​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ យានជំនិះ​អគ្គិសនី​ត្រូវបាន​ចាត់ទុក​ថា​ជា​អនាគត​នៃ​ការដឹកជញ្ជូន​គ្មាន​ការបំភាយ​ឧស្ម័ន​ប៉ុន្តែ​រថយន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ចុងក្រោយ​នេះ​អាច​​ដំណើរការ​ដោយ​ពន្លឺព្រះអាទិត្យ​។​

​អ្នកស្រាវជ្រាវ​បាន​បង្កើត “​ស្លឹក​សិប្បនិម្មិត​” ដែល​ប្រើ​ពន្លឺព្រះអាទិត្យ​ដើម្បី​បំប្លែង​ទឹក​និង​កាបូនឌីអុកស៊ីត​ទៅជា​ឥន្ធនៈ​ដែល​មាន​ការបំភាយ​ទាប គឺ អេតាណុល​និង​ប្រូ​ផាណុល​។​

​ប្រសិនបើ​នេះ​ស្តាប់​ទៅ​ដូច​ធ្លាប់​ឮ ស្លឹក​សិប្បនិម្មិត​នេះ​ធ្វើ​ត្រាប់​តាម​រស្មី​សំយោគ ពោល​ជា​ដំណើរការ​ដ៏​ល្បីល្បាញ​ដែល​ប្រើ​ដោយ​រុក្ខជាតិ​ដើម្បី​បង្កើត​ថាមពល​របស់​វា​។​

​នៅក្នុង​មន្ទីរពិសោធន៍ អ្នកជំនាញ​បាន​ជ្រលក់​ស្លឹកឈើ​នេះ​នៅក្នុង​ទឹក​ដែល​បញ្ចូល​ឧស្ម័ន CO2 មុន​នឹង​បញ្ចេញ​ពន្លឺ​មកលើ​វា ដើម្បី​បង្ក​ឱ្យ​មាន​ប្រតិកម្ម​និង​បង្កើត​ឥន្ធនៈ​ពណ៌​បៃតង​។​ប៉ុន្តែ​នៅពេល​អ​​នាគ​ត រថយន្ត​អាច​នឹង​ត្រូវ​បាន​សាងសង់​ឡើង​ជាមួយ​នឹង​បច្ចេកវិជ្ជា​នេះ​ដើម្បី​ចាប់​យក​ពន្លឺព្រះអាទិត្យ ឧស្ម័ន​កាបូ​និក និង​ចំហាយ​ទឹក​នៅ​ក្នុង​ខ្យល់ ហើយ​ផលិត​ប្រេងឥន្ធនៈ​ក្នុង​ពេល​ធ្វើដំណើរ​។​

​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​ពណ៌នា​នៅក្នុង​ការសិក្សា​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ីច (Cambridge) និង​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Nature Energy ។​

​លោក​បណ្ឌិត ម៉ូ​ធៀ រ៉ា​ហា​ម៉ាន់ (Motiar Rahaman) ជា​អ្នកនិពន្ធ​ការសិក្សា​នេះ បាន​និយាយថា “​ការ​ចាំង​ពន្លឺ​ថ្ងៃ​នៅលើ​ស្លឹក​សិប្បនិម្មិត និង​ការទទួលបាន​ឥន្ធនៈ​រាវ​ពី​កាបូនឌីអុកស៊ីត​និង​ទឹក​គឺជា​គីមី​សាស្ត្រ​ដ៏​អស្ចារ្យ​”​។​

“​នៅក្នុង​ការងារ​នេះ យើង​បាន​បង្កើត​ឧបករណ៍​ស្លឹក​សិប្បនិម្មិត​ដើម្បី​បង្កើត​ជាតិ​អាល់កុល​កាបូន​ពី CO2 និង​ទឹក​ដោយ​ប្រើ​ពន្លឺព្រះអាទិត្យ​ជា​ប្រភព​ថាមពល​តែមួយគត់​”​។​

​អ្នកស្រាវជ្រាវ​បាន​បង្កើត “​ស្លឹក​សិប្បនិម្មិត​” របស់​ពួកគេ​ពី​ស្រទាប់​ច្រើន​ផ្នត់ រួម​ទាំង​ទង់ដែង កញ្ចក់ ប្រាក់ និង​ធ្យូងថ្ម​។​

​ស្លឹក​សិប្បនិម្មិត​នេះ​មាន​សារធាតុ​ស្រូប​យក​ពន្លឺ គឺ​ស្រដៀង​ទៅ​នឹង​ម៉ូលេគុល​នៅក្នុង​រុក្ខជាតិ​ដែល​ប្រមូល​ផល​ពន្លឺព្រះអាទិត្យ ដែល​ផ្សំ​ជាមួយ​កាតាលីករ​។​

​កាតាលីករ​នេះ​ត្រូវបាន​ផលិត​ចេញ​ពី​ធាតុ​ពីរ​គឺ​ទង់​ដែង និង​ផាល់​ឡា​ដ្យូ​ម (palladium)​។​

​ក្នុង​វត្តមាន​នៃ​ពន្លឺព្រះអាទិត្យ កាតាលីករ​បំប្លែង​ឧស្ម័ន CO2 ទៅ​អេតាណុល​និង​ប្រូ​ផាណុល ហើយ​ទឹក​ទៅ​ជា​អុកស៊ីសែន​។​

​លោក​បណ្ឌិត​រ៉ា​ហា​ម៉ាន់​បាន​ប្រាប់ MailOnline ថា “​ការផលិត​អាល់កុល​អាច​ចម្រាញ់​ចេញពី​ឧបករណ៍​ផ្ទុក​ប្រតិកម្ម ហើយ​បន្ទាប់មក​អាច​ប្រើ​ក្នុង​ឡាន​បាន​”៕

​ឡាន​អនាគត​គឺ​ប្រើតែ​ពន្លឺព្រះអាទិត្យ​ដើម្បី​ផ្តល់​ថាមពល​ទៅមុខ