ប្រែសម្រួលៈបំណង(CNA)៖ ចិនកាលពីថ្ងៃសៅរ៍បានសម្តែង«ការមិនពេញចិត្តខ្លាំង»ជាមួយនឹងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមមេដឹកនាំG7ដែលសំដៅមកកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងអំពីបញ្ហានានារួមមានសមុទ្រចិនខាងត្បូង សិទ្ធិមនុស្សនិងការចោទប្រកាន់ថាចិនជ្រៀតជ្រែកក្នុងលទ្ធិប្រជាធិបតេយ្យរបស់គេ។
ក្រុមមេដឹកនាំទៅពីប្រជាជាតិមានទ្រព្យធនចំនួនប្រាំពីរ (G7)រួមមានប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន បាននិងកំពុងចូលរួមជំនួបកំពូលនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនចាប់តាំងពីថ្ងៃសុក្រ។កាលពីម្សិលមិញ ប្លុកនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវអោយចិន«កុំធ្វើសកម្មភាពជ្រៀតជ្រែក»និងបានសម្តែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅចិន ជាពិសេសនៅតំបន់ស៊ីនជាំង និងនៅទីបេតិ៍ នៅចុងខាងលិចប្រទេសចិន។
ពួកគេក៏បាននិយាយថា បណ្តាប្រទេសG7«មានការព្រួយបារម្ភជាពន់ពេក»អំពីជម្លោះដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដោយចោទប្រកាន់ចិនដោយផ្ទាល់ថាប្រើឥរិយាបទបង្ខិតបង្ខំបំភិតបំភ័យ។មេដឹកនាំG7ក៏បានទទូចសុំអោយចិនប្រើឥទ្ធិពលរបស់ខ្លួនដើម្បីដាក់សម្ពាធលើរុស្ស៊ីអោយបញ្ចប់ការឈ្លានពានប្រទេសអ៊ុយក្រែន។
តែក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃសៅរ៍បានតបវិញដោយថា «ទោះយ៉ាងមិចក៏ដោយ មធ្យោបាយរបស់G7មិនមានជំនឿទុកចិត្តជាអន្តរជាតិ»ទេ។អ្នកនាំពាក្យក្រសួងលោកវ៉ាង វិនពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា« G7នៅតែឆ្លៀតប្រើបញ្ហាទាក់ទងនឹងចិនជាល្បិលកលនយោបាយ មួលបង្កាច់និងវាយប្រហារចិន។ចិនសម្តែងទោមនស្សជាខ្លាំងនិងប្រឆាំងជំទាស់ដាច់ខាត ព្រមទាំងធ្វើការតវ៉ាផ្លូវការទៅកាន់ជប៉ុន ដែលជាម្ចាស់ផ្ទះនៃជំនួបកំពូលនេះ ព្រមទាំងភាគីពាក់ព័ន្ធដទៃទៀត»។
សេចក្តីថ្លែងការណ៍របស់G7 សង្កត់ធ្ងន់អំពីសារសំខាន់នៃសន្តិភាពនិងស្ថិរភាពកាត់ច្រកសមុទ្រតៃវ៉ាន់ តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានឆ្លើយតបដោយធ្វើការរិះគន់ប្លុកនេះថាមិនបានបង្ហាញការប្រឆាំងច្បាស់លាស់របស់ខ្លួនចំពោះឯករាជ្យភាពតៃវ៉ាន់។
លោកវ៉ាងបាននិយាយថា«G7ខំស្រែកថាខ្លួនចង់បានពិភពលោកមានសន្តិភាព ស្ថិរភាពនិងសំបូរសប្បាយមួយ តែតាមពិតក្រុមនេះកំពុងរារាំងសន្តិភាពពិភពលោក បំផ្លាញស្ថិរភាពតំបន់និងរារាំងការអភិវឌ្ឍរបស់ប្រទេសដទៃ»៕
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនពីន ប្រតិកម្មធ្ងន់ៗទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រុមមេដឹកនាំG7ដែលកំពុងជួបប្រជុំនៅជប៉ុន