ដោយ៖ តារារិទ្ធ / ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានគិតថា សម្តេចសម្រេច ចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះ ដោយការទទួលខុសត្រូវ ហើយ ដោយក្នុងនោះ ចាប់ផ្ដើមយកគំនិតផ្ដួចផ្ដើម ស្ដីអំពីសមាហរណកម្មអាស៊ានមួយផ្នែក បញ្ចូលមក តាមរយៈការមិនបង់ថ្លៃ ។ សម្តេចតេជោ សង្កត់ធ្ងន់ថា លុយអាចចាយអស់ ប៉ុន្តែកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ជាតិ មិនចាយអស់ទេ។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យសុខាភិបាល ជាង១ពាន់នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។

សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ក្នុងឋានៈជាសមាជិកអាស៊ាន​និងជាមេដឹកនាំ នៃប្រទេសអាស៊ានមួយរូប​ សម្តេច ក៏ត្រូវមានគំនិតផ្ដួចផ្ដើម ទៅលើបញ្ហានេះ ឬបញ្ហា នោះ។ ក្នុងនោះ ក៏មានគំនិតផ្ដួចផ្ដើមទាក់ទងនឹងវិស័យកីឡានេះ ដែលកម្ពុជាបានធ្វើ សកម្មភាពមុន ដើម្បីជាការពង្រឹងនូវ សាមគ្គីភាព​ក្នុងចំណោមប្រជាជនអាស៊ានយើង។ សម្តេចតេជោ បន្តថា ចាយប្រមាណ ៧ លានដុល្លារថែមប៉ុណ្ណោះ សម្រាប់ការស្នាក់នៅ របស់កីឡាករ កីឡារិនី និងការហូបចុក តែយើងបានមកវិញ នូវការរាប់អាន​ពីមិត្តភក្តិ ក្នុងអាស៊ាន ហើយចេញផុតពីនោះ អ្នកមកយកព័ត៌មាន អ្នកមកទស្សនា នៅក្នុងប្រទេស របស់យើង ដែលយើងមិនបានលក់សំបុត្រទេ អញ្ចឹងទេ ផ្ដល់ឱកាសឲ្យប្រជាជន នៅក្នុងតំបន់ ប្រជាជនកម្ពុជាយើង ប្រជាជននៅក្នុងតំបន់យើង និងមកពីក្រៅតំបន់ មានឱកាសចូលទៅមើលកីឡានេះ កីឡានោះ ទៅតាមចំណូលចិត្តរបស់គាត់»។

សម្តេចតេជោ បន្តថា យើងបានឆ្លងផុតនៅដំណាក់កាលនេះ ដោយការទទួលខុសត្រូវ ដោយមិនមានអ្នកណាម្នាក់ មានបញ្ហាកើតឡើង នៅក្នុងប្រទេសកម្ពុជាទេ។ ហើយ រឿងនេះ ក៏វាជារឿងល្អ សម្រាប់ប្រទេសរបស់យើង។ សម្តេចតេជោ បន្តថា កេរ្តីឈ្មោះ របស់កម្ពុជា វាសំខាន់ណាស់ វាបន្សល់ទុក មិនគ្រាន់តែមួយថ្ងៃ ពីរថ្ងៃ ឬមួយឆ្នាំ ពីរឆ្នាំទេ វាបន្សល់ទុក ១០០ ឆ្នាំ តទៅមុខទៀត សម្រាប់កិត្តិយសរបស់កម្ពុជា ។

សម្តេចបានរំលឹកទៅដល់ព្រឹត្តិការណ៍ ហ្គានីហ្វូ (ganifore) នៅកម្ពុជាដែលបានធ្វើតាំងពី ឆ្នាំ១៩៦៦ គឺបានបន្សល់ទុកកេរ្តិ៍ឈ្មោះ រហូតមកដល់ពេលនេះ បើទោះបីជាកម្ពុជា ឆ្លង កាត់សង្គ្រាម ឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ និងការផ្លាស់ប្ដូររបបច្រើន ក៏ប៉ុន្តែ ព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ និងមុខមាត់កម្ពុជា នៅពេលនោះ បានរក្សាទុក មកដល់បច្ចុប្បន្ន ៕ V / N