​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ អ៊ីរ៉ង់​កាលពី​ថ្ងៃ​សុក្រ ទី​១៩ ឧសភា​បាន​ប្រហារជីវិត​បុរស​បីនាក់​ដែល​ខ្លួន​និយាយថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​សមាជិក​បី​នាក់​នៃ​កងកម្លាំង​​សន្តិសុខ​របស់​ខ្លួន​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កាលពី​ឆ្នាំមុន ដែល​បាន​ទាក់ទាញ​ការតវ៉ា​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេស​។​

​តុលាការ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ Twitter​ថា ម៉ា​ជី​ដ កាហ្សេ​មី (Majid Kazemi) សា​ឡេស មី​រ៉ា​សេ​មី (Saleh Mirhashemi) និង សា​អ៊ី​ដ យ៉ា​ហ្គោ​ប៊ី (Saeed Yaghoubi) ត្រូវបាន​ប្រហារជីវិត​នៅ​កណ្តាល​ទីក្រុង​អ៊ី​សហ្វា​ហាន (Isfahan) ដោយ​បន្ថែម​ថា ពួកគេ​បាន “​ធ្វើ​ទុក្ករកម្ម​” សមាជិក​ពីរ​នាក់​នៃ​កម្លាំង​ទាហាន​ប៉ា​រ៉ា​បា​ស៊ី​ច (Basij)​និង​មន្ត្រី​​ប៉ូលិស​ម្នាក់​កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយថា ការកាត់ក្តី ដែល​មាន​ការស៊ើបអង្កេត​យ៉ាង​រហ័ស​លើ​បុរស​ទាំង​បី គឺ​មាន​កំហុស ហើយ​បាន​ប្រើ “​ការសារភាព​ដោយ​ធ្វើ​ទារុណកម្ម​”​។​

​អ៊ីរ៉ង់​បដិសេធថា ការសារភាព​ទោស​មិន​ត្រូវបាន​ធ្វើឡើង​ក្រោម​ការធ្វើ​ទារុណកម្ម​ទេ​។​

​ការប្រហារជីវិត​កាលពី​ថ្ងៃ​សុក្រ​បាន​នាំឱ្យ​ក្រុមបាតុករ​យ៉ាងហោចណាស់​៧​នាក់​ត្រូវ​បាន​ព្យួរ​កចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការតវ៉ា​ទូទាំងប្រទេស​ដែល​បាន​ចាប់ផ្តើម​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន ហើយ​បាន​ប្រែក្លាយ​ទៅ​ជាការ​ប្រឈម​ដ៏​ក្លាហាន​បំផុត​មួយ​ចំពោះ​ថ្នាក់​ដឹកនាំ​បែប​សាសនា​ចាប់តាំងពី​បដិវត្តន៍​ឆ្នាំ ១៩៧៩​។​

​ការតវ៉ា​ទាំងនោះ​ត្រូវ​បាន​ដុត​បញ្ឆេះ​ឡើង​ដោយ​ការស្លាប់​កាលពី​ថ្ងៃទី ១៦ ខែកញ្ញា​របស់​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​អាយុ ២២ ឆ្នាំ​ឈ្មោះ ម៉ាសា អា​មី​នី (Mahsa Amini)​ខណៈ​កំពុង​នៅក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​​សីលធម៌​របស់​អ៊ីរ៉ង់​៕

​ការតវ៉ា​ទូទាំងប្រទេស​ដែល​បាន​ចាប់ផ្តើម​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំមុន ក្រោយ​ការស្លាប់​របស់​ស្ត្រី​ជនជាតិ​អ៊ីរ៉ង់​អាយុ ២២ ឆ្នាំ​ម្នាក់​នៅក្នុង​មន្ទីរឃុំឃាំង​របស់​ប៉ូលិស​សីលធម៌​របស់​អ៊ីរ៉ង់​