ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ភាគហ៊ុនក្នុងក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើននៅចិននិងកូរ៉េខាងត្បូង បានឡើងថ្លៃកាលពីថ្ងៃចន្ទ ក្រោយរដ្ឋាភិបាលទីក្រុងប៉េកាំងហាមមិនអោយក្រុមហ៊ុនម៉ាយក្រុន ថិចណរឡរជី(Micron Technology)របស់អាម៉េរិកលក់បន្ទះឈីបទៅកាន់ឧស្សាហកម្មសំខាន់ៗនៅក្នុងស្រុកចិន ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ ដែលវានឹងធ្វើអោយភាពតានតឹងពាណិជ្ជកម្មរវាងចិននិងអាម៉េរិកកម្រើកឡើងវិញ។
និយ័តករទូរគមនាគមន៍ចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនMicronបរាជ័យក្នុងការបង្ហាញថាវាមានសុវត្ថិភាព នៅក្នុងការត្រួតពិនិត្យបណ្តាញសន្តិសុខរបស់ខ្លួននិងថា ខ្លួននឹងប្លុក(បិទ)ការីនៃហេដ្ឋារចនាសម្ពន្ធសំខាន់ៗមិនអោយទិញឈីបពីក្រុមហ៊ុនអាម៉េរិកនេះទេ។
ទោះជាយ៉ាងណា និយ័តករចិនមិនបានផ្តល់ព័ត៌មានលម្អិតថាអ្វីជាហានិភ័យដែលខ្លួនបានរកឃើញនៅក្នុងផលិតផលរបស់ក្រុមហ៊ុនបន្ទះឈីបធំបំផុតរបស់អាម៉េរិកនេះចំពោះសន្តិសុខរបស់ចិនទេ។ចំណាត់វិធានការនេះជួបការប្រឆាំងជំទាស់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន តែវាក៏បានជួយអោយភាគហ៊ុនរបស់គូប្រជែងរបស់Micronនៅចិននិងនៅកន្លែងផ្សេងទៀតទទួលផល ដោយសារតែបណ្តាក្រុមហ៊ុនចិនដីគោកស្វះស្វែងរកទិញបន្ទះឈីបមកពីប្រភពផ្សេង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា « យើងប្រឆាំងខ្លាំងក្លាចំពោះការរឹតត្បិតដែលគ្មានមូលដ្ឋានពិត។អំពើនេះ ជាមួយនឹងការឆ្មក់ចូលឆែកឆេររួមទាំងការផ្តោតលើក្រុមហ៊ុនអាម៉េរិកដទៃទៀត វាមិនស៊ីគ្នានឹងការអះអាងរបស់ចិនដែលថាខ្លួនបើកចំហទីផ្សាររបស់ខ្លួន និងប្តេជ្ញាអនុវត្តក្របខណ្ឌនិយ័តកម្មបែបតម្លាភាព»នោះទេ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងអាម៉េរិកនិងចិនបានកើនឡើងនៅប៉ុន្មានខែមកនេះ ក្រោយសមត្ថកិច្ចចិនឆ្មក់ចូលឆែកឆេរនិងពិនិត្យលើក្រុមហ៊ុនអាម៉េរិក Mintz GroupនិងBainហើយអាម៉េរិករឹតបន្តឹងក្រុមហ៊ុនរបស់ខ្លួននិងប្រាប់ទៅសម្ពន្ធមិត្ត កុំអោយលក់បន្ទះឈីបបច្ចេកវិទ្យាខ្ពស់និងឧបករណ៍ផលិតវាទៅអោយក្រុមហ៊ុនចិនដោយសារខ្លាចយកទៅប្រើក្នុងវិស័យយោធាចិន។
Micronជាក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិកទីមួយដែលត្រូវបានផ្តោតចាប់កំហុសពីរដ្ឋាភិបាលចិនក្រោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់ការកំហិតជាបន្តបន្ទាប់លើក្រុមហ៊ុនអាម៉េរិកក្នុងការនាំចេញផលិតផលនិងឧបករណ៍ផលិតបន្ទះឈីបទៅអោយក្រុមហ៊ុនចិន ក្នុងបំណងរារាំងសមត្ថភាពយោធារបស់ចិន។
ចំណាត់ការនេះកើតកើតឡើងភ្លាមក្រោយក្រុមប្រទេសG7ជួបប្រជុំគ្នានៅជប៉ុននិងវាយប្រហាររិះគន់ចិន តែបានយល់ព្រមមិនបង្កហានិភ័យឬមិន«មិនចូលរួមពាក់ព័ន្ធ»សេដ្ឋកិច្ចជាមួយចិនហើយប្រធានាធិបតីអាម៉េរិកលោកចូ បៃដិន បានអំពាវនាវបង្កើត«ខ្សែទូរស័ព្ទបើកចំហ»មួយរវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។
ក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយថាខ្លួន«មានបំណងចូលរួមពាក់ព័ន្ធដោយផ្ទាល់ជាមួយអាជ្ញាធរចិនដើម្បីពន្យល់លម្អិតអំពីជំហររបស់យើងនិងទទួលបានការបញ្ជាក់អំពីចំណាត់ការរបស់គេ។យើងក៏នឹងចូលរួមពាក់ព័ន្ធជាមួយសម្ពន្ធមិត្តសំខាន់ៗនិងដៃគូ ដើម្បីធានាថាយើងសម្របសម្រួលគ្នាយ៉ាងជិតដិតដើម្បីដោះស្រាយដំណើររអាក់រអួលនៃទីផ្សារបន្ទះឈីប បង្កឡើងដោយវិធានការរបស់ចិន»។
បំរាមលើផលិតផលឈីបរបស់Micronបានជួយអោយភាគហ៊ុនរបស់ក្រុមហ៊ុនប្រជែងឡើងថ្លៃកាលពីថ្ងៃចន្ទទី២២ឧសភា ជាពិសេសក្រុមហ៊ុនក្នុងស្រុកចិននិងកូរ៉េខាងត្បូង។ក្រុមហ៊ុនកូរ៉េខាងត្បូងSamsung និង SK Hynixដែលមានរោងចក្រនៅចិន សុទ្ធតែទទួលបានផលចំណេញពីចំណាត់ការរបស់ចិន៕