ដោយ:បូកគោ/កែបៈ អតិថិជនបានរកឃើញភាពមិនប្រក្រតីនៅផ្សារក្តាមក្រុងកែបព្រោះតែអាជីវករម្នាក់រកស៊ីពុំស្មោះត្រង់ដោយលក់បង្គាឱ្យភ្ញៀវមិនគ្រប់ទម្ងន់ ហើយ អភិបាលក្រុងកែបបានតម្រូវឲ្យអាជីវកររូបនោះធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរបន្លំភ្ញៀវតទៅទៀត។
ប្រាប់ឲ្យដឹងនារសៀលថ្ងៃទៅ២២ ខែឧសភា ឆ្នាំ២០២៣ លោក ខេង យ័ន អភិបាលក្រុងកែបបានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ខែឧសភា លោកបានទទួលសេចក្តីរាយការណ៍ពីសមត្ថកិច្ចប្រចាំការនៅផ្សារក្តាមក្រុងកែបថាមានករណីកើតទុក្ខមិនសុខចិត្តពីអ្នកទិញព្រោះតែអាជីវករម្នាក់លក់បង្គាមិនគ្រប់ទម្ងន់ លុះ ពេលចុះដល់គោលដៅ លោករកឃើញថាស្ត្រីឈ្មោះ នៅ ខ្លឹង អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ភ្ញៀវប្រាកដមែន។ដោយមានការយល់ព្រមពីអ្នកទិញ លោកក៏តម្រូវដល់អាជីវកររូបនោះដាក់ថ្លឹង រួចបន្ថែមទំនិញឱ្យគ្រប់ទម្ងន់ប្រគល់ជូនភ្ញៀវដើម្បីបញ្ចប់បញ្ហា។ លោកអភិបាលក្រុងបានបន្តថា ជាកិច្ចព្រមានលើកទីដំបូង លោកបានតម្រូវឲ្យស្ត្រីរូបនោះធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរមិនសុចរិតបែបនេះតទៅទៀតហើយ ក្នុងករណីរកឃើញថាស្ត្រីឈ្មោះ នៅ ខ្លឹង បន្តលក់ដូរបន្លំភ្ញៀវ ក៏ដូចជាអាជីវករដទៃទៀតរកស៊ីមិនសុចរិតនោះនឹងទទួលរងការផាកពិន័យចំនួន២លានរៀល ព្រមទាំងផ្អាកអាជីវកម្មបណ្តោះអាសន្ន។ លោកក៏បានអំពាវនាវដល់ភ្ញៀវទាំងអស់ប្រសិនបើជួបបញ្ហាមិនប្រក្រតីសូមរាយការណ៍មករដ្ឋបាលក្រុងដើម្បីមានដំណោះស្រាយ ជៀសវាងការឈ្លោះប្រកែកគ្នាដែលនាំឱ្យអាប់ឱនកិត្តិយសនៅចំពោះមុខទេសចរបរទេស។
លោក ខេង យ័ន បានបញ្ជាក់ថា រដ្ឋបាលក្រុងតែងទទួលបានការណែនាំពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងការផ្សព្វផ្សាយដល់អាជីវករឲ្យរកស៊ីប្រកបដោយសុចរិតភាព ជាមួយនោះ លោកអភិបាលខេត្តក៏បានក្រើនរំលឹកឲ្យណែនាំអាជីវករចូលរួមរក្សាសណ្តាប់ធ្នាប់ ពិសេសបញ្ឈប់សកម្មភាពស្ទាក់ឃាត់រថយន្តភ្ញៀវដើម្បីចូលទទួលទានអាហារនៅកន្លែងពួកគាត់ជាដើម៕/PC