ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ឈួរ រស្មីឫទ្ធិ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខ តំណែង ប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងលោកអភិបាលខេត្ត បានចាត់ទុកពិធីប្រកាស ចូលកាន់មុខតំណែង ប្រធានមន្ទីរទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង នាពេលនេះ ជាការបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ លើកទឹកចិត្ត និងសហការគាំទ្រដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទីស្នូល និងភារកិច្ចរណបផ្សេងៗទៀត ។

លោកបានជំរុញដល់លោកប្រធានមន្ទីរ ដែលទើបទទួលការតែងតាំងថ្មី ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ដូចខាងក្រោម ៖ ១-ត្រូវបន្តយកចិត្តទុកដាក់បង្កើនកិច្ចសហការ និងទំនាក់ទំនងល្អ ជាមួយរដ្ឋបាលដែនដី គ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីរួមចំណែក ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងក្របខ័ណ្ឌនៃការកែ ទម្រង់ច្បាប់ ការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ ។

២-សូមបន្តជំរុញការអនុវត្តផែនការចុះផ្សព្វផ្សាយអប់រំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គោលសំខាន់ៗ ដែលពាក់ព័ន្ធនឹងការប្រតិបត្តិប្រចាំថ្ងៃ ផ្សារភ្ជាប់ចម្បងជាមួយនឹងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាបទដ្ឋានថ្មីៗ ដែលរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន បានដាក់ចេញ ឲ្យបានកាន់តែសកម្ម និងទូលំទូលាយថែមទៀត ។

៣-ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្ត្រីរាជការ ក្នុងវិជ្ជាជីវៈ ជាពិសេសផ្នែកច្បាប់ យន្តការ និងវិធីសាស្ត្រសម្រាប់ប្រើប្រាស់ ក្នុងការសម្របសម្រួល ដោះស្រាយវិវាទ និងការងារអធិការកិច្ចជាដើម ដើម្បីឲ្យឆ្លើយតប ទៅនឹងតម្រូវការការងារថ្មីៗ សំដៅធានានិរន្តរ៍ភាពការងាររបស់អង្គភាពឲ្យប្រព្រឹត្តទៅ ដោយរលូន និងល្អប្រសើរ ។

សូមជម្រាបជូនថា យោងប្រកាសលេខ០៤៦/២៣ ទ រ ព អ ប្រ.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំងលោក សៅ វណ្ណា ឋានន្តរស័ក្កិ វរៈមន្ត្រី ថ្នាក់លេខ១ ជាប្រធានមន្ទីរទំនាក់ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្វាយរៀង ជំនួសលោក សឹង សុខុម ដែលត្រូវចូលនិវត្ត៕/V/R