ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលជាការប្រកួត កីឡាប្រចាំប្រទេស នៅតំបន់អាស៊ាន ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅកម្ពុជា បានបិទបញ្ចប់ ដោយជោគជ័យ កាលពីយប់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះលើកដំបូង បានរៀបចំព្រឹត្តិការណ៍ កីឡា ប្រចាំតំបន់អាស៊ាន បានយ៉ាងល្អ ហើយបានចាត់ទុកព្រឹត្តិការណ៍កីឡានេះ ថាជានិមិត្តរូប បង្ហាញពីឆន្ទៈកីឡា និងស្មារតីអូឡាំពិក។
ជាការពិត ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដ៏មានសារសំខាន់នេះ មិនត្រឹមតែផ្តល់ឱកាស ដល់អត្តពលិកទាំងអស់ ក្នុងការប្រកួតតំណាងជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បាន បង្ហាញពីគុណតម្លៃ នៃឧត្តមភាព មិត្តភាព និងសាមគ្គីភាពរបស់សមាជិកគ្រួសារ អាស៊ីអាគ្នេយ៍ក៏ដូចជាទិដ្ឋភាពគ្រប់រសជាតិ ដែលមានតែភាពរីករាយ និងរំជួលចិត្ត រហូតដល់ស្រក់ទឹកភ្នែក។
តួយ៉ាងកីឡាការិនីកម្ពុជា ផ្នែកអត្តពលកម្ម ប៊ូ សំណាង បានបង្ហាញពីឆន្ទៈកីឡា និងស្មារតីអូឡាំពិក ក្នុងជំនះការរត់ចម្ងាយ ៥.០០០ម៉ែត្ររបស់ខ្លួន ក្រោមតំណក់ទឹក ភ្លៀង។ ដោយឡែក កីឡាករកម្ពុជា និងកីឡាករហ្វីលីពីន ផ្នែកគុនល្បុក្កតោ និងកីឡា ជូជិតស៊ូ ខាន់ចេសា របស់កម្ពុជា និងគូប្រកួតហ្វីលីពីន ក៏ដូចជា កីឡាករសឹង្ហបុរី និងឥណ្ឌូនេស៊ី ផ្នែកកីឡាអត្តពលកម្ម ដែលបានរត់ប្រណាំង ចែកទឹកគ្នាទទួលទាន ជាដើម ពួកគេសុទ្ធតែបានបង្ហាញគុណតម្លៃអូឡាំពិក គឺការគោរព ( Respect ) មិត្តភាព ( Friendship ) និងសាមគ្គីភាព ( Solidarity )»។
អត្តពលិកផ្សេងទៀត ក៏បានសម្តែងនូវ កាយវិការជាវិជ្ជមាន ដែលជាការឆ្លុះបញ្ចាំងពី សារសំខាន់នៃគុណតម្លៃ របស់ចលនា និងស្មារតីអូឡាំពិក ដែលសុទ្ធតែជាគំរូ ដ៏ពិសេសមួយ។ អត្តពលិកទាំងអស់ បានប្រកួតប្រជែងដោយយុត្តិធម៌ ហើយបាន គោរពដល់ប្រទេសជិតខាងរបស់អ្នកក្នុងអាស៊ាន ហើយបានបន្តជាគំរូដ៏ប្រសើរ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ផ្អែកលើគោលការណ៍ Fair Play។
ប៉ុន្តែអំឡុងពេលប្រកួតស៊ីហ្គេមនេះ ក៏មានគ្រូបង្វឹក និងកីឡាករខ្លះ ពិសេសគ្រូបង្វឹក និងកីឡាករមកពីប្រទេសថៃខ្លះ ហាក់ដូចជា ទប់កំហឹងមិនបាន ហើយផ្ទុះការតវ៉ា រហូតឈានដល់ការបង្កអំពើហិង្សាតិចតួច ផ្នែកបាល់ទាត់ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីសកម្មភាពដូច្នេះ សហព័ន្ធកីឡាបាល់ទាត់ នៃប្រទេសថៃ FA Thailand កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសផ្លូវការ ពាក់ព័ន្ធការ ប្រកួតចុងក្រោយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ រវាងក្រុមបាល់ទាត់ជម្រើស ជាតិថៃនិងក្រុមបាល់ទាត់ជាតិឥណ្ឌូណេស៊ី ដោយថៃបានបង្ហាញការសោកស្តាយ ជាទីបំផុត ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើង ក្នុងការប្រកួតចុងក្រោយនៃការប្រកួត កីឡាស៊ីហ្គេម លើកទី៣២ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
