ពេល​ឈ្នះ​ខ្ញុំ​ជា​ជនជាតិ​អាល្លឺម៉ង់ ពេល​ចាញ់​ខ្ញុំ​ជា​ជនអន្តោប្រវេសន៍​តួ​ក​គី​! អូ​ហ្ស៊ី​ល ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ​

1064
ចែករម្លែក
  • 170
    Shares

​កីឡាករ មេ​ស៊ូ​ត អូ​ហ្ស៊ី​ល បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរជាតិ ហើយ​បាន​វាយប្រហារ​ទៅលើ​ការរើសអើង​ជាតិ​សាសន៍​នៅឯ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ ក្រោយពី​ត្រូវបាន​គេ “​ទម្លាក់កំហុស​គ្រប់យ៉ាង​” បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​ខ្ទាត​ចេញពី​ការប្រកួត​បាល់ទាត់​ពិភពលោក​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កីឡាករ​នាំ​លេង​របស់​កាំភ្លើង​ធំ Arsenal អាយុ ២៩ ឆ្នាំ​រូបនេះ​បាន​អះអាងថា គាត់​ត្រូវបាន​គេ​ទាញ​ឱ្យ​ផុង​ចូល “​ការឃោសនា​នយោបាយ​” ហើយ​លែងមាន​មោទនភាព​ក្នុងការ​ពាក់អាវ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ទៀតហើយ​។​

​អូ​ហ្ស៊ី​ល​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​បន្ទាប់ពី​អាល្លឺម៉ង់​ធ្លាក់​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្នុងប្រទេស​រុស្ស៊ី ដែលជា​ការប្រកួត​ដ៏​អន់​បំផុត​របស់​ពួកគេ​នៅក្នុង​វើ​ល​ខាប់​ក្នុង​រយៈពេល ៨០ ឆ្នាំ ដែល​បាន​កើតឡើង បន្ទាប់ពី​រូបគេ​បាន​ថតរូប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​ដ៏​ចម្រូងចម្រាស់ លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន​។​

​អូ​ហ្ស៊ី​ល​បាន​បង្ហោះ​លិខិត​ចំហ​ចំនួន​៣​ទៅលើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃអាទិត្យ​ទី​២២​កក្កដា ដែលជា​ការបញ្ជាក់​ចុងក្រោយ​អំពី​ការចូលនិវត្តន៍​របស់​ខ្លួន​ពី​បាល់ទាត់​អន្តរជាតិ ក្នុងនោះ​រូបគេ​បាន​វាយប្រហារ​ទៅលើ “​ការរើសអើង​ជាតិ​សាសន៍​និង​ការមិន​គោរព​” ដែល​ខ្លួន​បានទទួល​។​

​អូ​ហ្ស៊ី​ល ដែលជា​ជនជាតិ​អាល្លឺម៉ង់​ដើមកំណើត​តួ​ក​គី បាន​និយាយ​កាលពី​យប់​ថ្ងៃអាទិត្យ​ថា រូបគេ​និង​គ្រួសារ​បានទទួល​សំបុត្រ​ស្អប់ខ្ពើម ការគំរាមកំហែង​តាម​ទូរស័ព្ទ និង​ការប្រមាថ​មើលងាយ​តាម​បណ្តាញ​សង្គម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សង្គម Twitter អូ​ហ្ស៊ី​ល​បានសរសេរថា “​ការប្រព្រឹត្ត​ដែល​ខ្ញុំ​បានទទួល​ពី DFB (​សមាគម​កីឡាបាល់ទាត់​អាល្លឺម៉ង់​) និង​មនុស្ស​ជាច្រើន​ទៀត បានធ្វើឱ្យ​ខ្ញុំ​លែង​ចង់​ពាក់អាវ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​តទៅទៀត​។ ខ្ញុំ​មាន​អារម្មណ៍​ថា​លែងមាន​គេ​ត្រូវការ និង គិតថា​អ្វីដែល​ខ្ញុំ​ទទួលបាន​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ដំបូង​ក្នុង​បាល់ទាត់​អន្តរជាតិ​ឆ្នាំ ២០០៩ ត្រូវបាន​គេ​បំភ្លេចចោល​។ ខ្ញុំ​នឹង​លែង​លេង​ឱ្យ​ជម្រើសជាតិ​អាល្លឺម៉ង់​នៅ​កម្រិត​អន្តរជាតិ​ទៀតហើយ ខណៈដែល​ខ្ញុំ​បាន​ទទួលរង​ការរើសអើង​ជាតិ​សាសន៍ និង​ការមិន​គោរព​។ ខ្ញុំ​ធ្លាប់​ពាក់អាវ​អាល្លឺម៉ង់​ជាមួយ​មោទនភាព និង ក្តីរំភើប ប៉ុន្តែ​ឥឡូវ​លែងមានទៀតហើយ​។ នៅពេល​មន្ត្រីជាន់ខ្ពស់ DFB ប្រព្រឹត្ត​មិន​សមរម្យ​ដាក់​ខ្ញុំ មើលងាយ​ដើមកំណើត​តួ​ក​គី​របស់ខ្ញុំ និង បង្វែរ​ខ្ញុំ​ឱ្យចូល​ក្នុងការ​ឃោសនា​ន​យោ​បាយ​យ៉ាង​អាត្មានិយម នោះ​អ្វីៗ​គឺ​គ្រប់គ្រាន់​ឆ្អែតឆ្អន់​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

អូ​ហ្ស៊ី​ល​ថត​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​កាលពី​ខែឧសភា​កន្លងទៅ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