ប្រែសម្រួល : កញ្ញាដាលីស (The Drive) ៖ ល្បែងឆ្មាកណ្តុររវាងនាវាមុជទឹករបស់ចិននិងកងកម្លាំងយោធាសហរដ្ឋអាម៉េរិក ដែលមានភារកិច្ចតាមដានគ្នាទៅវិញទៅមកបានកើនឡើងទាំងវិសាលភាពនិងកម្រិតញឹកញាប់នៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ឧទាហរណ៍ជាក់ស្តែងរឿងនេះត្រូវបានគូសបញ្ជាក់ដោយរបាយការណ៍របស់កាសែតចិននាពេលថ្មីៗនេះអំពីឧបទ្ទវហេតុដែលបានកើតឡើងនៅថ្ងៃទី ៥ ខែមករាឆ្នាំ២០២១ដែលព័ត៌មានលម្អិតមួយចំនួនត្រូវបានទីបញ្ជាការកំពូលរបស់យោធាអាម៉េរិកនៅតំបន់ប៉ាស៊ីហ្វិកជំទាស់។
កាសែត South China Morning Post ឬ SCMP ដែលមានការិយាល័យធំនៅហុងកុង បានចុះផ្សាយរឿងដំបូងរបស់ខ្លួនអំពីឧបទ្ទវហេតុនេះកាលពីថ្ងៃទី ១៥ ខែឧសភា។កាសែតនេះបាននិយាយថា វគ្គនេះ ដែលព័ត៌មានលម្អិតរបស់វាត្រូវបានបង្ហាញនៅក្នុងឯកសារស្រាវជ្រាវជាភាសាចិនដែលសរសេរដោយក្រុមសមាជិកកងទ័ពរំដោះប្រជាជន (PLA)គឺមានការពាក់ព័ន្ធជាមួយ”យន្តហោះចារកម្ម” អាម៉េរិកមិនបានបញ្ជាក់ឈ្មោះចំនួនបីគ្រឿងចូលរួមក្នុង “ការតាមប្រមាញ់នាវាមុជទឹករបស់ចិន”។
អ្នកស្រាវជ្រាវម្នាក់បានរាយការណ៍ថា យន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះបានចូលមកកៀកក្នុងចម្ងាយ ១៥០ គីឡូម៉ែត្រនៃទីក្រុងហុងកុង ដែលបណ្តាលឱ្យមានប្រតិកម្មពី PLA យ៉ាងខ្លាំងក្លា។
ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក (INDOPACOM)បានបញ្ជាក់ទៅកាន់សារព័ត៌មានThe War Zone ថាកងកម្លាំងចិនបានហោះស្ទាក់យន្តហោះល្បាតដែនសមុទ្ររបស់កងទ័ពជើងទឹកអាម៉េរិក P-8A Poseidon ចំនួនពីរដងនៅតំបន់ភាគខាងជើងនៃសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១។ ទោះយ៉ាងណា ទីបញ្ជាការនេះបានបដិសេធថា យន្តហោះខ្លួនមិនបានហោះជិតទីក្រុងហុងកុងខុសធម្មតានោះទេ។
បន្ទាប់ពី SCMPបានចេញផ្សាយអត្ថបទនេះ The War Zone បានទាក់ទងទៅកាន់ INDOPACOM និងកងនាវាទី៧របស់សហរដ្ឋអាម៉េរិកសម្រាប់ព័ត៌មានបន្ថែម។ INDOPACOM គឺជាទីបញ្ជាការសំខាន់របស់យោធាអាម៉េរិកដែលមើលការខុសត្រូវប្រតិបត្តិការទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កងនាវាទី៧ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសជប៉ុនក៏មើលការខុសត្រូវប្រតិបត្តិការកងទ័ពជើងទឹកនៅប៉ាស៊ីហ្វិកខាងលិចដែរ រួមទាំងនៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យរបស់ INDOPACOMបានប្រាប់ The War Zone ក្នុងសេចក្តីថ្លែងការណ៍មួយថា “យន្តហោះ P-8A របស់អាម៉េរិក ដែលបានហោះហើរនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២១ត្រូវបានស្ទាក់ពីរដងក្នុងដែនអាកាសអន្តរជាតិរវាងកោះវូឌី (Woody) និងកោះហៃណាន ចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រពីទីក្រុងហុងកុង។ យន្តហោះអាម៉េរិកនិងសម្ពន្ធមិត្តតែងតែហោះហើរក្នុងដែនអាកាសអន្តរជាតិដើម្បីរក្សាការយល់ដឹងអំពីស្ថានភាពនិងពង្រឹងបទដ្ឋានអន្តរជាតិ”៕
យន្តហោះល្បាតអាម៉េរិក P-8A Poseidon