ដោយៈ .ខុន / ភ្នំពេញៈ គម្រោងសាងសង់សំណង់ទំនប់អាងទឹកជ្រោយតាកែវ និងទំនប់អាងទឹកម្លេច ស្ថិតនៅក្នុងឃុំជ្រោយតាកែវឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ជាគម្រោងមួយ ស្ថិតនៅក្នុងចំណោមគម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រថ្មី ចំនួន១៥ ដែលបាននឹងកំពុងអនុវត្ត ដោយក្រសួងធនធានទឹក និង ឧតុនិយម នៅក្នុងឆ្នាំ២០២៣ ដែលបានចាប់ផ្តើមធ្វើ កាលពីដើមខែកុម្ភៈ គិតមកដល់ថ្ងៃទី១៩ ខែឧសភា សម្រេចបានលទ្ធផល ប្រមាណជា ៧០ ភាគរយ នៃគម្រោងទាំងមូល ដែលនឹងត្រូវបញ្ចប់ការសាងសង់មុនរដូវភ្លៀង ធ្លាក់ជោកជាំមកដល់នាខាងមុខនេះ។

តាមការផ្សាយរបស់ ក្រសួធនធានទឹក និង ឧតុនិយម នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៣ បានបង្ហាញឱ្យឃើញថា គម្រោងសាងសង់សំណង់ទំនប់អាងទឹក ជ្រោយតាកែវនិងទំនប់អាងទឹកម្លេច ស្ថិតនៅក្នុងឃុំជ្រោយតាកែវ ឃុំឈើខ្មៅ ស្រុកកោះធំខេត្តកណ្តាលដែលមានតួនាទីទទួលយកទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ទឹកហូរចូលពីទន្លេបាសាក់ និងដៃព្រែក នៅរដូវវស្សា មកស្តុកទុក សម្រាប់ធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ប្រមាណជា .៩៨០ ហិកតា។

គម្រោងទាំងពីរនេះ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាប់ផ្តើមធ្វើ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយគិតមកដល់ថ្ងៃទី១៩ ខែឧសភា អនុវត្តការងារសម្រេចបាន លទ្ធផលសាងសង់ប្រមាណជា ៧០ ភាគរយ។ ការងារដែលត្រូវអនុវត្តនូវគម្រោងនេះ រួមមាន ការសាងសង់ទំនប់អាងទឹក សរុបប្រវែង ១០.០០០ ម៉ែត្រសាងសង់សំណង់លូជ្រុង លើទំនប់ (ទ្វារ១) ចំនួន៦កន្លែង សាងសង់សំណង់លូ យកទឹកលើទំនប់ ១ម៉ែត្រ ចំនួន៦កន្លែង និងសាងសង់សំណង់ទ្វារទឹកលើទំនប់ (ទ្វារ២) មានចំនួន៤កន្លែង។

លោក ជា សុខនី នាយករងខុទ្ទកាល័យក្រសួងធនធានទឹក បាននិយាយឱ្យដឹង កាលពីពេលថ្មីៗ កន្លងទៅនេះថា គម្រោងខាងលើនេះជាគម្រោងមួយ នៅក្នុងចំណោមស្ថាបនាប្រព័ន្ធធារាសាស្ត្រថ្មី ចំនួន១៥ គម្រោងដែលបាននឹងកំពុងអនុវត្ត ដោយក្រសួងធនធានទឹកនិងឧតុនិយម នៅក្នុងឆ្នាំ២០២៣ ដែលត្រូវធ្វើឱ្យបានរួចរាល់ នៅមុនពេលរដូវភ្លៀង ធ្លាក់ជោកជាំមកដល់៕/V-PC