ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ កាលពីសប្តាហ៍មុន រដ្ឋបាលលោកបៃដិនបានបោះជំហានមួយទៀតក្នុងការបង្កើនសង្គ្រាមប្រូកស៊ីរវាងណាតូនិងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនដោយបានប្រកាសពីផែនការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនឱ្យចេះប្រើយន្តហោះចម្បាំង F-16 នៅទីតាំងដែលមិនបានលាតត្រដាងក្នុងទ្វីបអឺរ៉ុប។ រដ្ឋាភិបាលក្រុងមូស្គូបានថ្កោលទោសទង្វើនេះហើយបានព្រមានថា ខ្លួននឹងពិចារណាវិធានការទាំងនេះនៅក្នុងយុទ្ធសាស្ត្រយោធារបស់ខ្លួន។
ព័ត៌មានលម្អិតអំពីលទ្ធភាពនៃការបញ្ជូនយន្តហោះចម្បាំងពហុមុខងារ F-16 ទៅកាន់អ៊ុយក្រែននៅតែមានភាពស្រពិចស្រពិលនៅឡើយដោយរដ្ឋបាលបៃដិនមិនផ្តល់ព័ត៌មានថាតើសហរដ្ឋអាម៉េរិកខ្លួនឯងនឹងផ្គត់ផ្គង់យន្តហោះនេះឬយ៉ាងណាទេ ខណៈសម្ពន្ធមិត្តធំៗជាច្រើនរបស់អង្គការណាតូ រួមមានអ៊ីតាលី និងប៉ូឡូញ បានបង្ហាញរួចហើយថាពួកគេនឹងមិនបញ្ជូនយន្តហោះរបស់ពួកគេនោះឡើយ។
ខណៈប្រព័ន្ធផ្សព្វផ្សាយនានាផ្សាយលទ្ធភាពរដ្ឋាភិបាលក្រុងគៀវទទួលបានយន្តហោះ F-16 ពីអតិថិជនអាម៉េរិកនៅមជ្ឈិមបូព៌ា កន្លែងដែលយន្តហោះចម្បាំងជំនាន់ទី៤ហោះច្រើនជាងនៅទ្វីបអឺរ៉ុបទាំងមូលរួមបញ្ចូលគ្នា វាអាចអាស្រ័យលើដាណឺម៉ាក ន័រវែស បែលហ្ស៊ិក និងហូឡង់ ដែលមានយន្តហោះ F-16 ប៉ាន់ស្មានប្រមាណ ១២៥ គ្រឿង សម្រាប់ “បរិច្ចាគ” ដើម្បីបង្កើតកន្លែងទំនេរសម្រាប់យន្តហោះ F-35 ថ្មីរបស់ពួកគេ។
ហេតុអ្វីបានជាអ៊ុយក្រែនចង់បានយន្តហោះចម្បាំង?
កងទ័ពអាកាសអ៊ុយក្រែននិងអាកាសចរណ៍របស់កងទ័ពអ៊ុយក្រែនបានដាច់ស្តុកយន្តហោះក្នុងរយៈពេលមួយឆ្នាំកន្លះមកហើយ ដោយបាត់បង់យន្តហោះស្លាបជាប់តួ ៦០ គ្រឿងនិងយន្តហោះស្លាបចក្រជាង ៣០ គ្រឿង រួមទាំងយន្តហោះក្នុងស្តុកភាគច្រើនមុនខែកុម្ភៈ ឆ្នាំ ២០២២ រាប់ទាំងយន្តហោះនិងឧទ្ធម្ភាគចក្រឧបត្ថម្ភដោយណាតូផងដែរ។
ដោយស្តុកយន្តហោះនិងឧទ្ធម្ភាគចក្រដែលផលិតដោយសូវៀតរបស់អតីតសមាជិកកិច្ចព្រមព្រៀងវ៉ាសូវីជិតអស់ពីឃ្លាំងរដ្ឋាភិបាលក្រុងគៀវត្រូវការប្រភពថ្មីនៃយន្តហោះដែលមានតម្លៃសមរម្យដើម្បីបន្តប្រតិបត្តិការក្នុងសង្គ្រាមប្រូកស៊ីជាមួយរុស្ស៊ី។
លើសពីនេះទៀត ការប្តេជ្ញាចិត្តរបស់អង់គ្លេសនិងបារាំងក្នុងការបញ្ជូនមីស៊ីល Storm Shadow និងមីស៊ីល SCALP-EG ដែលសុទ្ធសឹងជាមីស៊ីលចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែន វាមានន័យថា រដ្ឋាភិបាលក្រុងគៀវអាចត្រូវការយន្តហោះដើម្បីដឹកពួកវា។ ទោះបីជាមីស៊ីលទាំងនេះត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់នៅលើយន្តហោះចម្បាំង Tornado, Typhoon, Rafale និង Mirage 2000 របស់ចក្រភពអង់គ្លេស និងបារាំងក៏ដោយ ក៏ប៉ុន្តែការកែប្រែពួកវាសម្រាប់ប្រើប្រាស់នៅលើយន្តហោះ F-16អាចចាត់ទុកថាងាយស្រួលជាងក្នុងការបំពាក់ពួកវានៅលើយន្តហោះផលិតដោយសូវៀត។
តើមានអ្វីពិសេសអំពីយន្តហោះ F-16?
ការផ្គត់ផ្គង់ដ៏ច្រើនសន្ធឹកសន្ធាប់នៃយន្តហោះ F-16 ប្រហែលជាចំណុចលក់ដ៏ធំបំផុតរបស់វា។ ណែនាំនៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ និងផលិតដោយក្រុមហ៊ុន General Dynamics និង Lockheed Martin យន្តហោះ F-16 ជាង ៤.៦០០ គ្រឿងត្រូវបានផលិតឡើង ដោយយន្តហោះនេះបាននាំចេញទៅកាន់ប្រទេសជាង២០ជុំវិញពិភពលោកក្នុងរយៈពេលជិត ៥០ ឆ្នាំ។ ចំនួនផលិតកម្មដ៏ធំបែបនេះ មានន័យថា យន្តហោះជជុះច្បាស់ជាមានតម្លៃធូរថ្លៃ បូករួមទាំងគ្រឿងបន្លាស់អាចរកបានយ៉ាងងាយ។ អាស្រ័យលើការកែច្នៃឡើងវិញខ្លះៗ យន្តហោះ F-16 មួយគ្រឿងមានតម្លៃពី ១២ ទៅ ១៦ លានដុល្លារ៕
អ៊ុយក្រែនត្រូវការយន្តហោះ F-16 ដើម្បីដឹកមីស៊ីលចម្ងាយឆ្ងាយ