ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិតជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន ២.១០៥ រូប លេីកគម្រោងផែនការ ត្រូវបំពាក់ជូនអតីតយុទ្ធជន នៅទូទាំងខេត្តកំពង់ធំ ចំនួន ៣.៤៤៧ រូប ដែលបានអញ្ជើញមកពីស្រុក/ក្រុងចំនួន៤ គឺស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោងដែលពិធីនេះ ប្រព្រឹត្តទៅ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងរាយការណ៍អំពីលទ្ធផលសំខាន់ៗ មួយចំនួន ដែលគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសម្រេចបាន នាពេលកន្លងមក ក្រោមការដឹកនាំ និងណែនាំផ្ទាល់ពីលោកទេសរដ្ឋមន្រ្តីនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ងួន រតនៈ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាៈ ក្នុងរយៈពេលកន្លងមកនេះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដំណើរការសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំដែលមានជីវភាពលំបាកខ្វះខាត បានចំនួន ៣៨៧ ខ្នងផ្ទះ ក្នុងនោះសាងសង់នៅតាមមូលដ្ឋាននានានៅទូទាំង៩ក្រុង /ស្រុកនៃខេត្តកំពង់ធំ បានចំនួន ២៤៦ ក្នុងផ្ទះនិងគណៈកម្មាធិការកណ្ដាល សមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ជូនបងប្អូនអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច បានចំនួន ១៤១ ខ្នងផ្ទះ។ ជាមួយនោះដែរសម្ដេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់ដីសម្បទានសង្គមកិច្ចជូនបងប្អូនអតីតយុទ្ធជន ចំនួន ១៤១ គ្រួសារ ដោយ ក្នុងមួយគ្រួសារ មួយហិតាកន្លះផងដែរ។
ក្រៅពីនោះទៀត បានដំណើរការបើកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន បានទាន់ពេលវេលា ក្នុងពិធីបុណ្យសព នឹងបានជួយដោះស្រាយនូវរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានា។
ថ្លែងនៅក្នុងកម្មវិធីនេះ លោកបណ្ឌិត ជា ចាន់តូ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើងដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ។
ក្នុងឱកាសនេះដែរ លោក ជា ចាន់តូ បានសូមកោតសរសើរនូវវីរភាពដ៍អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕ V / N