឿង។ ក្នុងនោះ មានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៧គ្រឿង។
ក្រៅពីចូលរួមអបអរសាទរអត្តពលិកកម្ពុជា ដែលបានដណ្តើមមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ ចំនួន ២៨២មេដា នៅថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម នាថ្ងៃទី១៧ឧសភានេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែនក៏បានលើកនូវការប្រៀបធៀបថា «កាលពីស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ ជាមួយនឹង០មេដាយ។ ចំណែកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយសរុប២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយមាសនិងឈរលំដាប់ទី៣ ខាងមេដាយច្រើន»។
តាមសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល «នេះជាសមិទ្ធិផលរបស់ប្រជាជាតិទាំងមូល ដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិនិយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក»។
ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់អត្តពលិក ដែលដណ្តើមមេដាយ ទាំង៣ប្រភេទ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងប៉ារ៉ាហ្គេម លើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាស នឹងទទួលបាន ១ម៉ឺនដុល្លារ មេដាយប្រាក់ជាង ៧ពាន់ដុល្លារ និងសំរឹទ្ធិជាង ៣ពាន់ដុល្លារ។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេម CAMSOC។
ដូច្នេះសរុបទៅ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ទទួលបានមេដាយ សរុប ២៨២គ្រឿង ពេលនេះរាជរដ្ឋាភិបាល នឹងត្រូវចំណាយជាង ១,៧លានដុល្លារ សម្រាប់ផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្ត ដល់អត្តពលិកកម្ពុជាផងដែរ។
ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម កាលពីឆ្នាំ២០២២ កម្ពុជា ដណ្តើមបានមេដាយ សរុបតែ ៦៣គ្រឿងប៉ុណ្ណោះ គឺមេដាយមាស ៩គ្រឿង ប្រាក់ ១៣គ្រឿង និងសំរឹទ្ធ ៤១គ្រឿង។
ប៉ុន្តែបើទោះបីជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលរាជរដ្ឋាភិបាល បានចំណាយប្រមាណ ១១៨លានដុល្លារអាមេរិក ដើម្បីរៀបចំការប្រកួតកីឡា ប្រចាំតំបន់អាស៊ាន រយៈពេលជាង ២សប្តាហ៍នេះ ហើយទទួលបានជោគជ័យលើសពីការរំពឹងទុកនេះក៏ដោយ ក៏កម្ពុជា នៅមានការកែលម្អបន្ថែមទៀត លើការចាត់តាំងរៀបចំនៅផ្នែកមួយចំនួន ឱ្យកាន់តែប្រសើរជាងនេះ។ រីឯអត្តពលិក ដែលជាកីឡាករកីឡាការិនីជម្រើសជាតិយើងវិញ ក៏ត្រូវតែខិតខំបន្ថែម ទាំងរាជរដ្ឋាភិបាល អ្នកទទួលខុសត្រូវ និងទាំងកីឡាករផ្ទាល់។
ការយកចិត្តទុកដាក់ចិញ្ចឹមកីឡាករជម្រើសជាតិ រួមទាំងការហ្វឹកហាត់ជាប់ជាប្រចាំ តាមស្តង់ដារ និងលក្ខខណ្ឌតម្រូវ ក៏ត្រូវតែគិតគូហើយជាពិសេសប្រាក់ខែ និងប្រាក់លើកទឹកចិត្តដល់កីឡាករ ព្រោះថា បើសិនជាជីវភាពមិនគ្រប់គ្រាន់ទេ តើកីឡាករឯណា មានទឹកចិត្ត ក្នុងការហ្វឹកហាត់ ដើម្បីឈានទៅដណ្តើមមេដាយជូនជាតិ នៅពេលមានព្រឹត្តិការណ៍ស៊ីហ្គេម ឬក៏ការប្រកួតតំណាងប្រទេស ជាលក្ខណៈអន្តរជាតិដូច្នេះ។
ក្រៅពីនោះ កម្ពុជាក៏ត្រូវយកចិត្តទុកដាក់លើប្រភេទកីឡាមួយចំនួន ដែលកម្ពុជា ធ្លាប់ខ្លាំងពូកែ ដណ្តើមបានមេដាយមាស ក្នុងការប្រកួតលក្ខណៈអន្តរជាតិ ពិសេសលើកីឡាប៉េតង់ បោះប៊ូល រួមទាំងក្បាច់គុនល្បុក្កតោ ជាដើម។ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នេះ ប្រភេទកីឡាប៉េតង់ បោះប៊ូល ដែលមានមេដាយមាស ១១គ្រឿង គឺកម្ពុជា រកមិនបាន ១គ្រឿងទេ បានត្រឹមតែមេដាយប្រាក់ ៦គ្រឿង និងមេដាយសំរឹទ្ធ ៤គ្រឿង។ កីឡាមួយប្រភេទទៀត ដែលកម្ពុជាជាម្ចាស់ក្បាច់គុនល្បុក្កតោ ប៉ុន្តែកម្ពុជារកបានមេដាយមាសតែ ៨គ្រឿង ក្នុងចំណោមមេដាយមាស ២១គ្រឿង។ ក្រៅពីនេះ កម្ពុជាទទួលមេដាយប្រាក់ ៧គ្រឿង និងសំរឹទ្ធ៣គ្រឿង ក្នុងប្រភេទកីឡាគុនល្បុក្កតោ។ តែក៏មានកីឡាជាច្រើនទៀត ដែលកម្ពុជាយើង មិនធ្លាប់បានមេដាយមាសសោះ តែការប្រកួតពេលនេះ កម្ពុជាទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធផងដែរ។
ដូច្នេះសម្រាប់ពីពេលនេះ ដល់ប្រកួតស៊ីហ្គេម លើកទី៣៣ នៅខែធ្នូ ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ គឺគ្រប់ភាគីស៊ីហ្គេម របស់កម្ពុជាយើង គួរតែបន្តការប្រឹងប្រែងបន្ថែមទៀត ដើម្បីយ៉ាងហោចណាស់ ក៏អាចរក្សាបានចំណាត់ថ្នាក់ប្រហាក់ប្រហែលនឹងពេលស៊ីហ្គេមដែលកម្ពុជា ជាម្ចាស់ផ្ទះនាពេលនេះ។ ការវិនិយោគបន្ថែមលើវិស័យកីឡា រួមទាំងការខិតខំហ្វឹកហាត់របស់កីឡាករ ដែលផ្តើមចេញពីការជ្រើសរើសកីឡាករតំណាងជាតិ ប្រកបដោយគុណភាព គឺជាការចាំបាច់៕/PC