ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី២១ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកវិទ្យាល័យជាស៊ីម សន្ធរម៉ុក ជាមណ្ឌលប្រឡងជ្រើសរើសបេក្ខជនឱ្យ ចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៃរដ្ឋបាលរាជធានីភ្នំពេញសម្រាប់ឆ្នាំ២០២៣ តាមលិខិតលេខ៣៣៤ សជណ ចុះថ្ងៃទី២ កុម្ភ: ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃស្តីពីការជ្រើសរើសក្របខណ្ឌ័មន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ ក្រោមជាតិសម្រាប់ផែនការក្របខ័ណ្ឌឆ្នាំ២០២៣។
រដ្ឋបាលរាជធានីភ្នំពេញក៏បានចាត់តាំងមន្ត្រីរាជការឱ្យចូលរួមជាសមាជិក គណៈកម្មការ និងអនុគណៈកម្មការចំនួនប្រាំបី ដើម្បីទទួលខុសត្រូវតាមភារកិច្ចរៀងៗខ្លួនក្នុងមណ្ឌលប្រឡង។ ការកាត់វិញ្ញាសារប្រឡងត្រូវបានធ្វើឡើងនាព្រឹកព្រលឹម ថ្ងៃទី២១ ខែឧសភា ដោយមានការចូលរួមពីលោក ឯល ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ, លោក ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក កើត ឆែ អភិបាលរងតំណាងឲ្យលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ។ សម័យប្រឡងនេះធ្វើឡើងរយ:ពេលមួយព្រឹកដែលមានបេក្ខជនបេក្ខនារីចូលរួមប្រឡងចំនួន២.២៤៤រូប, ជានារីចំនួន១.០០២រូប ស្មើនឹង៩១បន្ទប់។
តាមការគូសបញ្ជាក់ពីគណៈកម្មការមេប្រយោគឲ្យិដឹងថា៖ ប្រភេទក្របខណ្ឌ័ត្រូវបានចែកចេញជា៣គឺ (ក)ទីស្តីការក្រសួងមហាផ្ទៃ មានក្របខណ្ឌ័មន្ត្រីរដ្ឋបាលជាន់ខ្ពស់ជ្រើសរើស១៥នាក់ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន៤៥០នាក់។ ក្របខណ្ឌមន្ត្រីក្រមការជ្រើសរើស១៥នាក់ក្នុងចំណោមបេក្ខជន៤៨៩នាក់, ក្របខណ្ឌលេខាធិការរដ្ឋបាល ត្រូវជ្រើសរើស១០នាក់ ក្នុងចំណោមបេក្ខជន៦៥៦នាក់។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញមានក្របខណ្ឌ័មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ជ្រើសរើស៥នាក់ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងចំនួន១៤១នាក់។ ក្របខណ្ឌ័មន្ត្រីក្រមការជ្រើសរើស៥នាក់ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡង១៦០នាក់, និងក្របខណ្ឌ័លេខាធិការរដ្ឋបាលបាល ត្រូវជ្រើសរើស៥ នាក់ក្នុងចំណោមបេក្ខជន៣៤៨នាក់។ ចំពោះការប្រឡងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ធ្វើឡើងលើវិញ្ញាសារ ជំនាញឯកទេសនិងភាសារអង់គ្លេសមានរយះពេល២ម៉ោង, ក្របខណ្ឌមន្ត្រីក្រមការប្រឡងលើវិញ្ញាសារជំនាញ និងភាសារអង់គ្លេសរយះពេល២ម៉ោង។ ចំពោះក្របខណ្ឌលេខាធិការរដ្ឋបាលប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ,ចំណេះដឹងការងាររដ្ឋបាល និងចំណេះដឹងលើវិស័យមុខងារសាធារណៈមាន រយ:ពេល២ម៉ោងដូចគ្នា។ ការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជគារស៊ីវិលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីបំពេញសំណូមពរ ចាំបាច់ នៃតម្រូវការភារកិច្ចចំពោះមុខហើយបេក្ខជន បេក្ខនារីទាំងអស់ត្រូវបាន ប្រឡងជ្រើសរើសចេញពីសិស្ស.និស្សិតដែលបានប្រឡងជាប់ចាប់ពីកំរិតទុតិយភូមិឡើងទៅ៕/រ