ដោយ៖សុខុម/ស្ទឹងត្រែង៖ សព្វថ្ងៃនេះប្រជាពលរដ្ឋនៅតាមបណ្តាស្រុកភូមិមួយចំនួន រហូតដល់ព្រំដែនឡាវ នៅតែពេញនិយមចាប់សត្វហ៊ីងយកមកធ្វើម្ហូបទទួលទាន។

ហ៊ីងគឹជាសត្វមួយប្រភេទ សណ្តានកង្កែប មាឌត្រមុលបំប៉ោងខ្លួន ហើយចូលចិត្ត បង្កប់ខ្លួន នៅក្នុងដីសើមឬក្នុងគំនរស្លឹកឈើសើម។កាលណា មានភ្លៀងធ្លាក់ដំបូង វាចេញមកក្រៅតែងស្រែកយំ ឮសូរខ្លាំង ហួសមាឌ នៅតាមទីវាល ថ្លុក ត្រពាំង អូរជាដើម ហ៊ីងមាន៣ប្រភេទគឺហ៊ីងកណ្តាលឬហ៊ីងក្រូតមាឌរបស់វាធំជាងហ៊ីងឯទៀតយំឮសូរក្រេតក្រូតៗ។ហ៊ីងជ័រមានមាឌតូចជាងហ៊ីងកណ្តាលមានជ័រស្អិតនៅលើស្បែកយំឮសូរតូចស្រួយក្ងួ។ ហ៊ីងចំបក់មាឌតូចជាងហ៊ីងជ័រយំឮសូរខ្សោយជាងហ៊ីងជ័រ។

ជាទូទៅហ៊ីងទាំងបីប្រភេទនេះវាចេញពីក្នុងដីគឺនៅដើមឆ្នាំពេលមានភ្លៀងធ្លាក់។ អ្នកខេត្តស្ទឹងត្រែងនៅតាមស្រុកស្រែចម្ការឱ្យតែមានភ្លៀងធ្លាក់ដំបូង ពួកគេតែងទៅដើរឆ្លុះចាប់ហ៊ីង យកមកធ្វើម្ហូបទទួលទានក្នុងគ្រួសារ។នៅសល់ខ្លះក៏ដឹកយកមកលក់នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង។

ម្ហូបដែលអ្នកស្ទឹងត្រែងពេញនិយមចូលចិត្ត គឺយកហ៊ីងរស់មកត្រាំទឹកអំប៊ិលឱ្យមានវាផឹកហើយងាប់បាត់ចង្អាបផងរួចយកទៅអាំងឬស្ងោរជ្រក់ស៊ុបទៅតាមចំណង់ចំណូលចិត្ត។អ្នកស្ទឹងត្រែងចូលចិត្តចាប់ហ៊ីងមកធ្វើម្ហូបនៅពេលមេឃធ្លាក់ដំបូងព្រោះយល់ថា ហ៊ីង វាបាននៅក្នុងដីអស់រយះពេលជាយូរខែហើយនៅពេលមានភ្លៀងវាចេញមកក្រៅមិនទាន់ស៊ីចំណីឡើយ។ពេលភ្លៀងធ្លាក់កាន់តែច្រើនដងគេពុំសូវចាប់ហ៊ីងមកធ្វើម្ហូបទៀតទេ។

ដោយឡែកអ្នកខ្លះគេក៏ខ្ពើមរអើមមិនទទួលទានម្ហូបហ៊ីងឡើយ។បើអ្នកស្រុកភូមិ វិញនោះ ស្ទើរទាំងអស់ចូលចិត្តបរិភោគហ៊ីងណាស់។អ្នកទិញហ៊ីងទទួលលក់បន្តនៅផ្សារស្ទឹងត្រែង បានប្រាប់ថាសត្វហ៊ីង ពេលដល់ដំបូងក្នុង១គីឡូក្រាមលក់ចេញតម្លៃចាប់ពីជាង២៥.០០០រៀលឡើង។ ពេលភ្លៀងធ្លាក់ច្រើនដងវាបានធ្លាក់ថ្លៃមកជាង១ម៉ឺនរៀលប៉ុណ្ណោះក្នុង១គីឡូ៕/PC