ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលបញ្ជាទិសដាក់រដ្ឋធានីអ៊ុយក្រែននិងតំបន់ទីក្រុងអូដេសា (Odesa) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅក្នុងការបង្កើនការវាយលុក មុនពេលការវាយបកដែលរំពឹងទុកភាគច្រើនពីអ៊ុយក្រែន។ មីស៊ីលភាគច្រើនត្រូវបានបាញ់ទម្លាក់ ហើយមនុស្សម្នាក់ត្រូវបានរាយការណ៍ថាស្លាប់ដោយសារការវាយប្រហារនោះ។
ការផ្ទុះខ្លាំងៗត្រូវបានស្តាប់ឮនៅក្នុងទីក្រុងគៀវ ហើយការធ្លាក់កម្ទេចកម្ទីបានបណ្តាលឱ្យមានអគ្គិភ័យនៅក្នុងអគារមិនមែនលំនៅដ្ឋានមួយ។
វាជាការវាយឆ្មក់តាមអាកាសលើកទីប្រាំបួនរបស់រុស្ស៊ី ដែលបានកំណត់គោលដៅលើរដ្ឋធានីក្នុងខែនេះ ដែលនេះជាការបង្កើនជម្លោះយ៉ាងច្បាស់ក្រឡែត បន្ទាប់ពីភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ និង នៅមុនការវាយបករបស់អ៊ុយក្រែនដោយប្រើអាវុធទំនើបៗផ្គត់ផ្គង់ថ្មីៗពីលោកខាងលិច។
ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រមកពីតំបន់កាសព្យ៉ាន (Caspian) ប្រហែលជាប្រើប្រាស់មីស៊ីលបញ្ជាទិសហើយក្រោយមករុស្ស៊ីបានបញ្ជូនយន្តហោះឈ្លបយកការណ៍មកលើរដ្ឋធានី។ យោងតាមព័ត៌មានបឋម គោលដៅសត្រូវទាំងអស់ត្រូវបានបំផ្លាញ នេះបើយោងតាមលោក សឺហ៊ី ប៉ប់កូ (Serhiy Popko)ប្រធានរដ្ឋបាលយោធាក្រុងគៀវនិយាយនៅក្នុងសារបង្ហោះលើ Telegram ។
កម្ទេចកម្ទីបានធ្លាក់លើសង្កាត់ក្រុងគៀវចំនួនពីរ ហើយអគ្គិភ័យនៅយានដ្ឋានមួយត្រូវបានពន្លត់។ លោកប៉ប់កូនិយាយថារហូតមកទល់ពេលនេះមិនមានព័ត៌មានអំពីជនរងគ្រោះណាមួយទេ។
លោក សឺហ៊ី ប្រាត់ឆាក់ (Serhiy Bratchuk) អ្នកនាំពាក្យរដ្ឋបាលយោធាក្រុងអូដេសា បាននិយាយតាម Telegram ថា នៅតំបន់ភាគខាងត្បូងនៃទីក្រុងអូដេសា មនុស្សម្នាក់បានស្លាប់និងពីរនាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី៕
រូបភាពបញ្ចេញដោយក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បង្ហាញកាំភ្លើងធំស្វ័យប្រវត្តិ Giatsint-S បាញ់ដាក់ទីតាំងអ៊ុយក្រែន