ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ខ្លៅ
គុណសព្ទ
(សំ. បា. ខល) ដែលល្ងង់ព្រោះឥតចំណេះដោយមិនបានសិក្សារៀនសូត្រ
មនុស្សខ្លៅ ។
ចេះ
កិរិយាសព្ទ
ដឹងជាក់, យល់ជាក់
ចេះអក្សរ ។
គុណសព្ទ
ដែលមានចំណេះ
មនុស្សចេះ, អ្នកចេះ ។
នាមសព្ទ
ដែលមានចំណេះ
មនុស្សចេះ, អ្នកចេះ ។
ជើងល័ព្ធ
(—ល៉ាប់)
នាមសព្ទ
លេខដែលគិតរកចំនួនឃើញជាស្រេចហើយត្រាទុកមួយអន្លើ
ជើងល័ព្ធចំណោទនេះ អ្នកបានគិតឃើញហើយឬនៅ ?
ណាយ
កិរិយាសព្ទ
រសាយចិត្ត, លាកចិត្ត
ណាយចិត្ត, ណាយគំនិត ។
នឿយណាយ គឺនឿយចិត្ត ណាយគំនិត, ថយចំណង់, ធុញទ្រាន់ ។
ត្រៃ
បកតិសំខ្យា
(សំ. ត្រយស៑; បា. តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព. ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ—; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា ២ជាន់ ឬ៤ជាន់); ជាសំពត់សម្រាប់ពួក បព្វជិតជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណេះក៏បាន, ជាចីវរប្បច្ច័យ (ម. ព. ចតុប្បច្ច័យ ផង) ។ ត្រៃតា ឬ ត្រៃតាយុគ (—ដា ឬ —ដាយុក) ន. (សំ.ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព. យុគ ផង) ។ ត្រៃត្រាណ (—ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព. ត្រៃសរណៈ ផង) ។ ត្រៃត្រិង្ស (ម. ព. ត្រ័យត្រិង្ស ) ។ ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រ័យ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយទុកដូចជាទ្វារ សម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍ )
អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។
ត្រៃបិដក ឬ ត្រ័យបិដក (—បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក; បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី…”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្តីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុម គម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។ ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃឬត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព. ប្រណាម ផង) ។ ត្រៃពិធ (ម. ព. ត្រីពិធ) ។ ត្រៃពេទ (ម. ព. ត្រៃវេទ) ។ ត្រៃភព (—ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន៣ផ្នែកគឺ កាមភព មាន១១ឋានគឺ ឋានសួគ៍ ៦ ជាន់, ឋានមនុស្ស១, អបាយភូមិ៤; រូបភពមាន១៦ បានខាងឯឋានរូបព្រហ្ម ១៦ជាន់; អរូបភពមាន៤ បានខាងឯឋានអរូបព្រហ្ម៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព៣ គឺឋានសួគ៍, ឋានមនុស្ស, បាតាល
សព្វសត្វទាំងឡាយតែង អន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព… ។
ត្រៃភូមិ (—ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ៣គឺទីសម្រាប់ពួកសត្វកើតមាន៣ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្តីសំដែងអំពីភូមិ៣ គម្ពីរត្រៃភូមិ ។
ត្រៃភូមិកចិត្ត (-ភូ-មិ-កៈ ចិត) ន. (សំ. ; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅ ក្នុងភូមិ៣គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព១១ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព. ត្រៃភព) ។ ត្រៃភេទ (—ភេត )ពាក្យក្លាយតាមសំនៀងសៀម
ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព. ត្រៃវេទ) ។
ត្រៃមាស (ម. ព. ត្រីមាស) ។ ត្រៃយុគ (—យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ—; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង៣នោះ; ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព. យុគ ។ ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (—រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព. រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។ ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (—ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្តីមិនទៀង, ទុក្ខំ សេចក្តីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត… (ម. ព. លក្ខណ ឬ លក្ខណៈ ផង) ។ ត្រៃលក្ខណញ្ញាណ (—ល័ក-ខៈ ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ៣យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព. ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។ ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព. លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្តីដឹងជាតិកំណើត ដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្តីដឹង ដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើ អាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំង អាសវក្កិលេសនោះ ឲ្យអស់ជ្រះស្រឡះពីសន្ដាន លែងត្រឡប់កើតទៀត ។ ត្រៃវិទ្យ (––វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព. ត្រៃវិជ្ជា) ។ ត្រៃវេទ (–វេទៈ ឬ វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ៣ ការរួបរួមឬប្រជុំ នៃវេទ៣ (ម. ព. វេទ) ។ ត្រៃសរណៈ (–សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់៣ប្រភេទ ឬ ប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង៣នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗ ក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។ ត្រៃសរណគមន៍ (–សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃទាំង៣ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង៣នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត ( ព. ពុ.) ។ ត្រៃសិក្ខា (–សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ សិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា៣ប្រភេទ ឬប្រជុំនៃសិក្ខា៣ប្រភេទ (ម. ព. សិក្ខា និង គុណជាត ឬ គុណជាតិ ទៀតផង) ។