ការគ្រប់គ្រង​ហានិភ័យ​គ្រោះមហន្តរាយ​បែប​ឆ្លាត​វៃ​អាចជួយ​សង្គ្រោះ​អាយុជីវិត​

4883
ចែករម្លែក
  • ​រាជរដ្ឋាភិបាល​កម្ពុជា និង យូ​អិន​ធី​ភី រួមគ្នា​ពង្រឹង​កិច្ចសម្របសម្រួល​ក្នុងការ​កាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ​

​(ភ្នំពេញ)៖ ក្នុង​ការបន្ត​ស្មារតី​នៃ​សន្និសីទ​ប្រចាំ​អាស៊ី​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​គ្រោះមហន្តរាយ ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​កាលពី​ដើមខែ​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​នៃ​ប្រទេស​កម្ពុជា និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (​យូ​អិន​ឌី​ភី​,UNDP) ថ្ងៃនេះ​បានរៀបចំ​ការពិគ្រោះ​យោបល់​ស្តីពី​ការអនុវត្ត និង​តាមដាន​កិច្ចព្រមព្រៀង​ជាស​កល​ដំបូងបង្អស់​មួយ​ស្តីពី​របៀបវារៈ​អភិវឌ្ឍន៍​នៅក្រោយ​ឆ្នាំ ២០១៥ ដែលជា​ក្របខ័ណ្ឌ​ការងារ​សែន​ដាយ SFDRR សម្រាប់​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ឆ្នាំ ២០១៥-២០៣០​។​

​ឯកឧត្តម ឡាំ ហេង​ហួត អគ្គលេខា​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​មាន ប្រសាសន៍ថា “​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ ធ្វើ​ឲ្យ​ប្រជាជន ជាពិសេស​ស្ត្រី និង​កុមារ​ស្ថិតក្នុង ស្ថានភាព​ងាយ​រងគ្រោះ​។ រាជរដ្ឋាភិបាល​កម្ពុជា​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ការ​កាត់ បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។ ខ្ញុំ​សុំ​ស្នើ​ដល់​ដៃគូ​ទាំងអស់​បន្ត​សហការ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការ ប្រែប្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយ​នានា ក្នុង​គោលដៅ​ចូលរួម​លុបបំបាត់​ភាពក្រីក្រ នៅក្នុង​ប្រទេស​របស់​យើង​។​”

​ការជួប​ប្រឈម​គ្រោះមហន្តរាយធម្មជាតិ​មិនមែនជា​ករណី​ថ្មី​ឡើយ​សម្រាប់​កម្ពុជា​។ កាលពី​ឆ្នាំ ២០១៥ ប្រទេស​កម្ពុជា​បាន​រងគ្រោះ​ពី គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​មួយ ដែល​ពុំ​ធ្លាប់​កើតមាន ក្នុង​រយៈពេល​ប្រមាណ​ពាក់កណ្តាល​សតវត្ស​រ៍ម​ក​នេះ​។ នៅ​ឆ្នាំ ២០១៣ ទឹកជំនន់​បាន​ប៉ះពាល់ ដល់​ខេត្ត​ចំនួន ២០​ក្នុងចំណោម​ខេត្ត​ទាំង​២៥ របស់​ប្រទេស​កម្ពុជា ដែល​បណ្តាល​ឲ្យ​បាត់បង់​ជីវិត មនុស្ស ១៨០​នាក់ និង​បង្ក​ការខូចខាត​គិត​ជា​ទឹកប្រាក់​ច្រើនជាង ១,៧​លាន​ដុល្លា​។ ទឹកជំនន់​នៅ​ឆ្នាំ ២០១១ បាន​ឆក់យក​ជីវិត​មនុស្ស ២៤៥​នាក់ បាន​បំផ្លាញ​ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​។ របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​រដ្ឋាភិបាល​កាលពី​ខែមិថុនា បាន​រកឃើញថា ប្រសិនបើ​កំណើន សីតុណ្ហភាព​លើ​ពិភពលោក​ត្រូវបាន​រក្សា​ត្រឹម​ក្រោម ២ អង្សា​សេ គិត​ត្រឹម​ឆ្នាំ ២១០០ ហើយ ការវិនិយោគ​លើ​ការ​បន្ស៊ាំ​នៅ​កម្ពុជា​បន្ត​ស្ថិតនៅក្នុង​កម្រិត​បច្ចុប្បន្ន​នោះ​ការប្រែប្រួល​អាកាសធាតុ នឹង​កាត់បន្ថយ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​)​នៃ​ប្រទេស​នេះ ៩,៨​ភាគរយ នៅ​ឆ្នាំ ២០៥០​។​

​កិច្ចប្រឹងប្រែង​បច្ចុប្បន្ន​របស់​អង្គការ ស្ថាប័ន​នានា ក្នុងការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ នៅ​កម្ពុជា​នៅមានកម្រិត​នៅឡើយ ហើយក៏​ពុំមាន​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​ការងារ​កាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ ដែល​បន្ស៊ី​គ្នា​ជាមួយ​គោលដៅ​នៃ​ក្របខ័ណ្ឌ​សែ​នន​ដាយ​ដែរ​។​

