ដោយៈ គង់ហេង / កំពង់ចាម៖ វត្តសែនមនោរម្យ ហៅវត្តចាស់ ស្ថិតក្នុងភូមិកងតាណឹង ទី៨ ឃុំកងតាណឹង ស្រុកកងមាស មានប្រវត្តិជាង ៥០០ ឆ្នាំ ដោយបច្ចុប្បន្ន បានកសាង សមិទ្ធផលថ្មីជាច្រើន មានតម្លៃប្រមាណជិត ពីរលាន ដុល្លារអាម៉េរិក។ នេះបើតាម ការថ្លែងឱ្យដឹងរបស់បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តខាងលើ កាលពីថ្ងៃទី២២ ឧសភាម្សិលមិញ។
លោកបណ្ឌិត ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចទាំងទ្វេ បានថ្លែងថាៈ តាមអ្នកប្រវត្តិសាស្រ្ត កាលនោះ ( ជាង ៥០០ ឆ្នាំមុន) មានការយាយីពីទ័ពប្រទេសជិតខាងយើង គឺកងទ័ព សៀម សម័យបាត់បង់អង្គរ កងទ័ពខ្មែរយើងមក នៅតាមតំបន់ជាច្រើន កងទ័ពយើង(ខ្មែរ) បានធ្វើសកម្មភាពដល់ស្រុកស្រីសន្ធរ និងស្រុកកងមាស ( កងត្រង់ណឹង) គឺតំបន់នេះ។
លោកបណ្ឌិត បានថ្លែងថាៈ មកដល់ថ្ងៃរំដោះ ៧មករា ១៩៧៩ កាលនោះ ជាឈ្មោះ វត្តកងតាណឹង បានរៀបចំឡើងវិញ ហើយមកដល់ឆ្នាំ២០០៣ លោក ម៉ៅ ភិរុណ នៅជាអភិបាលរងខេត្តកំពង់ចាម រៀបចំបន្ត គឺបានកៀរគរសប្បុរសជន បង្កើតបានជាសមិទ្ធផលសំខាន់ៗ ជាបន្តបន្ទាប់ គឺច្រើនស្អេកស្កះ គឺបច្ចុប្បន្ន មានសមិទ្ធផលជាច្រើន នៅខាងក្រោយវត្តនេះ មានជាវិទ្យាល័យពោលគឺ រីកចម្រើនទាំងពុទ្ធចក្រ និងអាណាចក្រ រឹងមាំជាច្រើន។ ប៉ុន្តែរយៈពេល ៥០០ ឆ្នាំ បើគ្មានសង្រ្កាមវិញនោះ ទំនងវត្តនេះ (វត្តចាស់) កសាងសមិទ្ធផលបានច្រើន មិនមែនប៉ុននេះទេ។
លោកបណ្ឌិត បានបន្ថែមថាៈ នេះជាការពិត អ្វីដែលបានកើតឡើង ហើយយើងមិនអាច ក្រឡៃបានទេ តែយើងត្រូវដឹងអ្វីដែលជាប្រវត្តិសាស្រ្តរបស់យើង ដើម្បីជៀសវាងកុំឱ្យវា កើតឡើងវិញ គឺជាការសោកស្តាយ ហើយអ្វីដែលយើងអាចធ្វើបានសម្រាប់បច្ចុប្បន្ន និងអនាគត គឺអតីតកាល វាបានកើតឡើងរួចហើយ ឱ្យវាកើតឡើងទៅចុះ សម្រាប់ បច្ចុប្បន្ន និងអនាគត គឺមានតែយើងរួមគ្នា ថែរក្សាសុខសន្តិភាព ប្រទេសជាតិយើង។
លោកបណ្ឌិត បានបន្តថាៈ ជាក់ស្តែង អ្វីដែលគួរឱ្យកត់សម្គាល់ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដល់ឆ្នាំ១៩៨២ នៅទូទាំងប្រទេសយើង មានវត្តចំនួនជាង ១.០០០ កន្លែង ព្រះសង្ឃប្រមាណ ២.០០០ អង្គ គឺបច្ចុប្បន្ន វត្តបានកើនដល់ប្រមាណជាង ៥.០០០ កន្លែង និងព្រះសង្ឃ ប្រមាណជាង ប្រាំពីរម៉ឺន អង្គ។ ជាពិសេស វត្តសែនមនោរម្យ ហៅ វត្តចាស់នេះ ក្រោមការចូលរួម ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ការជួយឧបត្ថម្ភពីសប្បុរសជន គណៈកម្មការចំណុះជើងវត្ត បានស្ថាបនាបានសមិទ្ធផល ដូចជា ជាអគារ ជាព្រះវិហារ រចនាសម្ព័ន្ធល្អដោយចំណាយទឹកប្រាក់ ប្រមាណជិតពីរលាន ដុល្លារអាម៉េរិក គឺជាមជ្ឈមណ្ឌល នៃការកសាងព្រះធម៌ផ្សព្វផ្សាយ ទូទាំងស្រុក ខេត្តនិងទូទាំងប្រទេស ដែលត្រូវបានបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធនាថ្ងៃទី ២២ ឧសភានេះ៕/V-PC