ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យានអវកាស SpaceX ដែលដឹកអវកាសយានិកអារ៉ាប៊ីសាអូឌីតពីរនាក់ បានចូលចតជាមួយស្ថានីយអវកាសអន្តរជាតិ (ISS) កាលពីថ្ងៃចន្ទទី២២ឧសភា ជាផ្នែកមួយនៃបេសកកម្មឯកជនដែលរៀបចំដោយក្រុមហ៊ុន Axiom Space។
លោកស្រី រ៉េយ៉ាណា បាណាវី (Rayyanah Barnawi) ជាអ្នកវិទ្យាសាស្ត្រដែលបានក្លាយជាស្ត្រីអារ៉ាប៊ីសាអូឌីតដំបូងគេបានទៅទីអវកាស និងលោក អាលី អាល់កានី (Ali Al-Qarni) ជាអ្នកបើកយន្តហោះចម្បាំងអាជីព គឺជាមនុស្សពីរនាក់ដំបូងគេមកពីប្រទេសរបស់ពួកគេ ដែលបានហោះទៅកាន់ស្ថានីយនាគន្លងគោចរនេះ។
លោកស្រីបាណាវីបាននិយាយថា “សូមជំរាបសួរពីក្រៅអាកាស ខ្ញុំនៅទីនេះមិនត្រឹមតែតំណាងឱ្យខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏តំណាងឱ្យក្តីសង្ឃឹម និងក្តីសុបិនរបស់មនុស្សគ្រប់គ្នានៅក្នុងស្រុក និងគ្រប់គ្នានៅក្នុងតំបន់ផងដែរ”។
មេបញ្ជាការបេសកកម្មលោកស្រី ផេកជី វីតសុន (Peggy Whitson) ជាអតីតអវកាសយានិករបស់ណាសា ដែលបានធ្វើដំណើរទៅទីអវកាសបីដងកាលពីអតីតកាល បានបន្ថែមថា “យើងពិតជារំភើបណាស់ដែលបានមកទីនេះ”។
“វាជាការបាញ់បង្ហោះដ៏អស្ចារ្យ ជាការជិះដ៏អស្ចារ្យ យើងមានភាពសប្បាយរីករាយជាច្រើននៅតាមផ្លូវឡើងមក ហើយយើងពិតជារំភើបណាស់ដែលសម្រេចការងារជាច្រើននៅទីនេះ”។
សមាជិកអវកាសយានិកទីបួនគឺអ្នកជំនួញជនជាតិអាម៉េរិក លោក ចន សូហ្វន័រ (John Shoffner)។
ប្រហែលពីរម៉ោងបន្ទាប់ពីការចូលចត យាននេះបានចូលទៅក្នុងស្ថានីយ ISS ជាកន្លែងដែលពួកគេបានចូលរួមជាមួយអវកាសយានិកប្រាំពីរនាក់ទៀត រួមមានជនជាតិរុស្ស៊ីបីនាក់ អាម៉េរិកបីនាក់ និង អារ៉ាប់រួមអេមីរ៉ាតម្នាក់ ដែលនៅលើនោះរួចជាស្រេច។
រ៉ុក្កែត SpaceX បានបាញ់បង្ហោះចេញពីរដ្ឋផ្លរីដាកាលពីថ្ងៃអាទិត្យ ហើយការធ្វើដំណើរទៅកាន់ស្ថានីយ ISS ដែលធ្វើគោចរជុំវិញចម្ងាយ ៤០០ គីឡូម៉ែត្រពីលើផែនដី មានរយៈពេលប្រហែល ១៦ ម៉ោង។
បេសកកម្មឈ្មោះថា Ax-2 នេះគឺជាបេសកកម្មឯកជនពេញលេញទីពីរដើម្បីទស្សនាស្ថានីយអវកាសអន្តរជាតិ បន្ទាប់ពីបេសកកម្មលើកទីមួយក្នុងខែមេសា ឆ្នាំ ២០២២។ សមាជិកនៃបេសកកម្ម Ax-2 នឹងស្នាក់នៅប្រហែល ១០ ថ្ងៃ និង អនុវត្តការពិសោធន៍ចំនួន២០។
សម្រាប់តម្លៃធ្វើដំណើរមិនត្រូវបានបញ្ចេញទេ ប៉ុន្តែបេសកកម្មលើកមុនគឺត្រូវចំណាយ ៥៥ លានដុល្លារក្នុងម្នាក់៕
អវកាសយានិកទាំងបួន គឺ លោកស្រីផេកជី វីតសុន លោកចន សូហ្វន័រ លោក អាលី អាល់កានី និង លោកស្រីបាណាវី ជួបជុំគ្នាលើស្ថានីយអវកាសអន្តរជាតិ