ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ នៅឯកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃអាទិត្យទី២១ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញឈិញ (Pham Minh Chinh)បានអំពាវនាវឱ្យដោះស្រាយជម្លោះតាមរយៈការសន្ទនាដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង។
ថ្លែងមតិក្នុងសម័យប្រជុំស្តីពី “ការឆ្ពោះទៅរកពិភពលោកសន្តិភាព ស្ថិរភាព និងវិបុលភាព” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន លោកឈិញបានលើកឡើងនូវសាររបស់វៀតណាមស្តីពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងពិភពលោកនិងក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមនឹងរួមចំណែកដល់សន្តិភាព មិនប្រើប្រាស់និងគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីព្រមទាំងធានាសន្តិសុខស្បៀងអាហារ ថាមពល និងប្រជាជន។
លោកឈិញបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដោះស្រាយជម្លោះតាមរយៈការសន្ទនានិងការចរចា ស្វែងរកដំណោះស្រាយរយៈពេលវែង ដោយគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់ភាគីទាំងអស់។ លោកឈិញបានបញ្ជាក់ថា វៀតណាមមិនកាន់ជើងខាងណាទេ ប៉ុន្តែជ្រើសរើសយុត្តិធម៌និងសមភាព។
យោងតាមលោកនាយករដ្ឋមន្ត្រី គុណតម្លៃនៃទំនុកចិត្ត ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវត្រូវបានវៀតណាមបង្ហាញយ៉ាងខ្ជាប់ខ្ជួនតាមរយៈគោលនយោបាយកិច្ចការបរទេសឯករាជ្យ ការពឹងខ្លួនឯង សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងពហុភាគីនិយម។
អំពីបញ្ហាក្នុងតំបន់ នាយករដ្ឋមន្ត្រីឈិញសង្ឃឹមថាសហគមន៍អន្តរជាតិនិងដៃគូនានានឹងគាំទ្រតួនាទីរបស់អាស៊ានក្នុងការកសាងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងភាពធន់ក្នុងតំបន់។ ប្រជាជាតិនានាត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតហើយឆ្ពោះទៅរកការសម្រេចបាននូវក្រមប្រតិបត្តិជាក់ស្តែងនិងមានប្រសិទ្ធភាពនៅសមុទ្រខាងកើតស្របតាមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) ។
នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីនានាមានការអត់ធ្មត់និងកុំចាត់វិធានការដែលធ្វើឱ្យស្ថានភាពកាន់តែស្មុគស្មាញនិងរំលោភលើអធិបតេយ្យភាព សិទ្ធិ និងយុត្តាធិការនៃប្រទេសពាក់ព័ន្ធ ដែលបង្កើតឡើងដោយ UNCLOS ផងដែរ៕
លោកឈិញ(ស្តាំ)ជួបប្រធានាធិបតីអាម៉េរិកបៃដិន (ឆ្វេង) និងប្រធានាធិបតីប្រេស៊ីលលូឡា ក្នុងក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃអាទិត្យ