​កិច្ច​ពិគ្រោះ​យោបល់​ថ្ងៃនេះ​មាន​សារសំខាន់​យ៉ាងខ្លាំង ក្នុងការ​បង្កើន​ការយល់ដឹង​រួមគ្នា​បន្ថែមទៀត អំពី​ក្របខ័ណ្ឌ​សែន​ដាយ​។ លើសពីនេះ​ទៀត​គឺ​ផ្តោត​សំខាន់​លើ ការផ្តល់​កិច្ច​គាំទ្រ​ដល់ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ធ្វើការ​សម្របសម្រួល​ឲ្យ​បាន​ប្រសើរ​ជាង មុន​នូវ​កិច្ចប្រឹងប្រែង​នានា ក្នុងការ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​។ ជាពិសេស វា​គឺជា​ការ ត្រៀម រួចរាល់​ដើម្បី​ជួយសង្គ្រោះ​សហគមន៍ និង​ជីវិត​គ្រប់ពេល​ដែលមាន​គ្រោះមហន្តរាយ កើតឡើង​។ ពិធី​ពិគ្រោះ​យោបល់​នេះ​ប្រព្រឹត្តទៅ​បន្ទាប់ពី​ការបង្កើតឡើង​នូវ សូចនាករ​ជាស​កល និង​ផែនការ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ការអនុវត្ត​ក្របខ័ណ្ឌ​សែន​ដាយ​។​

​ពិធី​នេះ​មានការ​ចូលរួម​ដោយ​ភ្នាក់ងារ​អនុវត្ត ដៃគូ​នានា​មកពី​ស្ថាប័ន​អង្គការសហប្រជាជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាង ៦០ នាក់ ដែល​នឹង​ជម្រុញ​ឲ្យ​អ្នកចូលរួម​ធ្វើការ​ពិចារណា អំពី​វិធី​ដែល​អាច​ឲ្យ​ពួកគេ​រួមគ្នា​រួមចំណែក​ក្នុងការ​សម្រេច​គោលដៅ​នៃ​ក្របខ័ណ្ឌ​សែន​ដាយ​នៅ​កម្ពុជា តាមរយៈ​ការពិចារណា​លើ​គោលការណ៍​ណែនាំ​ដែលមាន​ស្រាប់​របស់​រាជរដ្ឋាភិបាល​នៅពេល ចាប់ផ្តើម​គម្រោង​ថ្មីៗ ដើម្បី​ធ្វើការ​កាន់តែ​ជិតស្និទ្ធ និង​បង្កើន​កិច្ចសហការ​កាន់តែ​ល្អ​ជាង​មុន​។​
​អ្នកចូលរួម​ក្នុង​ពិធី​នេះ​បាន​ពិចារណា​លើ​បញ្ហា និង​ភាពខ្វះ​ចន្លោះ ដែល​រាំងស្ទះ​ដល់​វឌ្ឍនភាព នៃ​ការសម្រេច​គោលដៅ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​របស់​ប្រទេស​កម្ពុជា​។​

​លោក Nick Beresford នាយក​ប្រចាំ​ប្រទេស នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ មាន​ប្រសា​សនា៍ “​យូ​អិន​ឌី​ភី បាន​ផ្តួចផ្តើម​ឲ្យ​មាន​ពិធី​នេះ​ឡើង ក្រោម​ភាពជា​ដៃគូ​ជាមួយ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ ព្រោះថា​ទោះបី​កម្ពុជា​បានធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​យ៉ាងច្រើន ដែល​រួមមាន ការរៀបចំ​ផែនការ​សកម្មភាព​ជាតិ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ច្បាប់​ស្តីពី​ការគ្រប់គ្រង គ្រោះមហន្តរាយ ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ (២០១៤ ដល់ ២០២៣) និង​ប្រព័ន្ធ​ទិន្នន័យ​ការបាត់បង់​និង​ការខូចខាត​ដោយសារ​គ្រោះមហន្តរាយ​ក៏ដោយ ក៏មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​។​”

​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​នូវ​ការ​គម្រាមកំហែង​ដែល​បង្កដោយ​គ្រោះមហន្តរាយធម្មជាតិ​មកលើ​សុវត្ថិភាព​របស់​សហគម​ន៍ និង​ការអភិវឌ្ឍ ជាពិសេស ការចាប់ផ្តើម​ទទួលរង​ផលប៉ះពាល់​ពី​ការ ប្រែប្រួល​អាកាសធាតុ​។ ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​ការ​បន្ស៊ាំ​នឹង​អាកាសធាតុ ត្រូវបាន​ចាត់ទុក​ជាអាទិ​ភាព​រួចមកហើយ​។​