សហព័ន្ធបាល់ទាត់ថៃ បានសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះឧប្បត្តិហេតុ ដែលបានកើតឡើង ក្នុងការប្រកួត ដែលបានលេចមុខមកទស្សនិកជនទាំងអស់ ទាំងក្នុងកីឡាដ្ឋាន និងអ្នកគាំទ្រជុំវិញពិភពលោក។ ឧបទ្ទវហេតុនេះ បានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ។
ក្នុងន័យនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ ក៏បានប្រកាសបង្កើតគណៈកម្មាធិការវិន័យមួយ ដើម្បីធ្វើការស៊ើបអង្កេត ឱ្យបានហ្មត់ចត់ចំពោះបុគ្គលទាំងអស់ ដែលបានដើរតួ ក្នុងការផ្តួចផ្តើម ឬពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ គោលបំណងរបស់គណៈកម្មាធិការ វិន័យ គឺប្រមូលអង្គហេតុ ឱ្យបានឆាប់រហ័ស និងចាត់វិធានការសមស្របតាមបទប្បញ្ញត្តិ ដែលកំណត់ដោយសហព័ន្ធ។ លើសពីនេះទៅទៀតនីតិវិធីស៊ើបអង្កេត នឹងចាប់ផ្តើម ភ្លាមៗ នៅពេលក្រុមបាល់ទាត់ជម្រើសជាតិថៃ ត្រឡប់មកដល់ ប្រទេសវិញ។
ជាចុងក្រោយ សហព័ន្ធកីឡាបាល់ទាត់ថៃ សូមអភ័យទោស ចំពោះអ្នកគាំទ្រកីឡា បាល់ទាត់ថៃ ប្រជាពលរដ្ឋថៃ និងអ្នកចូលរួមទស្សនាទាំងអស់គ្នា និងជនរងគ្រោះ ក្នុងឧបទ្ទវហេតុនេះ។ លើសពីនេះ សហព័ន្ធកីឡាបាល់ទាត់ថៃ កំពុងផ្តល់ការសុំទោស ជាផ្លូវការដល់ស្ថាប័នផ្សេងទៀតទាំងអស់ ដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងនេះ សម្រាប់ភាពរអាក់រអួល ឬការរំខានណាមួយ ដែលបង្កឡើង។
ជាការពិត កំហឹងមួយពេលរបស់កីឡាករ ក៏ដូចជាគ្រូបង្វឹកអំឡុងពេលប្រកួត តែងតែកើតមាន។ ប៉ុន្តែទាំងគ្រូបង្វឹក ទាំងកីឡាករក៏ដូចជាទាំងទស្សនិកជន អ្នកគាំទ្រ ត្រូវតែខិតខំរំងាប់កំហឹងនោះ ដោយគិតថា កីឡា លើសពីការឈ្នះចាញ់។ កីឡា នាំមកនូវមិត្តភាពនិងសុខភាព។ ពេលប្រកួតផ្សេង តែប្រកួតចប់ ជារឿងមួយផ្សេងទៀត។
ការបង្កើតព្រឹត្តិការណ៍ស៊ីហ្គេម ដែលប្រទេសសមាជិកអាស៊ាន អាចបញ្ជូនអត្តពលិក កីឡាករកីឡាការិនី មកចូលរួមប្រកួតកីឡា នៅតាមបណ្តាប្រទេសសមាជិក តាមរយៈ ការប្តូរវេន ធ្វើជាម្ចាស់ផ្ទះរៀបចំនេះ ក្នុងគោលបំណងឱ្យប្រទេសសមាជិកអាស៊ាន ដែលពេលនេះ ឡើងដល់ ១១ ប្រទេស កាន់តែជិតស្និទ្ធនឹងគ្នាមួយកម្រិតទៀត តាមរយៈកីឡា។ តែបើបង្កើតកីឡាមក ស្រាប់បង្កបញ្ហាប្រេះឆាទៅវិញនោះ តើប្រទេស សមាជិកអាស៊ាន ខំចំណាយលុយរាប់រយលានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេមនេះបានប្រយោជន៍អ្វី? ។
ដូច្នេះសរុបទៅ ថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន ពិសេសអ្នកដឹកនាំកីឡា គ្រូបង្វឹក និងកីឡាករទាំងអស់ ត្រូវតែគិតឡើងវិញពីស្មារតីកីឡា។ កីឡា លើសពីការឈ្នះ និងចាញ់។ សូមឱ្យឆន្ទៈកីឡា និងស្មារតីអូឡាំពិក ដែលបានកើតឡើងនៅកម្ពុជា តាមរយៈការតស៊ូរបស់អត្តពលិក កីឡាករ កីឡារិនី ដែលព្យាយាមតស៊ូប្រកួតប្រជែង ដោយមិនបោះបង់ ទោះជារត់ក្រោមតំណក់ទឹកភ្លៀង និងការជួយយកអាសារគ្នា បង្កើតមិត្តភាពពេលប្រកួត នៅស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលទើបបញ្ចប់ទៅនេះ សូមបន្តស្ថិតនៅក្នុងបេះដូងរបស់អត្តពលិក សម្រាប់ប្រជាជាតិអាស៊ាន និយាយដោយ ឡែក និងសម្រាប់ពិភពលោកទាំងមូល និយាយជារួម៕/V-PC