​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា គេ​សឹងតែ​ប្រាកដ​ថា​ឆ្នាំ ២០២៣ ដល់​ឆ្នាំ ២០២៧​នឹង​ក្លាយជា​អំឡុង​ពេល​ប្រាំ​ឆ្នាំ​ដ៏​ក្តៅ​បំផុត​មិន​ធ្លាប់​បាន​កត់ត្រា​ពីមុនមក ខណៈ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​បាតុភូត El Nino រួម​បញ្ចូល​គ្នា​ធ្វើឱ្យ​សីតុណ្ហភាព​រឹតតែ​កើនឡើង​។​

​អង្គការ​ឧតុនិយម​ពិភពលោក (WMO)​របស់​អ​.​ស​.​ប បាន​និយាយថា​សីតុណ្ហភាព​សកលលោក​បាន​ត្រៀម​កើនឡើង​លើស​ពី​គោលដៅ​មហិច្ឆតា​ដែល​បាន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​​ប៉ារីស​ទៅទៀត ដោយ​មាន​ឱកាស​ខ្ពស់​ពីរ​ភាគ​បី​នឹង​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្នុងអំឡុង​ប្រាំ​ឆ្នាំ​នោះ​។​

​អំឡុង​រយៈពេល​ប្រាំបី​ឆ្នាំ​ដែល​ក្តៅ​បំផុត​មិន​ធ្លាប់​កត់ត្រា​គឺ​នៅ​ចន្លោះ​ឆ្នាំ ២០១៥ និង ២០២២ ប៉ុន្តែ​សីតុណ្ហភាព​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​បន្ថែម​ទៀត​នៅពេល​ដែល​ការប្រែប្រួល​អាកាសធាតុ​​កើនឡើង​។​

WMO​បាន​និយាយថា “​មានលទ្ធភាព ៩៨ ភាគរយ ដែល​យ៉ាងហោចណាស់​មួយ​ក្នុងចំណោម​ប្រាំ​ឆ្នាំ​ខាងមុខ និង​រយៈពេល​ប្រាំ​ឆ្នាំ​ទាំងមូល នឹង​មាន​សភាព​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​”​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ ២០១៥ បានឃើញ​ថា​ប្រទេស​នានា​យល់ព្រម​ទប់​ការឡើង​កម្តៅ​ផែនដី​ឱ្យនៅ “​ទាប​ជាង​” ២​អង្សា​សេ​លើ​កម្រិត​មធ្យម​ដែល​ត្រូវបាន​វាស់​នៅ​ចន្លោះ​ឆ្នាំ ១៨៥០ និង ១៩០០ និង​ក្រោម ១,៥ អង្សា​សេ ប្រសិនបើ​អាច​ធ្វើទៅបាន​។​

​សីតុណ្ហភាព​ជា​មធ្យម​លើ​ពិភពលោក​ក្នុង​ឆ្នាំ ២០២២ គឺ ១,១៥ អង្សា​សេ​លើស​ពី​កម្រិត​មធ្យម​ពី​ឆ្នាំ ១៨៥០ ដល់ ១៩០០៕

សីតុណ្ហភាព​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង​បន្ថែមទៀត នៅពេល​ដែល​ការប្រែប្រួល​អាកាសធាតុ​កើនឡើង