​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សៀវភៅ​ព្រះគម្ពីរ​ជា​ភាសា​ហេ​ព្រូ (Hebrew) ដែល​មាន​អាយុកាល​ជាង ១.០០០ ឆ្នាំ​ត្រូវ​បាន​លក់​ក្នុងតម្លៃ ៣៨,១ លាន​ដុល្លារ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ពុធ ដោយ​បង្កើត​ឯតទគ្គ​កម្ម​សម្រាប់​សៀវភៅ​មានតម្លៃ​បំផុត​មិន​ធ្លាប់​លក់​នៅឯ​ការដេញថ្លៃ​ពីមុនមក​។​

​សៀវភៅ Codex Sassoon ដែល​មាន​កាលបរិច្ឆេទ​នៅ​ចុង​សតវត្ស​ទី​៩​ដល់​ដើម​សតវត្ស​ទី​១០ គឺជា​ព្រះគម្ពីរ​ភាសា​ហេ​ព្រូ​ជិត​ពេញលេញ​បំផុត ដែល​គេ​ស្គាល់​ថា នៅតែ​មាន​វត្តមាន​។​

​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សៀវភៅ​នេះ​ត្រូវ​បាន​លក់ បន្ទាប់​ពី​ការ​ប្រជែង​ដេញថ្លៃ​រយៈពេល​បួន​នាទី​រវាង​អ្នកដេញថ្លៃ​ពីរ​នាក់​។​

Sotheby’s​បាន​និយាយថា ព្រះគម្ពីរ​ត្រូវបាន​ទិញ​ដោយ​អតីត​អ្នកការទូត​អាម៉េរិក លោក អាល់​ហ្វ្រេត ម៉ូ​សេស (Alfred Moses) ក្នុងនាម​អង្គការ​មិន​រក​ប្រាក់​កម្រៃ​របស់​អាម៉េរិក ដែល​នឹង​ផ្តល់​អំណោយ​ដល់​សារមន្ទីរ ANU នៃ​ប្រជាជន​ជ្វី​ហ្វនៅ​ទីក្រុង​តែ​ល​អាវីវ ប្រទេស​អ៊ីស្រាអែល​។​

​លោក​ម៉ូ​សេស ជា​ឯកអគ្គរដ្ឋទូត​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន បាន​និយាយថា “​ព្រះគម្ពីរ​ភាសា​ហេ​ព្រូ​គឺជា​សៀវភៅ​ដែល​មាន​ឥទ្ធិពល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​បង្កើតបានជា​មូលដ្ឋាន​គ្រឹះ​នៃ​អរិយធម៌​លោកខាងលិច​។ ខ្ញុំ​រីករាយ​ដែល​ដឹង​ថា​វា​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​ជ្វី​ហ្វ​”​។​

​ការលក់​គឺ​លើសពី ៣០,៨ លាន​ដុល្លារ​ដែល​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក ប៊ី​ល ហ្គេត បាន​ចំណាយ​សម្រាប់​សៀវភៅ Codex Leicester របស់លោក លី​អូ​ណា​ដូ ដា វីន​ស៊ី (Leonardo da Vinci) ក្នុង​ឆ្នាំ ១៩៩៤ ដែលជា​ឯកសារ​សរសេរ​ដោយ​ដៃ​ថ្លៃ​បំផុត​មិន​ធ្លាប់​លក់​ដេញថ្លៃ​។​

​ឯកសារ​ប្រវត្តិសាស្ត្រ​ថ្លៃ​បំផុត​នៅតែ​ជា​ឯកសារ​បោះពុម្ព​ដំបូងបង្អស់​នៃ​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាម៉េរិក ដែល Sotheby’s លក់​ក្នុងតម្លៃ ៤៣ លាន​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១៕

សៀវភៅ​គម្ពីរ Codex Sassoon ត្រូវបាន​តាំង​បង្ហាញ​ក្នុង​ក្រុមហ៊ុន Sotheby’s នៃ​ក្រុង​ញូវយ៉ក​តាំងពី​ខែ​កុម្ភៈ