​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុម​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​និង​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​មាន​ទ្រព្យធន​ទាំង​ប្រាំពីរ​(G7)​កាលពី​ថ្ងៃ​សៅរ៍​បាន​បើក​កិច្ចប្រជុំ​កំពូល​នៅ​ជប៉ុន​និង​បាន​ទទូច​សុំ​​អោយ​ចិន​ដាក់​សម្ពាធ​លើ​ដៃគូ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​ថ្ងៃ​២០​ឧសភា​នេះ ក្រុម​មេដឹកនាំ​G7​បាន​សង្កត់ធ្ងន់​ថា​ពួកគេ​មិន​ចង់​ប៉ះពាល់​ចិន​ទេ និង​ស្វះស្វែង​«​បង្កើត​ទំនាក់ទំនង​បែប​ស្ថាបនា​និង​ឋិតថេរ​»​ជាមួយ​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង ដោយ«​ទទួលស្គាល់​សារសំខាន់​នៃ​ការចូលរួម​ពាក់ព័ន្ធ​ដោយ​ស្មោះត្រង់​និង​សម្តែង​ការព្រួយបារម្ភ​របស់​ពួកយើង​ចំពោះ​ចិន​»​។​

​វា​បាន​និយាយថា​« យើង​អំពាវនាវ​ចិន​ដាក់ការ​គាបសង្កត់​រុស្ស៊ី​អោយ​បញ្ឈប់​ការឈ្លានពាន​ដោយ​យោធា និង​ដក​ទាហាន​របស់ខ្លួន​ទាំងអស់​ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​ពី​អ៊ុ​យក្រែន​។​យើង​លើក​ទឹកចិត្ត​​អោយ​គាំទ្រ​សន្តិភាព​គ្រប់​ជ្រុងជ្រោយ​និង​ឋិត​ថែរ​មួយ​ផ្អែកលើ​បូរណភាព​ទឹកដី​និង​គោលការណ៍​ព្រមទាំង​បំណង​នៃ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​» រួម​មាន​កិច្ចពិភាក្សា​ផ្ទាល់​ជាមួយ​អ៊ុ​យក្រែន​។​

«យើងក៏ត្រូវការផងដែរ​កិច្ចសហការ​ជាមួយ​ចិន ដោយសារ​តែ​តួនាទី​សកល​និង​ទំហំ​សេដ្ឋកិច្ច​របស់​ចិន ។​ក្រុម​នេះ​ក៏​ត្រូវ​ធ្វើការ​ជាមួយ​ចិន​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រឈម​ដូចជា​ការប្រែប្រួ​អាកាសធាតុ ជីវ​​ចំរុះ បំណុល​និង​តំរូវការ​ហិរញ្ញប្បទាន​នៃ​ប្រទេស​ងាយ​រងគ្រោះ ការព្រួយបារម្ភ​អំពី​សុខភាព​សកល​និង​ស្ថិរភាព​សេដ្ឋកិច្ច»​។​

​តែ​ក្រុម​G7​បាន​«​សម្តែង​ការព្រួយបារម្ភ​ខ្លាំងក្លា​»​អំពី​ស្ថានការណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​និង​ខាងត្បូង កន្លែង​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​ពង្រីក​វត្តមាន​យោធា​និង​គំរាម​ប្រើ​កម្លាំង​ដើម្បី​​ដាក់​ការគ្រប់គ្រង​លើ​កោះ​តៃវ៉ាន់​។​ពួកគេ​ក៏​បាន​អំពាវនាវ​អោយ​មាន​«​ដំណោះស្រាយ​ដោយ​សន្តិវិធី​»​ចំពោះ​ការអះអាង​អធិបតេយ្យភាពរបស់ចិនប៉េកាំងលើ​កោះ​តៃវ៉ាន់ ។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា វាមិន​មាន​មូលដ្ឋាន​ផ្លូវច្បាប់​សំរាប់​ចិន​អះអាង​កម្មសិទ្ធិ​ក្នុង​ដែនទឹក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​«​យើង​ប្រឆាំង​សកម្មភាព​ធ្វើយោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​តំបន់​នេះ​»​។​

