​រថយន្ត​ធុន​ធំ​ទៅបុក​រថយន្ត​តូច​បណ្តាលឱ្យ​ប្តី​ប្រពន្ធ​និង​កូន​រងរ​បួស​

999
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​ទៅបុក​ជាមួយ​រថយន្ត​ហាយ​ឡឺ​ន​ឌ័​រ​១​គ្រឿង បណ្តាលឱ្យ​ប្តី​ប្រពន្ធ​និង​កូន ដែល​ជិះ​ក្នុង​រថយន្ត​តូច​បាន​រងរបួស​ទាំង​អស់​គ្នា​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ខាងមុខ​ស្នាក់ការ​អាវុធហត្ថ​៦១០ ក្នុងភូមិ​រំដេង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៨ ។​

​ក្នុង​ហេតុការណ៍​នោះដែរ​លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ក៏បាន​ជួប​ហេតុការណ៍​ខាងលើ​នោះដែរ​ខណៈពេលដែល​រូបគាត់​ធ្វើដំណើរ​មកពី​ឃោសនាបោះឆ្នោត​ពី​ស្រុក​ក្រឡាញ់​ចូលមក​កាន់​ខេត្តសៀមរាប​។​សមត្ថកិច្ច​មាន​កងរាជអាវុធហត្ថ​ស្រុក​និង​នគរបាល​ស្រុក​ក្រឡាញ់ បាន​ចុះ​មកដល់​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ក្រឡាញ់​បាន​បញ្ជាក់ថា​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​បាន​រងរបួស​ក្បាល គេ​មិនទាន់​ស្គាល់ឈ្មោះ​ទេ ដែលជា​អ្នកបើកបរ​។ តែ​ប្រពន្ធ​គេ​ស្គាល់​ឈ្មោះថា ឆៃ លីន អាយុ​២៧​ឆ្នាំ និង​កូនស្រី​អាយុ​១៣​ខែ​ឈ្មោះ ឃុន នី​ន​ណា ។​ជនរងគ្រោះ​រស់នៅ​ភូមិ​ពីរ ឃុំ​កំពង់ស្វាយ ស្រុក​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​៣B ៦៣៤០ បាន​បើកបរ​ពី​ទិស​លិចទៅ​កើត​ដោយ​ជន​មិន​ស្គាល់មុខ ហើយ​រេ​ចង្កូត​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​២A ៦៥៨៦ យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ខាងលើ​រងរបួស​ធ្ងន់​។​ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ានដាយ​ខាងលើ បាន​រត់​គេចខ្លួនបាត់​។​

​ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​កងរាជអាវុធហត្ថ​ស្រុក​ក្រឡាញ់​ដឹក​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​សង្គ្រោះ ។​ចំពោះ​រថយន្ត​បង្ករ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ក្រឡាញ់ យកមក​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

រថយន្ត​ធុន​ធំ​ទៅបុក​រថយន្ត​តូច​បណ្តាលឱ្យ​ប្តី​ប្រពន្ធ​និង​កូន​រងរ​បួស​

ទីតាំងផ្សាយពាណិជ្ជកម្ម