ដោយៈបាយ័ន / សៀមរាបៈ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និង បុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ ឡើងទៅលើរួតបាកាណ នៃប្រាសាទអង្គរវត្ត ដើម្បីជួសជុល និងពង្រឹងឡើងវិញ នៅតាមកន្លែងថ្ម ដែលញែកចេញពីគ្នា និងបាត់បង់ថ្ម ឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣ មក។
ប្រភពអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នៅរសៀល ថ្ងៃទី២២ ឧសភានេះថាៈ ដោយសារតែទីតាំង ក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀត មិនអំណោយផល ក្នុងការប្រើឧបករណ៍ទំនើប ដូចជា ឡានស្ទួច សម្រាប់លើកថ្មធំៗបាន និងដើម្បីការពារ កុំឱ្យប៉ះពាល់ ដល់ប្រាសាទ ក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារ បានរៀបចំរន្ទា ធ្វើជាស្ពាន សម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាល នៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារ ត្រូវប្រើកៅឡាក់ ស្ទួចយកថ្ម ទៅជាន់ទី២ នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗ ទៅកាន់ការដ្ឋាន ជួសជុល ដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។
ប្រភពអាជ្ញាធរជាតិអប្សរា បានឱ្យដឹងទៀតថាៈ សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារ មានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯង កាលពីជាតិមុន អាចជាអ្នកសាងសង់ប្រាសាទផង ក៏មិនដឹង។ បើទោះបីជាការអូសទាញថ្ម មានការលំបាកយ៉ាងណា ក្រុមការងារជួសជុល នៅតែមានមោទនភាព ដោយសារតែពួកគេ បានចូលរួមការងារ ដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្ត ពួកគាត់ មានទឹកចិត្តតស៊ូ ជំនះនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នា ជាកម្លាំងតែមួយ ក្នុងការអូសថ្ម ដែលមានទម្ងន់ធ្ងន់ៗ ឱ្យបានដល់គោលដៅ។
លោក ម៉ៅ ឡាន ក្រុមការងារអូសថ្មម្នាក់ បានមានប្រសាសន៍ថាៈ កន្លងមក មិនមានការដ្ឋានការងារណា មានឧបសគ្គច្រើន ត្រូវប្រើកម្លាំងមនុស្ស អូសទាញដុំថ្មធំៗ ច្រើនដំណាក់កាល ដូចនៅប្រាសាទអង្គរវត្តនោះទេ។
លោកបានមានប្រសាសន៍បន្តទៀតថាៈ រូបលោក គឺជាអ្នកដែលមានវ័យចំណាស់ ជាងគេនៅក្នុងក្រុម ដែលមានតួនាទីអូសថ្ម។ បើទោះបីជាយ៉ាងណា ក្នុងនាមជាអ្នក មានបទពិសោធន៍ លើការងារជួសជុលប្រាសាទ ជាច្រើនឆ្នាំមកហើយ លោកតែងតែ ផ្តល់យោបល់ដល់ក្មេងៗ ជំនាន់ក្រោយជានិច្ច។
លោក ម៉ៅ ឡាន បានឱ្យដឹងទៀតថាៈ ការអូសថ្ម ១ដុំៗ យកទៅជួសជុលប្រាសាទបាន គឺត្រូវរៀបរន្ទាដោយប្រើដែក និងឈើធ្វើជាស្ពានជាមុន ដើម្បីការពារកុំឱ្យប៉ះពាល់ ដល់ថ្មប្រាសាទ។
ចំណែកការងារទៀតសោត ក៏ត្រូវមានភាពអត់ធ្មត់ និងធ្វើដោយក្តីស្រលាញ់ ពីព្រោះ ប្រាសាទអង្គរវត្ត គឺជាដួងព្រលឹងរបស់ខ្មែរ តាំងពីបុរាណកាល ដែលមិនអាចកាត់ថ្លៃ បាន។
លោក ស៊ុំ ស៊ីន គឺជាយុវជនម្នាក់ទៀត នៅក្នុងក្រុមការងារអូសថ្ម ដែលមានវ័យក្មេង ជាងគេ បានយល់ឃើញថាៈ កាលពីជាតិមុន រូបលោកប្រហែលជាអ្នកកសាងប្រាសាទ ក៏មិនដឹង ទើបធ្វើឱ្យពេលនេះ មានចិត្តស្រលាញ់ប្រាសាទបុរាណ ហើយបច្ចុប្បន្ន រូបលោក ក៏ពេញរួមចំណែកក្នុងការងារនេះដែរ។ យុវជន ស៊ុំ ស៊ីន យល់ថា ការងារជួសជុលប្រាសាទបុរាណ ដោយប្រើកម្លាំងមនុស្សសុទ្ធនេះ អាចសម្រេចទៅបាន ដោយសារតែកម្លាំងសាមគ្គីគ្នា។
ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់គាត់ ពេញចិត្តនឹងធ្វើការងារអូសទាញថ្មធំៗ ឡើងទៅ ជួសជុលប្រាសាទបុរាណនេះ យ៉ាងខ្លាំង ដោយមិនមានសម្ពាធ និងមិនសូវហត់ នឿយទេ គឺបែរជាសប្បាយទៅវិញ នៅពេលដែលបានធ្វើការងារជួយថែរក្សា និងការពារស្នាដៃរបស់ដូនតា សម្រាប់បន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយ បានឃើញយូរអង្វែង តទៅមុខទៀតនោះ៕ V / N