ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលបានថែរក្សា ការពារ និងគោរពប្រតិបត្តិតាមជានិច្ច នូវបាវចនារបស់ប្រទេស គឺជាតិ សាសនា ព្រះមហាក្សត្រ ៖ ទី១. ការពារជាតិ និងប្រជាជន គឺបានការពារបូរណភាពទឹកដី ព្រមជាមួយនឹងការ ថែរក្សាមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជា ការការពារអាយុជីវិត ប្រជាជន ឱ្យរួចផុតពីរបប ប៉ុល ពត និងបង្រួបបង្រួមជាតិខ្មែរ ឱ្យជួបជុំក្រោមដំបូល រដ្ឋធម្មនុញ្ញ តែមួយ ហើយពិសេសបានសង្គ្រោះជីវិតប្រជាពលរដ្ឋ ពីជំងឺកូវីដ-១៩។ ទី២. ការពារសាសនា គឺបានចាប់ដំណើរការឡើងវិញ នូវត្តអារាម និងបើសិទ្ធសេរីភាព ផ្នែកជំនឿជូនប្រជាពលរដ្ឋ បន្ទាប់ពីរំដោះប្រទេស ក្នុងឆ្នាំ១៩៧៩ រហូតសព្វថ្ងៃ មានវត្ត ប្រមាណជាង ៥ ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ និងទី៣. ការពាររបបរាជានិយម និងព្រះមហាក្សត្រ ដោយបានជ្រោង និងបង្កើតឡើងវិញ នូវរបបរាជានិយម បន្ទាប់ពីត្រូវ បានរបប លន់ នល់ និងរបប ប៉ុល ពត បានលុបបំបាត់ចោល។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិដ្ឋាន (ហៅវត្តថ្លាវ) ស្ថិតក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងបានប្រកាន់ខ្ជាប់ នូវការដឹកនាំប្រកបដោយធម៌ ដែលជាគោលការណ៍ និងមូលដ្ឋាន គ្រឹះសម្រាប់ការសង្គ្រោះជីវិត ប្រជាជនពីរណ្តៅមរណៈ ជាអាទិ៍៖ ការរំដោះប្រជាជន ចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ដោយស្រវាសន្តិភាព និងមិនយកខ្មែរណា ជាសត្រូវ ហើយអាចរស់នៅជាមួយគ្នា បានក្រោមទង់ជាតិតែមួយ រាជរដ្ឋាភិបាលតែមួយ និងការដឹកនាំ ដោយជោគជ័យ លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលកូវីដ-១៩ ដែលសម្លាប់ប្រជាជនខ្មែរ រាប់ពាន់នាក់ និងនៅទូទាំងសាកលលោក រាប់លាននាក់ តាមរយៈការដាក់ចេញ នូវយន្តការដ៏ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេសយុទ្ធនាការ នៃការចាក់ស្រោចវ៉ាក់សាំង បង្កើតភាពស៊ាំ ក្នុងសហគមន៍ ដែលជាការជួយសង្គ្រោះ អាយុជីវិតប្រជាជនម្តងទៀត ក្នុងសម័យទំនើប ឱ្យរួចចេញពីមច្ចុរាជ ជំងឺកូវីដ១៩។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាៈ សាសនា គឺបានដើរតួនាទីយ៉ាង សំខាន់បំផុត ក្នុងការអប់រំសីលធម៌ គុណធម៌ និងការរស់នៅក្នុងសង្គម ប្រកបដោយ សេចក្តីថ្លៃថ្នូរ អធ្យាស្រ័យគ្នាខ្ពស់ និងពិសេសរក្សាបាននូវវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។ នៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជា រួមទាំងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីផ្ទាល់ គឺទីវត្តអារាមជាគ្រឹះស្ថាន បណ្តុះបណ្តាលដ៏មានឥទ្ធិពល និងបានរួមចំណែកយ៉ាង សំខាន់ ក្នុងការកសាងធនធានមនុស្ស សម្រាប់បម្រើជាតិ និងសង្គម។ ការអប់រំផ្នែក ពុទ្ធសាសនា គឺបានជួយដល់កុលបុត្រ កុលធីតា ឱ្យក្លាយជាធនធានមនុស្សពោរពេញ ដោយសីលធម៌ គុណធម៌ និងសមត្ថភាពពិតប្រាកដ សម្រាប់ចូលរួមចំណែក ក្នុងការអភិវឌ្ឍខ្លួន គ្រួសារ និងឈានទៅជួយ ដល់ការរីកចម្រើនរបស់សង្គមជាតិ ហើយក៏ជាប្រភពនៃឧត្តមភាព និងកិត្យានុភាពជាតិ៕ V / N