ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធានាបានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍យូរអង្វែង មិនមែនសន្តិភាពរួចសង្ក្រាមឆ្លាស់វេនគ្នា មួយចំអិនកំពឹសឡើយ។
លោកនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះ កាត់ឫសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តពោធិ៍រង្សីមានជ័យ ហៅវត្តស្វាយត្រស់ ស្ថិតនៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីកាត់ឫសសីមា និងសម្ភោធសមិទ្ធផលនានា ក្នុងវត្តពោធិរង្សីមានជ័យ ហៅវត្តស្វាយត្រាស់នោះ បានឱ្យដឹងថាៈ វត្តនេះ ក៏ទើបបានកសាងឡើង នៅឆ្នាំ១៩៩៧ ព្រះភិក្ខុ សុខ ជា រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានការផ្តួចផ្តើមពីលោកតាអៃ ថិ លោកតាប៉ាន ឃ្លឿន លោកតាមី ឌី លើផ្ទៃដី ៣០.៣០០ ម៉ែត្រការ៉េ ។ តមក មានចៅអធិការពាម ថូ ,ឈឹម ចន , គង់ សារឿន ,ចាន់ ជរ (សង់វិហារបាន ៦០ ភាគរយ ពីឆ្នាំ២០០៤-២០១៨) និងព្រះតេជគុណ គ សុគាំ ចៅអធិការ បច្ចុប្បន្ន ។
លោក អ៊ុំ រាត្រី បានបន្តថាៈ វត្តស្តារ និងរៀបចំកសាងជាបន្តបន្ទាប់ រួមមាន ១-បន្ទប់អនាម័យ២ខ្នង ស្មើនឹង ១១បន្ទប់ ។ ២-ជាវរថយន្ត១គ្រឿង បន្ទុក១តោន។ ៣-គ្រឿងឧគ្ឃោសនស័ព្ទ ៤-ទិញដីពង្រីកបន្ថែម៥រ៉ៃ (៥x៤០ ម៉ែត្រការ៉េ)។ ៥-ចាក់ដីបំពេញទីទំនាបក្នុងធ្លាវត្តទាំងមូល ។ ៦-ចាក់ក្រាលថ្មមិចចំនួន៣៥០ឡាន ។ ៧-ជួសជុលកុដិឈើ រៀបឥដ្ឋក្រោមថ្ម ២ ម៉ែត្រ អស់ថវិកា ។ ៨-កាយដីធ្វើផ្លូវលំប្រវែង២គីឡូ ៩-ជួសជុលផ្លូវលំ ៤លើក ១០-ធ្វើសួនច្បារជុំវិញព្រះវិហារ ។១១-ជាវព្រះពុទ្ធរូប៤ព្រះអង្គ ១២-ធ្វើអណ្តូងទឹក១ និងរៀបចំប្រព័ន្ធទឹក ។ ១៣-រៀបចំតប្រព័ន្ធអគ្គិសនីក្នុងវត្ត ១៤-រៀបចំប្រព័ន្ធលូរំដោះទឹក។១៥-ចាប់បេតុងជុំវិញព្រះវិហារ ១៦-ដងទង់ ១គូ និង១៧-កសាងព្រះវិហារ ។សរុបថវិកា៦៤៩.៣៣១ ដុល្លាសរអា ។ ក្នុងនោះ កសាងបង្ហើយព្រះវិហារ ដោយលោកនាយឧត្តមសេនីយ៍ ខេង សុមេធ និងលោកស្រី កុយ សាលីណា និងពុទ្ធបរិស័ទជិតឆ្ងាយមួយចំនួនទៀត ។
លោកបណ្ឌិត នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ រំលឹកពីសោកនាដកម្មនៃសង្គ្រាមដែលបង្កើតដោយអ្នកនយោបាយជំនាន់មុនៗ ហើយភូមិសាស្ត្រនេះ ក៏ជាអតីតសមរភូមិ ជាទីដែលរងនូវគ្រាប់ផ្លោង ជាទីចម្ការឬគោលដៅរាយគ្រាប់មីន ពីទសវត្សរ៍ទី៨០-៩០ សូម្បីនៅរដ្ឋធានីភ្នំពេញ ក៏មានគ្រាប់បែកបង្កៃ មានលួចចោលគ្រាប់បែកស្ទើរថ្ងៃ ។
