ដោយៈ តារារិទ្ធ / ភ្នំពេញៈ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញ ប្រកបដោយក្តីរីករាយ និងភាតរៈអស់​រយៈ​ប្រមាណ ១៦ថ្ងៃ ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលរៀបចំឡើងជាលើកដំបូង នៅកម្ពុជា ក្នុងរយៈពេល ៦៤ឆ្នាំ បានបិទបញ្ចប់ ទាំងស្រុងហើយ ។

ពិធីបិទព្រឹត្តិការណ៍ការប្រកួតស៊ីហ្គេម ដែលរៀបចំរៀងរាល់ ពីរឆ្នាំម្តងនេះ នឹងប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីបិទការប្រកួតស៊ីហ្គេមដ៏មហោឡារិក នៅកម្ពុជានេះ ក៏នឹងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំកីឡាជាតិអន្តរជាតិ ប្រតិភូកីឡាទាំង១១ ប្រទេស ព្រមទាំងភ្ញៀវជាតិ អន្តរជាតិ មហាជន សរុបប្រមាណជា ៦ ម៉ឺននាក់។

ក្រោយការប្រកួតដ៏ស្វិតស្វាញ រយៈពេ លប្រមាណជា ១៦ថ្ងៃ ជាលទ្ធផលកីឡាករ កីឡាការិនី មកពីប្រទេសវៀតណាម ឈរលេខរៀងទី១ ជាមួយមេដាយសរុប ៣៥៥ (មាស១៣៦, ប្រាក់១០៥, សំរឹទ្ធ ១១៤), ប្រទេសថៃឈរលេខរៀងទី២ ជាមួយ​មេដាយសរុប ៣១២ (មាស ១០៨, ប្រាក់ ៩៦, សំរឹទ្ធ ១០៨), ប្រទេ សឥណ្ឌូណេស៊ីឈរលេខរៀងទី៣ ជាមួយមេដាយសរុប ២៧៦ (មាស៨៧, ប្រាក់ ៨០, សំរឹទ្ធ១០៩)​​។ ដោយឡែក កម្ពុជាជាម្ចាស់ផ្ទះ ឈរនៅលេខរៀងទី៤ ជា មួយមេដាយ​សរុប​ ២៨២ (មាស ៨១, ប្រាក់ ៧៤, សំរឹទ្ធ ១២៧), ហ្វីលីពីន ឈរលេខរៀងទី៥ ជាមួយ​មេដាយសរុប ២៦០, សិង្ហបុរីឈរលេខរៀងទី៦ ជាមួ យមេដាយសរុប ១៥៧,ម៉ាឡេស៊ីឈរលេខរៀងទី៧ជាមួយមេដាយសរុប ១៧៦, មីយ៉ាន់ម៉ាឈរលេខរៀង​ទី៨ ជាមួយមេដាយសរុប ១១៤, ឡាវឈរលេខរៀងទី៩ ជាមួយមេដាយសរុប ៨៨, ព្រុយណេ ឈរលេខរៀងទី១០ ជាមួយមេដាយសរុប ៩ និងប្រទេសទីម័រខាងកើត ឈរលេខរៀងទី១១ ជាមួយមេដាយសរុប ៨ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា លើកឡើងថា កាលពីការប្រកួតស៊ីហ្គេម លើកទី២០ គឺប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ហើយមិនទទួលបានមេដាយឡើយ ។ ប៉ុន្ដែការ ប្រកួតស៊ីហ្គេម លើកទី៣២ នេះ ប្រទេសកម្ពុជា ទទួលបានមេដាយសរុប ២៨២ ឈរលំដាប់ទី៤ ក្នុងចំណោម ១១ ប្រទេស។

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កាលពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២០ នាឆ្នាំ ១៩៩៩ ប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ជាមួយនឹងសូន្យ មេដាយ ។ ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នេះ ប្រទេសកម្ពុជា ទទួលបានមេដាយសរុប ២៨២ ដោយឈរលំដាប់ទី៤ ខាងមេដាយ មាស និងឈរលំដាប់ទី៣ ខាងមេដាយច្រើន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាៈ «នេះជាសមិទ្ធផលរបស់ប្រជាជាតិ ទាំងមូល ដែលប្រឹងងើបឈរឡើង ក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡា និយាយដោយឡែក»៕/V/R