ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ កិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ នៃសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) ដែលកំពុងប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ ពិតជាមានសារៈសំខាន់ ក្នុងការលើក ស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងវៃឆ្លាត ការលើកកម្ពស់សោភ័ណភាព និងអនាម័យទីក្រុង ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងទីក្រុង ជាពិសេសដើម្បីបង្កើន ដំណើរការយន្តការពង្រឹង ឱ្យកាន់តែស៊ីជម្រៅ រវាងមិត្តភាព និងសាមគ្គីភាព ។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតី តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបណ្តាញទីក្រុងប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់អាស៊ី អាគ្នេយ៍ នៃសមាគម AIMF នៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ។

លោក នួន ផារ័ត្ន បានមានប្រសាសន៍ថាៈ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃបណ្ដាញអភិបាល ក្រុងប្រើប្រាស់ភាសាបារំាង ក្នុងកម្រិតអាស៊ីអាគ្នេយ៍ នេះគឺជាកិច្ចប្រជុំមួយ ដោយមាន សារៈសំខាន់ ទីមួយគឺ សម្រាប់រាជធានីភ្នំពេញផ្ទាល់ ដោយរាជធានីភ្នំពេញ គឺជា សមាជិកអចិន្ត្រៃយ៍ របស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង​នៅក្នុងកម្រិត ពិភពលោក ហើយរាជធានីភ្នំពេញ បានបង្កើតនៅការិយាល័យប្រចាំការមួយនៅតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងរដ្ឋបាលរាជធានីភ្នំពេញផ្ទាល់នេះ ក៏មានបន្ទប់ធ្វើការ របស់បណ្ដាញនេះដែរ ។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍របស់ សមាគមអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង រដ្ឋបាលរាជធានីភ្នំពេញ បានដើរតួនាទីយ៉ាងសំខាន់ ហើយក៏ មានការទទួលស្គាល់ អំពីថ្នាក់ដឹកនាំរបស់សមាគមអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ជាពិសេសលោកស្រី Anne HIDALGO អភិបាលរដ្ឋធានីប៉ារីស នៃសាធារណ រដ្ឋបារាំង ។ នៅក្នុងឆ្នាំនេះ យើងបានឆ្លៀតឱកាសអញ្ជើញអភិបាលក្រុង ខេត្តមួយចំនួន របស់ប្រទេសវៀតណាម ឡាវ ដែលស្ថិតនៅក្នុងសមាជិក របស់បណ្ដាញ ជាមួយនឹង ខេត្តដែលជាសមាជិក បណ្ដាញអភិបាលក្រុង ប្រើប្រាស់ភាសាបារាំងនេះ ជួបជុំគ្នា ដើម្បីពិភាក្សាក្រោមប្រធានបទ« មហិច្ឆតារួមគ្នា សម្រាប់ការអភិវឌ្ឍទីក្រុងយើង»។

លោក អភិបាលរង រាជធានីភ្នំពេញ បានបន្ថែមថាៈ សមាគមដែលអភិបាលក្រុងប្រើ ប្រាស់ភាសាបារាំងនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលផ្ដុំ នៅទីក្រុង ដែលប្រើ ប្រាស់ភាសាបារាំង នៅក្នុងបណ្ដាញនេះ ។ ដូច្នេះការផ្ដួចផ្ដើមលើកនេះ មិនមែនត្រឹមតែ ចង់លើកស្ទួយ នៃកិច្ចសហប្រតិបត្តិការ វិមជ្ឈការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការ ការពារដល់ទីធ្លានៅតាមទីក្រុង ដើម្បីលើកស្ទួយ និងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង វៃឆ្លាត ។

ក្នុងឱកាសនោះ លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការនៃសមាគម AIMF បានលើកឡើងថាៈ កិច្ចប្រជុំនេះ ចង់បង្ហាញថា គឺមានសារៈសំខាន់ទ្វេដង នៅពេលដែលជួបគ្នា គឺទី១ ដើម្បីឆ្លើយតបតម្រូវការផ្សេងៗ គឺថា ទីក្រុងនៅក្នុងតំបន់នេះ ដែលយើងបានធ្វើការជាបណ្ដាញ ជាមួយអភិបាលក្រុងផ្សេងៗ ដែលប្រើប្រាស់ភាសា បារាំង ហើយនៅទីនេះ គឺយើងធ្វើការជ្រើសរើសប្រធានបទ ដែលជួយការងារដល់ សមាជិក ក្នុងការរៀបចំប្រព័ន្ធលូ និងទីធ្លាសាធារណៈ ដោយមានបញ្ហារួមគ្នា ដូចគ្នា នៅក្នុងបណ្ដាញទីក្រុង ដែលជាសមាជិក ។

សូមបញ្ជាក់ថា សមាគម AIMF ដែលជាសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង គឺជាប្រតិបត្តិករ ប្រើប្រាស់ភាសាបារាំង រវាងទីក្រុងផ្សេងៗ ដូចជា សមាជិកដែលមានបណ្តាញរបស់ខ្លួន គឺមានចំណុចមួយ ដែលទាក់ទងទៅនឹងសាមគ្គី ភាព ដើម្បីផ្តល់សហហិរញ្ញប្បទាន និងស្វែងរកដៃគូគាំទ្រទៅដល់សកម្មភាពជាក់ស្ដែង នៅតាមទីក្រុង ដែលនេះគឺជាលក្ខណៈពិសេសរបស់សមាគម AIMF ហើយក៏មាន ផ្នែកមួយទៀត ទាក់ទងទៅនឹងការពង្រឹងកសាងសមត្ថភាព ក្នុងការពិភាក្សាគ្នា ជាពិសេស បញ្ជូនសារទៅជាលក្ខណៈអន្តរជាតិ និងរបៀបវារៈពិភពលោកទាំងមូល តែម្ដង ៕ V / N