ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ស៊ីហ្គេម ដែលទើបតែនឹងបញ្ចប់ទៅនេះ កីឡាករ កីឡាការិនីជម្រើសជាតិ មកពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ សរុបចំនួន ១៣២ គ្រឿង ក្នុងនោះមានមេដាយមាស ៣៥គ្រឿង មេដាយប្រាក់ ៣៤គ្រឿង និងមេដាយសំរិទ្ធ៦៣ គ្រឿង ក្នុងចំណោមមេដាយសរុប ចំនួន ២៨២គ្រឿង ដែលកម្ពុជាទទួលបាន។

ជាមួយនឹងជោគជ័យនេះ លោកឧត្តមសេនីយ៍ឯក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអបអរសាទរ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ មន្ត្រីបច្ចេកទេស និងកីឡាករ កីឡាការិនីទាំងអស់ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដែលទទួលបានលទ្ធផលជោគជ័យ យ៉ាងត្រចះត្រចង់ ក្នុងការចូលរួមប្រកួតប្រជែង ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នេះ។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថាៈ សមិទ្ធផលទាំងនេះ គឺជាមោទនភាពយ៉ាងក្រៃលែងរបស់ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ ដែលកីឡាករ កីឡាការិនីទាំងអស់ បានឆ្លៀតពេលពីការបំពេញភារកិច្ចស្នូល របស់អង្គភាព ក្នុងការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ហើយបានខិតខំយកអស់ កម្លាំងកាយចិត្ត និងការប្ដេជ្ញាខ្ពស់ប្រឹងប្រែង ធ្វើការហ្វឹកហាត់ និងប្រកួតរហូតទទួលបានជោគជ័យ ជូនក្រសួងមហាផ្ទៃ /V-PC