ដោយ:មុនីរ័ត្ន/ភ្នំពេញ : ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនស្ត្រីស្រស់ស្អាតឈ្មោះ ញឹម សុខឡេង ដែលជាអ្នកលក់ផលិតផលតាមអនឡាញពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន។ សមត្ថកិច្ចចាប់ខ្លួនស្ត្រីរូបនេះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់អតីតម្តាយក្មេក ប្តឹងពីទជេរប្រមាថជាសាធារណៈ បទហឹង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន។
បើតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ចៅក្រម កេត សុជាតិ បានសម្រេចមិនឃុំខ្លួនស្ត្រីឈ្មោះ ញឹម សុខឡេង នោះទេ ដោយដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់កាលពីថ្ងៃទី១៩ ខែឧសភា ថា “ករណីខាងលើតំណាអយ្យការបានបើកការស៊ើបសួររួចហើយ។ កាលណាតំណាងអយ្យការបើកការស៊ើបសួរ មានន័យថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ទៅចៅក្រមស៊ើបសួរនូវអង្គហេតុដែលបានបង្កើតបាននូវអត្ថិភាពនៃបទល្មើសហើយ”។
សូមជម្រាបថា សមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីដែលជាអ្នកលក់ផលិតផលតាមអនឡាញទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភាខណៈមានអ្នកអន្តរាគមន៍រត់ការដោះលែងស្ត្រីរូបនោះនៅក្រៅឃុំ។ នេះបើយោងតាមប្រភពពីសាលាដំបូងរាជធានីភ្នំពេញ។
ស្ត្រីស្រស់ស្អាតដែលចាប់ខ្លួនបញ្ជូនទៅតុលាការមានឈ្មោះ ញឹម សុខឡេង អាយុ២៧ឆ្នាំ មានទីលំនៅក្នុងបុរីប៉េងហួតបឹងស្នោ ផ្ទះលេខ៤៧ ផ្លូវP២១ សង្កាត់ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី១៨ ខែឧសភា នឹងបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈ បទហិង្សាដោយចេតនា និងបទរំលោភលំនៅដ្ឋាន ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែឧសភា នៅរាជធានីភ្នំពេញ៕