​ក្រុម​មេដឹកនាំ​G7 រួម​មាន​ប្រធានាធិបតី​អាម៉េរិក ជួបជុំគ្នា​នៅ​ក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍

​មេដឹកនាំ​G7 ក៏បានរួម​គ្នា​បញ្ចេញ​សម្លេង​តែមួយ ដោយ​បង្ហាញ​ការព្រួយបារម្ភ​អំពី​សិទ្ធិមនុស្ស នៅ​ទី​បេតិ៍ ហុងកុង​និង​នៅ​ចុង​ខាងលិច​ចិន គឺ​តំបន់ស៊ីន​ជាំ​ង​ដែល​មាន​ប្រជាជន​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​​ច្រើន​។​

​តែ​សេចក្តីថ្លែងការណ៍​ក៏​ព្យាយាម​ទប់ទល់​នឹង​ការចោទប្រកាន់ថា G7​កំពុង​ស្វះស្វែង​រារាំង​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​លើ​សកលលោក​។​វា​បាន​និយាយថា​«​គោលនយោបាយ​របស់​យើង​មិនមែន​បង្កើត​​ឡើង​សំរាប់​បំផ្លាញ​ចិន ឬ​ក៏​​រារាំង​រំខាន​ការរីកចំរើន​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​​»ទេ​។​

​សេចក្តីថ្លែងការណ៍​បាន​រំលេច​អំពី​ការមូល​មតិ​គ្នា​មួយ ដើម្បី​ខិតខំ​ធ្វើអោយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ឧស្សាហកម្ម​មាន​ចម្រុះ​ភាព និង​ធានា​ការចូល​ប្រើ​ឬ​ទទួល​ធនធាន​រ៉ែ​សំខាន់​ផ្នែក​យុទ្ធសាស្ត្រ​​និង​ប្រភពធនធាន​ដទៃ​ទៀត​ដោយ​ឋិត​ថេរ​។​

​ក្នុងពេល​ជាមួយគ្នា សមាជិក​G7​ក៏​ប្តេជ្ញា​ចាត់​វិធានការ​ប្រឆាំង​នឹង​«​ការបង្ខិតបង្ខំ​សេដ្ឋកិច្ច​»​ក្នុង​ទំរង់​ផ្សេងៗ ដូច​ជា​ការ​តំរូវអោយ​ផ្ទេរ​បច្ចេកវិទ្យា​ឬ​ការបញ្ចេញ​ទិន្នន័យ ក៏​ដូច​ជា​ការ​កំហិត​ពាណិជ្ជកម្ម​​និង​ការវិនិយោគ​។​

​មន្ត្រី​ចិន​បាន​ប្រតិកម្ម​នឹង​សេចក្តី​ថ្លែងការណ៍​របស់​G7​អំពី​ការបង្ខិតបង្ខំ​សេដ្ឋកិច្ច​និង​បញ្ហា​ដទៃ​ទៀត ដោយ​ចោទប្រកាន់​អាម៉េរិក​និង​សមាជិក​G7​ដទៃ​ទៀត​ថា និយាយ​បំប៉ោង​សភាពការណ៍​។​ទីភ្នាក់ងារ​​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីន​ហួរ បាន​ពណ៌នា​ការចោទប្រកាន់​ដូច្នេះ​ថាជា​«​ការ​ស្វែង​តាមរក​កំហុស ជាការ​សម្លុត​គំរាម​និង​គាបសង្កត់​មហាអំណាច»​។​ស៊ីនហួរបាននិយាយថា«បើ​និយាយ​អំពី​ការ​សម្លុត​គំរាម ជន​ទី​មួយ​អឺ​អាម៉េរិក​នេះឯង​​។​សម្ពន្ធ​មិត្ត​G7​របស់​អាម៉េរិក គួរតែគំគួន​ការដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​កេងប្រវ័ញ្ញ​និង​ជញ្ជក់​ឈាម​របស់គេអ​ស់រាប់​ឆ្នាំ​»៕