​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ អ្នកគាំទ្រ​បាន​ជោរជន់​ពេញ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​សុក្រ ដើម្បី​អបអ​រការ​ឈ្នះ​មេដាយមាស​របស់​កីឡាបាល់ទាត់​បុរស​ស៊ី​ហ្គេម​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៣២ ឆ្នាំ​។​

​ក្រុម U22​ឥណ្ឌូណេស៊ី​បាន​មកដល់​ស្រុក​វិញ​ពី​កម្ពុជា​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មាន​អ្នកគាំទ្រ​រាប់​ម៉ឺន​នាក់​ស្វាគមន៍​ពួកគេ​នៅឯ​កាស​យានដ្ឋាន Soekarno-Hatta ។​

​អ្នកគាំទ្រ​បាន​តម្រង់​ជួរ​តាម​ដងផ្លូវ​ពី​អាកាសយានដ្ឋាន​រហូតដល់​សណ្ឋាគារ​របស់​ក្រុម ដោយ​ដុត​ភ្លើង​ផ្សែង​និង​សម្ដែង​តន្ត្រី​ដើម្បី​អបអរ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​។​

​អ្នកគាំទ្រ​បាល់ទាត់​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​រង់ចាំ​អស់​រយៈពេល ៣២ ឆ្នាំ​ដើម្បី​ឃើញ​ក្រុមបាល់ទាត់​បុរស​របស់​ពួកគេ​ឈ្នះ​ការប្រកួត​ស៊ី​ហ្គេម​។ លើក​ចុងក្រោយ​ដែល​ឥណ្ឌូនេស៊ី​ឈ្នះ​មេដាយមាស​កីឡាបាល់ទាត់​បុរស​ស៊ី​ហ្គេម​គឺ​ក្នុង​ឆ្នាំ​១៩៩១​។​

​សមុទ្រ​មនុស្ស​បាន​គ្រវីទង់ជាតិ​របស់​ពួកគេ​និង​អបអរសាទរ ខណៈ​រថយន្តក្រុង​ពីរ​ជាន់​របស់​ក្រុម​ឥណ្ឌូណេស៊ី​ដឹក​ពួកគេ​ឆ្លងកាត់​ភាពសប្បាយ​រីករាយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​ក្រុម​ជម្រើសជាតិ​បាន​ចាកចេញ​ពី​កីឡដ្ឋាន Gelora Bung Karno Complex នៅ​ម៉ោង ៨ ព្រឹក ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ទីក្រុង​ហ្សា​ការតា​ទៅកាន់​រង្វង់​មូល HI រួច​ត្រឡប់​ទៅវិញ​។​

​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បាន​តម្រង់​ជួរ​តាម​ដងផ្លូវ ដោយ​ដុត​ភ្លើង​ផ្សែង​និង​គ្រវីទង់ជាតិ​នៅក្នុង​ពិធី​ជប់លៀង​ដ៏​រីករាយ​ដើម្បី​គោរព​ដល់​វីរបុរស​ជម្រើស​ជាតិ​និង​គ្រូបង្វឹក​លោក អ៊ី​នដ្រា សា​ចា​ហ្វ្រី (Indra Sjafri)​។​

​រដ្ឋមន្ត្រីក្រសួង​យុវជន​និង​កីឡា​ឥណ្ឌូនេស៊ី លោក ឌី​តូ អា​រី​ោ​ថេត​ចូ (Dito Ariotedjo) បាន​និយាយថា​”​ក្បួន​ដង្ហែ​នេះ​គឺ​ផ្តល់​កិត្តិយស​ដល់​ស្មារតី​ប្រយុទ្ធ​របស់​កីឡាករ​ក្នុង​ព្រឹត្តិការណ៍​កីឡា​​ស៊ី​ហ្គេម​លើក​ទី​៣២​។ ពួកគេ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​នាំ​យក​មេដាយ​មក​ជូន​ប្រទេស​”៕

អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​អបអរ​កីឡាករ​បាល់ទាត់​ឥណ្ឌូនេស៊ី​ក្នុង​ទីក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​សុក្រ