​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ សាក្សី​នៅ​ក្នុង​រដ្ឋធានី​ស៊ូដង់​បាន​រាយការណ៍​ពី​ការប៉ះទង្គិច​គ្នា​និង​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ប៉ុន្មាន​នាទី​បន្ទាប់​ពី​បទ​ឈប់​បាញ់​មនុស្សធម៌​រយៈពេល​មួយ​សប្តាហ៍​បាន​ចូល​ជា​ធរមាន​កាលពី​យប់​ថ្ងៃ​ចន្ទ​ទី​២២​ឧសភា ដោយ​ក្លិន​ផ្សែង​រំសេវ​នៅតែ​ធុំក្លិន​នៅឡើយ​បន្ទាប់ពី​ការបាញ់​កាំភ្លើង​និង​ការផ្ទុះ​គ្រាប់បែក​បាន​អង្រួន​ទីក្រុង​កា​ទុំ​ពេញ​មួយថ្ងៃ​។​

​សាក្សី​បាន​រាយការណ៍​ពី​ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងជើង​ទីក្រុង​កា​ទុំ​និង​ការវាយប្រហារ​តាម​ផ្លូវអាកាស​នៅ​ភាគ​ខាងកើត​រដ្ឋធានី ភ្លាមៗ​បន្ទាប់​ពី​ម៉ោង ៩៖៤៥ យប់​នៅ​ពេល​ដែល​បទ​ឈប់​បាញ់​ហៀ​ប​​នឹង​ចូល​ជា​ធរមាន​។​

​ការប្រកាស​បទ​ឈប់​បាញ់​ពីមុនៗ​ទាំងអស់​ត្រូវ​បាន​បំពាន​ដោយ​មេទ័ព​ដែល​កំពុង​ធ្វើ​សង្គ្រាម​នឹង​គ្នា ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក​និង​អា​រ៉ាប៊ីសាអូឌីត ដែល​សម្របសម្រួល​កិច្ចព្រមព្រៀង​នេះ បាន​និយាយថា កិច្ចព្រមព្រៀង​លើក​នេះ​គឺ​ខុសគ្នា ពីព្រោះ​វា​ត្រូវបាន “​ចុះហត្ថលេខា​ដោយ​គូភាគី​” ហើយ​នឹង​ត្រូវ​គាំទ្រ​ដោយ “​យន្តការ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់​”​។​

​សាក្សី​ម្នាក់​នៅ​ភាគខាងត្បូង​ទីក្រុង​កា​ទុំ​បាន​រាយការណ៍​ពី​ការវាយប្រហារ​តាម​អាកាស អម​ដោយ​ភាព​ស្ងៀមស្ងាត់ ភ្លាមៗ​មុន​ពេល​បទ​ឈប់​បាញ់​ត្រូវ​ចូល​ជា​ធរមាន​។​

​ការវាយប្រហារ​តាម​អា​កាស​និង​ការ​បាញ់កាំភ្លើង​ជា​ធម្មតា​មាន​ភាពស្ងប់ស្ងាត់​ពេញ​មួយ​យប់​ក្នុងអំឡុង​សង្គ្រាម ដែល​មាន​រយៈពេល​ជាង​ប្រាំ​សប្តាហ៍​នេះ​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ប្រជាជន​ក្នុង​រដ្ឋធានី ដែល​បារម្ភ​ពី​ការលុបចោល​បទ​ឈប់​បាញ់​ដើម្បី​ឱ្យ​ពួកគេ​អាច​ទៅ​ជួប​សាច់ញាតិ​ដែល​ជាប់គាំង រួច​ភៀសខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព ឬ​ទទួល​ជំនួយ​មនុស្សធម៌ បាន​និយាយថា មាន​សញ្ញា​តិចតួច​ណាស់​បង្ហាញថា អ្នក​ប្រយុទ្ធ​កំពុង​ត្រៀម​ផ្អាក ដោយ​រាយការណ៍​ពី​ការវាយប្រហារ​តាម​អាកាស​និង​ការ​បាញ់កាំភ្លើង​ប្រឆាំង​យន្តហោះ​សម្រាប់​ថ្ងៃទី ៣៧ ជាប់ៗ​គ្នា​។​

​លោក ម៉ា​ម៉ូដ សាឡា​ស អែល​ឌី​ន (Mahmoud Salah el-Din) ជា​អ្នក​ក្រុង​កា​ទុំ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ប៉ុន្មាន​ម៉ោង​មុន​ពេល​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ថា “​យន្តហោះ​ចម្បាំង​កំពុង​ទម្លាក់​គ្រាប់បែក​នៅ​សង្កាត់​របស់​យើង​”​។​

​សមរភូមិ​បានចាប់ផ្តើម​នៅ​ថ្ងៃទី ១៥ ខែ​មេសា​រវាង​កងទ័ព​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​ជាក់ស្តែង​នៃ​ប្រទេស​ស៊ូដង់​លោក អាប់ឌែល ហ្វាត​តា អាល់បឺហាន (Abdel Fattah al-Burhan) និង​កងកម្លាំង​គាំទ្រ​រហ័ស ដែល​បញ្ជា​ដោយ​អតីត​អនុប្រធាន​របស់​លោកបឺ​ហាន លោក ម៉ូ​ហា​ម៉េដ ហាម​ដាន ដាកឡូ (Mohamed Hamdan Daglo)៕

​ផ្សែងហុយ​នៅ​ទីក្រុង​កា​ទុំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៣​ឧសភា​នេះ ខណៈ​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត