ដោយៈ បាយ័ន / សៀមរាបៈ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះរដ្ឋបាលខេត្តសៀមរាប បានសម្ពោធដាក់ឱ្យដំណើរការ ស្ថានីយ៍ប្រព្រឹត្តិកម្មសំណល់ភក់និងការផលិតជីសរីរាង្គ ស្ថិតក្នុងភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ដែលស្ថានីយ៍នេះ បានចាប់ផ្តើមការសាងសង់ នៅខែឧសភា ឆ្នាំ២០២២និងបិទបញ្ចប់ការដ្ឋានសាងសង់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
ពិធីនេះដែរ មានការចូលរួមពីលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ,លោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា សមាគមAIMF និងជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និង លោកKarim ZAIDY តំណាងប្រធានស្ថាប័ន SIAAP ដោយមានការចូលរួមពីសំណាក់តំណាងអភិបាលក្រុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានក្រុមប្រឹក្សាខេត្តកំពត
អភិបាលរងខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងតំណាងមកពីសាលារាជធានីភ្នំពេញព្រមទាំងប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្តសៀមរាប ។
លោក ចិក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បាននិយាយថាខេត្តសៀមរាប ជាសមាជិករបស់សមាគមអភិបាលក្រុងនិយាយភាសាបារាំង(AIMF) ចាប់ពីឆ្នាំ២០០០ មក ហើយបានចូលរួមក្នុងការអភិវឌ្ឍបណ្តាញកែច្នៃភក់ចេញពីលូទឹកកខ្វក់ទៅជាជីកសិកម្ម ក្នុងគោលបំណងពីរទន្ទឹមគ្នា គឺការកែលំអអនាម័យសាធារណៈ និងការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្ម សម្រាប់ជីកសិកម្ម(ជីសរីរាង្គ)។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានសំដែងនូវការកោតសរសើរនិងថ្លែងអំណរគុណចំពោះ ម្ចាស់ជំនួយទាំងអស់ ដែលបានចូលរួមសហការជំរុញ គាំទ្រសម្របសម្រួលអនុវត្ត ធ្វើឱ្យលេចចេញនូវសមិទ្ឋផល នាពេលនេះ ព្រោះថាគម្រោងផលិតជីសរីរាង្គ គឺជាគម្រោងដ៏មានតម្លៃពហុវិស័យ ដែលចូលរួមលើកកម្ពស់សុខមាលភាពសង្គម និងលើកកម្ពស់កម្រិតជីវភាព ដល់ បងប្អូនប្រជាកសិករនានាដោយហេតុថា គម្រោងនេះមានគោលបំណង កែច្នៃភក់ដែលចេញពីកាកសំណល់មនុស្ស (លាមក) ធ្វើជីកសិកម្មជីមមោគ។ បង្កើតខ្សែច្រវាក់ទីផ្សារ ជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការ វិស័យកសិកម្ម ដល់ប្រជាកសិករឱ្យមានតម្លៃថោកជាងទីផ្សារ ។
លោកបាននិយាយទៀតថាៈ ការកែលម្អអនាម័យសាធារណៈ និងក្របខណ្ឌទូទៅនៃការគ្រប់គ្រងភក់ ចេញពីលូទឹកសម្អុយនេះ ក្រៅពីនោះ វានឹងបានរួមចំណែកយ៉ាងសំខាន់ ដល់ប្រព័ន្ធគ្រប់គ្រងសំណល់លូទឹក កខ្វក់ក្នុងក្រុងសៀមរាប ក្នុងនោះវានឹងក្លាយជាផ្នែកនៃការជំរុញឲ្យ ទីក្រុងសៀមរាប ក្លាយជាទីក្រុងដែលមានសោភ័ណភាព និងបរិស្ថានកាន់តែស្រស់ស្អាត ថែមទៀត សក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្អឯក ផ្អែកលើវប្បធម៌ធម្មជាតិ ប្រវត្តិសាស្រ្តដ៏យូរលង់ និងល្បីល្បាញ។
គួររំលឹកថា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់ AIMF ,សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យ នៅតំបន់ប៉ារីស (SIAAP) និងទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (AESN) បានរួមគ្នាអនុវត្តនូវគម្រោងផលិតជីសរីរាង្គក្រោមការសហការដៃគូអភិវឌ្ឍសាធារណៈរដ្ឋបារាំង នៅខេត្តសៀមរាប ដោយប្រើថវិកាជាពីរជំហាន គឺ៖ ទី១. សិក្សាគម្រោងដែលជាជំនួយ របស់រដ្ឋបាលអូដឺសេនប្រើថវិកាចំនួន ៨ ម៉ឺនយូរ៉ូ និង ទី២. គម្រោងផលិតជីកសិកម្ម (ជីមមោក)នៅខេត្តសៀមរាប គ្រោងនឹងអនុវត្តរយៈពេល ៤ឆ្នាំ ពីឆ្នាំ២០២០ ដល់ ២០២៤ដោយមានការចូលរួមពី រដ្ឋបាលខេត្តសៀមរាប ដែលបានស្នើទៅក្រសួងសាធារណការនិងដឹកជញ្ជូន ហើយក្រសួង បានឯកភាពផ្តល់នូវដី ចំនួន ៣ ហិកតាកន្លះស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ព្រមទាំងទទួលបានគាំទ្រឥណទានពីទីភ្នាក់ងារទឹក សែនណកម៉ង់ឌី (ASEN) ចំនួន៩សែនអឺរ៉ូ សមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF) ៤សែន អឺរ៉ូ និងសហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស (SIAAP) ចំនួន ៤សែនយូរ៉ូដែរសរុបសហហិរញ្ញប្បទានសម្រាប់អនុវត្តគម្រោងចំនួន ១លាន ៧សែនអឺរ៉ូ ៕ V / N