ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ TikTokកាលពីថ្ងៃចន្ទទី២២ឧសភាបានប្តឹងទៅតុលាការសហព័ន្ធអាម៉េរិកដើម្បីបញ្ឈប់រដ្ឋម៉ុងតាណា (Montana) ពីការអនុវត្តការហាមឃាត់ទាំងស្រុងលើកម្មវិធីចែករំលែកវីដេអូនេះ។
TikTok បានប្រកែកនៅក្នុងបណ្តឹងនេះថា ការហាមប្រាមមិនធ្លាប់មានពីមុនមក ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ គឺរំលោភលើសិទ្ធិសេរីភាពបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
អ្នកនាំពាក្យ TikTok បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងជឿថាបញ្ហាប្រឈមផ្លូវច្បាប់របស់យើងនឹងឈ្នះ ដោយផ្អែកលើសំណុំនៃយុត្តិសាស្ត្រនិងអង្គហេតុដ៏ខ្លាំងក្លា”។
អភិបាលរដ្ឋម៉ុងតាណា លោក ក្រេក ចៀនហ្វតតេ (Greg Gianforte) បានចុះហត្ថលេខាលើការហាមឃាត់មិនធ្លាប់មានពីមុននេះទៅជាច្បាប់នៅថ្ងៃទី ១៧ ខែឧសភា។
លោកចៀនហ្វតតេបាននិយាយនៅលើ Twitter ថាលោកគាំទ្រការហាមឃាត់នេះក្នុងគោលបំណង “ការពារទិន្នន័យផ្ទាល់ខ្លួននិងឯកជនភាពរបស់ពលរដ្ឋម៉ុងតាណាពីបក្សកុម្មុយនីស្តចិន”។
TikTok បានជំទាស់នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនថា “រដ្ឋបានអនុម័តវិធានការវិសាមញ្ញនិងមិនធ្លាប់មានពីមុនមកនេះ ដោយគ្មានផ្អែកលើអ្វីក្រៅតែពីការប៉ាន់ស្មានដោយគ្មានមូលដ្ឋាន”។
អ្នកប្រើប្រាស់ TikTok ប្រាំនាក់កាលពីសប្តាហ៍មុនបានដាក់ពាក្យបណ្តឹងរបស់ពួកគេ ដោយអំពាវនាវឱ្យតុលាការសហព័ន្ធលុបចោលការហាមឃាត់របស់រដ្ឋម៉ុងតាណាលើកម្មវិធីនេះ ដោយលើកហេតុផលថា វារំលោភលើសិទ្ធិនិយាយស្តីដោយសេរីរបស់ពួកគេ។
ពាក្យបណ្តឹងទាំងពីរ ដែលប្តឹងប្រឆាំងនឹងរដ្ឋម៉ុងតាណា បានប្រកែកថា រដ្ឋកំពុងព្យាយាមប្រើអំណាចសន្តិសុខជាតិ ដែលមានតែរដ្ឋាភិបាលសហព័ន្ធប៉ុណ្ណោះដែលអាចប្រើបាន និងកំពុងរំលោភលើសិទ្ធិបញ្ចេញមតិដោយសេរីនៅក្នុងដំណើរការនេះ។
TikTok អំពាវនាវដល់តុលាការសហព័ន្ធឱ្យប្រកាសការហាមប្រាមរបស់រដ្ឋម៉ុងតាណាលើកម្មវិធីរបស់ខ្លួនមិនស្របតាមរដ្ឋធម្មនុញ្ញ និងរារាំងរដ្ឋនេះកុំឱ្យដាក់វាចូលជាធរមាន។
ពាក្យបណ្តឹង ដែលដាក់ដោយអ្នកប្រើប្រាស់ TikTok អះអាងថា “រដ្ឋម៉ុងតាណាមិនអាចហាមឃាត់អ្នកស្រុករបស់ខ្លួនពីការមើលឬបង្ហោះចូល TikTok ជាងការដែលខ្លួនអាចហាមឃាត់កាសែត Wall Street Journal ដោយសារតែអ្នកណាជាម្ចាស់វាឬគំនិតដែលវាបោះពុម្ពផ្សាយនោះទេ”។
TikTok គឺគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance ហើយត្រូវបានចោទប្រកាន់ដោយអ្នកនយោបាយអាម៉េរិកថាបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន និងជាឧបករណ៍ចារកម្មរបស់រដ្ឋាភិបាលក្រុងប៉េកាំង ជាអ្វីដែលក្រុមហ៊ុនបានបដិសេធយ៉ាងខឹងសម្បា។
ម៉ុងតាណាបានក្លាយជារដ្ឋដំបូងគេរបស់សហរដ្ឋអាម៉េរិកដែលហាមប្រាម TikTok ដោយច្បាប់នឹងចូលជាធរមាននៅឆ្នាំក្រោយ ខណៈការជជែកពិភាក្សាកាន់តែកើនឡើងជុំវិញផលប៉ះពាល់និងសុវត្ថិភាពនៃកម្មវិធីវីដេអូដ៏ពេញនិយមនេះ៕
TikTok ប្តឹងតុលាការសហព័ន្ធដើម្បីឱ្យរដ្ឋម៉ុងតាណាលុបចោលបម្រាមលើកម្មវិធីចែករំលែកវីដេអូនេះ