​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នក​រៀបចំ​បេសកកម្ម​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នក​ឡើង​ភ្នំ​ពីរ​នាក់​ទៀត​បាន​ស្លាប់​នៅលើ​ភ្នំ​អេ​វើ​រ៉េស ដោយ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​នៅលើ​កំពូលភ្នំ​ខ្ពស់​បំផុត​របស់​ពិភពលោក​ក្នុង​រដូវ​ឡើង​ភ្នំ​នេះ​កើន​ដល់​៩​នាក់​។​

​ជា​មធ្យម​អ្នក​ឡើង​ភ្នំ​ប្រហែល​ប្រាំ​នាក់​បាន​ស្លាប់​នៅលើ​ភ្នំ​កម្ពស់ ៨.៨៤៩ ម៉ែត្រ​រៀង​រាល់​រដូវ​ផ្កា​រីក​។​ប៉ុន្តែ​ឆ្នាំ​នេះ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ជិត​ទ្វេ​ដង​នៃ​ចំនួន​ស្លាប់​ជា​មធ្យម ពោល​មិនទាន់​ដល់​ពាក់​​កណ្តាល​រដូវ​កាល​ផង​។​

​តំបន់​លើ​កំពស់ ៨.០០០ ម៉ែត្រ​ត្រូវ​គេ​ស្គាល់​ថា​ជា “​តំបន់​មរណៈ​” ជា​កន្លែង​ដែល​ខ្យល់​តិច​និង​កម្រិត​អុកស៊ីសែន​ទាប​នឹង​បង្កើន​ហានិភ័យ​នៃ​ការឈឺ​ដោយសារ​កម្ពស់​ខ្ពស់​ហើយ​តំបន់​នេះ​មាន​កេរ្តិ៍ឈ្មោះ​​ល្បី​អសោច​ដោយសារ​ស្ថានភាព​លំបាក​របស់​វា​។​

​អ្នក​ឡើង​ភ្នំ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​និង​ចិន​ម្នាក់​ត្រូវ​បាន​បញ្ជាក់ថា​ជា​អ្នកស្លាប់​ចុងក្រោយបង្អស់​។​

​លោក នី​វេស ម៉ា​គី (Nivesh Karki) មក​ពី​ក្រុមហ៊ុន Pioneer Adventure បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា “​អ្នក​ឡើង​ភ្នំ​ម៉ាឡេស៊ី​អាយុ ៥៥ ឆ្នាំ​បាន​ស្លាប់​នៅ​ថ្ងៃនេះ​នៅ​ពី​លើ​ជំរំ Camp Four ខណៈ​គាត់​កំពុង​ចុះ​មក​វិញ​ដោយ​មិន​បាន​ទៅ​ដល់​កំពូល​”​។​

​អ្នក​ឡើង​ភ្នំ​ចិន​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

នេ​ប៉ាល់​ចេញ​លិខិតអនុញ្ញាត​ចំនួន ៤៧៨ ដល់​អ្នក​ឡើង​ភ្នំ​បរទេស​ក្នុង​រដូវ​កាល​នេះ ដែល​ដំណើរការ​រហូត​ដល់​ដើមខែ​មិថុនា