ប៉ុន្តែនៅសម័យសន្តិភាព ការអភិវឌ្ឍន៍ សេរីភាព ជាពេលវេលា ដែលប្រជាជន ប្រជាជាតិ បានសប្បាយរីករាយ ហើយពេញចិត្ត ក្នុងនោះ មានសេរីភាពខាងជំនឿសាសនាផងដែរ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថាៈ ” ឥឡូវយើងមានសុខសន្តិភាពយូរ មិនដូចគេទាញទៅដាក់ពុទ្ធទំនាយថា សន្តិភាពស្រុកខ្មែរ មានមួយចំអិនកំពឹស (រហ័ស១ភ្លែត) ឬសុខបានតែបន្តិច នឹងមានសង្គ្រាមឡើងវិញទៀត ។ តែឥឡូវ យើងការពារសន្តិភាពបានយ៉ាងរឹងមាំ “។ ហើយទប់ស្កាត់ កុំឱ្យសង្គ្រាមឡើងវិញ ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏ធានាបាននូវសន្តិភាពទាំងផ្លូវកាយមានសន្តិភាព ទាំងផ្លូវចិត្ត ដល់ប្រជាជនកម្ពុជា។ ពោលគឺ ទប់ស្កាត់បាននូវចលនារបសេ់អ្នកនយោបាយខ្លះ ដែលបានញុះញង់ បំផុសឱ្យរើសអើង ឱ្យបះបោរប្រឆាំងអាជ្ញាធរកងកម្លាំង ដែលជាការរុញប្រជាជនឱ្យរុញប្រទេសរងគ្រោះ។ ឯរឿងយុត្តិធម៌សង្គមវិញ ទោះបីមានអ្នកនយោបាយ និងក្រុមប្រឆាំងតែងលើកយកបញ្ហានេះ មកឃោសនា និងជំរុញឱ្យចលាចល ប៉ុន្តែរាជរដ្ឋាភិបាល បានខិតខំដោះស្រាយ ហើយយុត្តិធម៌សង្គម ត្រូវផ្អែកលើច្បាប់ ។ គឺធ្វើខុសច្បាប់ ត្រូវតែមានការនាំទៅចែកផលប្រយោជន៍ ផលលាភដល់គ្រប់គ្នា មិនមែនប្រមូលផ្តុំទៅលើតែលើមនុស្សប៉ុន្មាននាក់ ដូចកាលសម័យប៉ុលពត ។ រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឹងយុត្តិធម៌សង្គម ។
លោកបណ្ឌិត បានបន្តថា: ឥឡូវនេះ ខេត្តបន្ទាយមានជ័យ ត្រូវបានរាជរដ្ឋាភិបាល កំណត់ជាប៉ូលសេដ្ឋកិច្ច គឺមច្ឆា អង្ករ ឧស្សាហកម្ម ពាណិជ្ជកម្មនៃប្រទេស ។ ហេតុនេះ ខ្មែររួមគ្នា ទើបខ្មែរខ្លាំង ។
លោកបានបន្ថែមថាៈ ការរើសមេដឹកនាំសំខាន់ណាស់ ។ គណបក្សប្រជាជនកម្ពុជា មិនយកខ្មែរជាសត្រូវ ។ គណបក្សប្រជាជន ដឹកនាំគឺយើងត្រូវ និងធ្វើការជាមួយគ្រប់ប្រទេសទាំងអស់ទាំងចិន ទាំងអាមេរិក ។ វាមិនដូចបក្សខ្លះ ប្រកាសឧកញ៉ាជាសត្រូវ ប្រកាសបណ្តេញជនជាតិចិន បង្កអាក្រក់ចេញពីប្រទេស។ គេមិនទាន់កាន់អំណាចផង បានប្រកាន់ ប្រកាន់ព័ណ៍ រើសអើង ដូចខ្មែរក្រហមទៅហើយ ។
ចុងបញ្ចប់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណណាស់ ដែលអ្នកភ្នំតូច អ្នកមង្គលបូរី អ្នកបន្ទាយមានជ័យ បានគាំទ្រ ជឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ។ សង្ឃឹមថា បងប្អូន នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ ដើម្បីបានសម្តេចតេជោ បានដឹកនាំ និងបម្រើបងប្អូនបន្តទៀត ។
ក្នុងឱកាសនោះ មានការឧបត្ថម្ភដល់គ្រូពេទ្យ គ្រូ សិស្ស យុវជន និងច្រើនក្រុម ប្រជាជន។ ហើយឆ្លើយតបនូវការបិណ្ឌបច្ច័យ ២ ម៉ឺនដុល្លារដើម្បីកសាងសាលាឆាន់បន្តក្នុងវត្ត ដោយលោកអ៊ុំ រាត្រី អភិបាលខេត្ត និងលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្ត ជាអ្នកចេញចំណាយ ។ ចំណែកលោកបណ្ឌិតផ្ទាល់ បានប្រគេន ៣០ លានរៀល ដល់វត្ត ដើម្បីយកទៅដោះស្រាយការចំណាយនានា៕/V/r