ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក កែត ឃី សមាជិកមាជិកអចិន្ត្រៃយ៍និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃនិងវិន័យនៃ គណបក្សភ្លើងទៀននិងជាអនុប្រធានក្រុមការងារខេត្តកំពង់ស្ពឺនៃគណបក្សភ្លើងទៀនបានដាក់ប្រកាសលាឈប់ពីគណបក្សភ្លើងទៀននិងបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។នេះបើយោងតាមលិខិតប្រកាសលាឈប់របស់លោកកែត ឃី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះ។
លោក កែត ឃី សមាជិកមាជិកអចិន្ត្រៃយ៍និងជាប្រធានក្រុមប្រឹក្សាវាយតម្លៃនិងវិន័យនៃ គណបក្សភ្លើងទៀននិងជាអនុប្រធានក្រុមការងារខេត្តកំពង់ស្ពឺនៃគណបក្សភ្លើងទៀន(រូបថតឯកសារ)
យោងតាមលិខិត របស់លោកកែត ឃី បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃ ថា “ខ្ញុំបាទ បានសម្រេចចិត្តលាលែងចេញពីសមាជិកភាព នៃគណបក្សភ្លើងទៀន និង លាឈប់ពីគ្រប់មុខតំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាពរញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា ។
ជាមួយគ្នានេះកន្លងមកខ្ញុំបាទតែងតែបានតាមដានយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការដឹកនាំការ បង្រួបង្រួមផ្សះផ្សារជាតិនាំមកនូវសុខសន្តិភាព ឯករាជ្យភាពជាតិពេញបរិបូរ។ មិនតែប៉ុណ្ណោះសម្ដេចតេជោបានផ្សារភ្ជាប់ ជាមួយគណបក្សប្រជាជនក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជាពិសេសជោគជ័យនៅក្នុងយុទ្ធសាស្ត្រកាត់បន្ថយភាព ក្រីក្រ ជូនប្រជាជនកម្ពុជា…។ កត្តាទាំងអស់នេះហើយដែល បានជំរុញឱ្យខ្ញុំ បាទមានជំនឿលើការដឹកនាំរបស់ សម្តេចតេជោ នៅថ្ងៃនេះ ក៏ដូចជាទៅថ្ងៃអនាគត។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូម សម្តេចអគ្គមហា សេនាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាពិនិត្យនិងសម្រេចអនុញ្ញាតឱ្យខ្ញុំបាទបានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយឥតលក្ខខណ្ឌដើម្បីរួមកម្លាំងជាមួយសម្ដេចក្នុងការការពារសន្តិភាពឱ្យបានគង់វង្ស និង កសាងប្រទេសឱ្យបានកាន់តែរីកចម្រើនថែមទៀតទៅថ្ងៃអនាគត ដោយក្តីអនុគ្រោះ”។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសូមស្វាគមន៍លោក កើត ឃី អតីត អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង និងជាមេធាវីដែលបានសូមមក ចូលរួម ជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា បន្ទាប់ពី គ.ជ.ប បានសម្រេចបដិសេធលើបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន គឺមានបេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រនៅតាមមណ្ឌលរាជធានី ខេត្ត មួយចំនួនរបស់គណបក្សភ្លើងទៀន បានសម្រេចចិត្តប្រកាសលាឈប់ពីគណបក្សជាបន្តបន្ទាប់ និងបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕សរន