ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ មេៗបាល់ទាត់ថៃបានសុំទោសនិងប្តេជ្ញាបើកការស៊ើបអង្កេតកាលពីថ្ងៃពុធទី១៧ឧសភាក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរសស៊ីហ្គេមទល់នឹងឥណ្ឌូនេស៊ីត្រូវបានរំខានដោយការវាយតប់គ្នាពីរលើកនិងការទទួលកាតក្រហមបួន។
ថៃបានចាញ់ ៥-២ ក្នុងវគ្គបន្ថែមម៉ោងកាលពីថ្ងៃអង្គារ ដោយបញ្ចប់ការប្រកួតក្នុងរាជធានីភ្នំពេញ ដោយសល់ត្រឹមកីឡាករ ៨ នាក់លើទីលាន។
ម្នាក់ក្នុងចំណោមកីឡាករកាតក្រហមនោះគឺអ្នកចាំទីថៃ សូផុនវីត រ៉ាក់យ៉ាត (Soponwit Rakyart) ក្រោយរូបគេរត់ពីពាក់កណ្តាលទីមកចូលរួមការវាយតប់លើកទីពីរដោយព្រលែងកណ្តាប់ដៃហោះទៅលើគូប្រកួត។
សមាគមបាល់ទាត់ថៃបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “សមាគមបាល់ទាត់ថៃសូមធ្វើការសុំទោសចំពោះការប៉ះទង្គិចនៅខ្សែបន្ទាត់” ដោយបន្ថែមថា”ខ្លួននឹងបង្កើតគណៈកម្មាធិការមួយដើម្បីស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធឱ្យបានឆាប់តាមដែលអាចធ្វើបាន ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់”។
ការប្រកួតបាល់ទាត់កម្រិតតំបន់នេះគឺលេងរវាងក្រុមអាយុក្រោម ២៣ ឆ្នាំ។ ការប្រកួតនេះត្រូវបានចាត់ទុកជាឱកាសសម្រាប់ឥណ្ឌូនេស៊ីស្តារមោទនភាពរបស់ខ្លួនឡើងវិញចំពោះបាល់ទាត់ ក្រោយមហន្តរាយដ៏ប្រល័យនៅពហុកីឡដ្ឋានមួយនិងការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះវើលខាប់អាយុក្រោម២០ឆ្នាំ៕
ក្រុមមន្ត្រីនិងកីឡាកររបស់ថៃនិងឥណ្ឌូនេស៊ីវាយតប់គ្នានៅពហុកីឡដ្ឋានអូឡាំពិកកាលពីថ្ងៃអង្គារ