ដោយ: សុផល/ភ្នំពេញ: យោងតាមទិន្នន័យបង្ហាញដោយទីផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដែលជាអង្គភាពរបស់រដ្ឋចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ទទួលបានចំណូលជាង២០លានដុល្លារអាមេរិក កើនឡើង១,២១% និងទទួលបានប្រាក់ចំណេញប្រមាណ៩,២លានដុល្លារ កើនឡើង ២៦,៨០% ខណៈការប្រជុំបែងចែកភាគហ៊ុនិកនឹងធ្វើឡើងនៅចុងខែឧសភានេះ។
ទិន្នន័យដដែលនេះបានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានចំណូលចំនួនជាង៨៣ពាន់លានរៀល (៨៣.០១១.៦១៣.០០០ រៀល) ឬប្រមាណ ២០លានដុល្លារ កើនឡើងចំនួន ជាង៩៩១លានរៀល ស្មើនឹង១,២១% , ចំណេញប្រតិបត្តិការចំនួន២៦ពាន់លានរៀល ថយចុះចំនួន ៥ពាន់លានរៀល ស្មើនឹង ១៦,១២% និងចំណេញសុទ្ធ ចំនួនជាង៣៨ពាន់លានរៀល កើនឡើងចំនួនជាង៨ពាន់លានរៀល ស្មើនឹង២៦,៨០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។
មូលហេតុចម្បងនៃការកើនឡើងចំណូល ថយចុះចំណេញប្រតិបត្តិការ និងកើនឡើងចំពេញសុទ្ធក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ គឺដោយសារចំណូលការប្រាក់សុទ្ធ កើនចំនួន៦,២ពាន់លានរៀល ស្មើនឹង៧១,៩១%។ ពន្ធលើប្រាក់ចំណូលបានថយចុះចំនួនជាង៧ពាន់លានរៀល ស្មើនឹង ៦៧,៩៥% ទោះបីជាការចំណាយបានកើនឡើងចំនួនជាង៦,១ពាន់លានរៀល ស្មើនឹង១២,៣២% ក៏ដោយ៕/R