​ប្រទេស​កម្ពុជា​កំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការសហប្រជាជាតិ និង​អាស៊ាន ជាពិសេស មជ្ឈមណ្ឌល​អាស៊ាន​សម្របសម្រួល​ជំនួយ​មនុស្សធម៌​សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre) ក្នុងការ​សម្រេច​គោលដៅ “​អាស៊ាន​មួយ ការឆ្លើយតប​មួយ​” ដើម្បី​ឆ្លើយតប​កាន់តែ ឆាប់រហ័ស និង​ការសម្របសម្រួល​ថ្នាក់​តំបន់​កាន់តែ​ប្រសើរ​លើ​បញ្ហា​គ្រោះមហន្តរាយ​។​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមជាមួយ យូ​អិន​ឌី​ភី និង​ដៃគូ​ដទៃទៀត​កំពុង អនុវត្ត​ការបណ្តុះបណ្តាល អំពី​ការវាយតម្លៃ​លើ​តម្រូវការ​បន្ទាប់ពី​គ្រោះមហន្តរាយ​ដែលជា​ផ្នែក មួយ​នៃ​ការត្រៀម​បង្ការ​របស់​ប្រទេស​កម្ពុជា​សម្រាប់​យុទ្ធសាស្ត្រ​ស្តារឡើងវិញ​។ នៅក្នុង​សន្និសីទ ប្រចាំ​អាស៊ី​សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដែល​ធ្វើឡើង​នៅ​ប្រទេស​ម៉ុង​ហ្គោ​លី រដ្ឋាភិបាល​នានា រួមទាំង​កម្ពុជា​ផងដែរ បានអនុម័ត​សេចក្តីថ្លែងការណ៍​ក្រុង​អ៊ុន​ឡាន​បា​ទ័​រ និង​ផែនការ​សកម្មភាព Ulaanbaatar Declaration and Action Plan ឆ្នាំ ២០១៨-២០២០ ដោយ​អំពាវនាវ​ឲ្យ​មានការ​ប្រែក្លាយ​វេទិកា​ពិភពលោក​នានា ទៅជា​គោលនយោបាយ និង​ការអនុវត្ត ដើម្បី​សម្រេចបាន​ភាព​ធន់​នៅ​ថ្នាក់ជាតិ ក្នុងចំណោម​សកម្មភាព​ដទៃទៀត​។​

​កម្ពុជា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​អះអាង​ឡើងវិញ​នូវ​ការប្តេជ្ញា​របស់ខ្លួន​ចំពោះ​ការកាត់បន្ថយ ហានិភ័យ ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​ដែល​ធន់​ចំពោះ​ហានិភ័យ​។​

​យូ​អិន​ឌី​ភី​មាន​គោលដៅ​ជួយ​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​គោលដៅ​របស់ខ្លួន ដើម្បី​ពង្រីក​ការវិភាគ រៀបចំ​ផែនទី​ហានិភ័យ យុទ្ធសាស្ត្រ​ជាតិ​ដើម្បី​តាមដាន និង​រាយការណ៍​អំពី​វឌ្ឍនភាព​ជាតិ​ក្នុងការ សម្រេច​ក្របខ័ណ្ឌ​សែន​ដាយ​។​

​លោក Muhibuddin Usamah មកពី យូ​អិន​ឌី​ភី បាន​យោង​ទៅ​ច្បាប់​ជាតិ​ស្តីពី​ការគ្រប់គ្រង គ្រោះមហន្តរាយ និង​ផែនការ​សកម្មភាព​ជាតិ​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ និង​បាន​សង្កត់ ធ្ងន់​ថា ខ្លឹមសារ​ភាគច្រើន​នៃ​គោលនយោបាយ​របស់​កម្ពុ​ជាមាន​ការពាក់ព័ន្ធ​ជាមួយ​ក្របខ័ណ្ឌ ក្រុង​សែន​ដាយ​។​

​លោក Usamah បានលើកឡើង​ទៀតថា “​លទ្ធផល​សំខាន់ៗ​ពី​ការពិគ្រោះ​យោបល់​នេះ គឺ​ការរៀប ចំ​ផែនទី​បង្ហាញផ្លូវ​មួយ ក៏ដូចជា​ការអនុវត្ត​យុទ្ធសាស្ត្រ​នានា ឆ្ពោះទៅ​សម្រេច​ផែនការ​សកម្មភាព ជាតិ​ក្រោម​ក្របខ័ណ្ឌ​សែន​ដាយ និង​ការធ្វើ​ឲ្យ​ក្របខ័ណ្ឌ​សែន​ដាយ​ឆ្លើយតប​ទៅនឹង​បរិបទ​នៃ​ប្រទេស កម្ពុជា​។ វា​តម្រូវ​ឲ្យ​មានការ​កៀរគរ​នូវ​ការចូលរួម​យ៉ាងសកម្ម និង​កិច្ចសហការ​នៃ​អ្នកពាក់ព័ន្ធ ទាំងអស់​នៅក្នុង​ប្រទេស​នេះ នៅក្រោម​ការដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែលជា​ស្ថាប័ន​សម្របសម្រួល​៕ (​អត្ថបទ​និង​រូប​ផ្តល់​ដោយ​យូ​អិន​ឌី​ភី​ថ្ងៃ​២០​ខែកក្កដា​២០១៨)

ទីតាំងផ្សាយពាណិជ្ជកម្ម